ភ្នំពេញ៖ រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក និងកសិករខ្មែរ ដែលជាអ្នកផលិតស្រូវ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានចាត់ទុកថា កម្ចីឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)កន្លងទៅបានរួមចំណែកយ៉ាងធំនៅក្នុងវិស័យកសិកម្ម តាមរយៈការផ្តល់ឥណទានជាប្រាក់កម្ចីដល់វិស័យស្រូវអង្ករទាំងមូលក្នុងអត្រាការប្រាក់ទាប។
លោកឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា កន្លងមកវិស័យឯកជនមានការលំបាកច្រើនរឿងប្រាក់កម្ចី ជួនកាលកសិករខ្ចីលុយក្នុងអត្រាការប្រាក់ខ្ពស់រហូតដល់១៨ ទៅ២០ភាគរយ ក្នុងមួយឆ្នាំ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ នៅពេលស្រូវមានការចុះថោកខ្លាំង គឺមានវត្តមានធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានជួយអន្តរាគមន៍ភ្លាមៗ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរាជរដ្ឋាភិបាលជួយជ្រោមជ្រែងផ្តល់ទុនបន្ថែមយកទៅទិញស្រូវ។
លោកឧកញ៉ា បានលើកឡើងទៀតថា ធនាគារ ARDB តាមរយៈកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល គឺមានអត្រាការប្រាក់ទាបនេះហើយ ទើបខាងរោងម៉ាស៊ីនទាំងអស់ បានជួយដល់ការប្រមូលទិញស្រូវពីកសិករឱ្យអស់លទ្ធភាព ទោះបីជាស្រូវពុំទាន់មានទីផ្សារក៏ដោយ ប៉ុន្តែបានជួយឲ្យតម្លៃស្រូវមានស្ថេរភាពឡើងវិញ។
សម្រាប់អ្នកស្រី ឈឺន សុភាសី ប្រធានសហគមន៍ស្រូវនាងអំ ខេត្តសៀមរាបបានទទូលស្គាល់ថា សមាជិកសហគមន៍របស់អ្នកស្រី បានប្រើប្រាស់កម្ចីពីធនាគារ ARDB ដើម្បីពង្រីកអាជីវកម្មកសិកម្ម និងការដាំដុះរបស់ខ្លួន ព្រោះធនាគារផ្តល់ជូនអត្រាការប្រាក់សមរម្យ និងមានកម្មវិធីកម្ចីពិសេសសម្រាប់វិស័យកសិកម្ម។
អ្នកស្រីបានអះអាងថា ការផ្តល់កម្ចីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដល់ប្រជាកសិករ ជាពិសេសសមាជិករបស់សហគមន៍កសិកម្មនៅទូទាំងប្រទេសបានរួមចំណែកជួយពង្រីកអាជីវកម្មកសិកម្ម និងការដាំដុះ ឱ្យមានការរីកចម្រើន រហូតទទួលបានប្រាក់ចំណូលសមរម្យពីការធ្វើកសិកម្មរបស់ពួកគាត់។
លើកពីនេះទៀតលោកស្រីបានបន្ថែមថា ចំពោះរយៈពេលសងប្រាក់មានភាពបត់បែន អាចសងទៅតាមលំហូរសាច់ប្រាក់របស់អាជីវកម្ម ដើម្បីជួយបង្កើនផលិតកម្ម បង្កើនប្រាក់ចំណូល និងបង្កើតការងារនៅតាមតំបន់ជនបទ។
អ្នកស្រីបានអំពាវនាវដល់បងប្អូនប្រជាកសិករទាំងអស់ ដែលចង់អភិវឌ្ឍកសិកម្ម ឬអាជីវកម្មខ្នាតតូចរបស់បងប្អូនធនាគារ ARDB គឺជាជម្រើសអាចជួយអ្នកឲ្យរីកចម្រើនបានយ៉ាងមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់។ ការជ្រើសរើសយកធនាគារ ARDB មិនត្រឹមតែជួយខ្លួនអ្នកទេ ប៉ុន្តែជួយអភិវឌ្ឍសហគមន៍ និងកសិកម្មខ្មែរទាំងមូលផងដែរ។
កាលពីឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាទម្លាក់ទុនពិសេសចំនួន៤០លានដុល្លារអាមេរិក តាមរយៈធនាគារ ARDB ដើម្បីជួយដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃ ដោយផ្តល់ទៅដល់រោងម៉ាស៊ីនជាដៃគូយកទៅ ប្រមូលទិញស្រូវពីប្រជាកសិករ។
ក្រៅពីសេវាឥណទានធនាគារ ARDBក៏បានពង្រីកសេវាធនាគារឌីជីថល តាមរយៈកម្មវិធី ARDB Mobile App ប្រព័ន្ធទូទាត់ Bakong និងសេវាផ្ទេរប្រាក់ ដែលជួយសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់អតិថិជននៅតាមបណ្តាខេត្ត និងតំបន់ជនបទឱ្យកាន់តែងាយស្រួល និងទាន់សម័យ៕












