ដោយ រស្មី
ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសចិន បានចុះហត្ថលេខាលើពិធីសារចំនួនពីរ ស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ការនាំចេញផលិតផលសាច់គោ និងផ្លែមៀនសម្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិន។
ព្រមមួយគ្នានេះ ភាគីទាំងពីរក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័កដំណាំ និងបសុសត្វ និងការនាំចេញ-នាំចូលចំណីអាហារ ដែលមានសុវត្ថិភាពផងដែរ។
ពិធីចុះហត្ថលេខានេះ ត្រូវធ្វើឡើងក្នុងជំនួបទ្វេភាគី រវាងឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ស៊ុន ម៉ីជុន (Sun Meijun) រដ្ឋមន្ត្រក្រសួងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦។
នេះជាការចុះហត្ថលេខាលើពិធីសាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន។
ថ្លែងក្នុងពិធីនេះឯកឧត្តម ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការផ្នែកកសិពាណិជ្ជកម្មកម្ពុជា-ចិន ដែលកំពុងផ្តល់លទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។ ភាគីទាំងពីរបាននិងកំពុងសហការគ្នាពន្លឿននីតិវិធីចាំបាច់នានា ជាពិសេសការចុះបញ្ជីជាមួយអគ្គរដ្ឋបាលគយចិន និងការរៀបចំពិធីសារអនាម័យ និងភូតគាមអនាម័យ ដើម្បីបើកផ្លូវឱ្យកសិផលកម្ពុជាអាចចូលទីផ្សារចិនកាន់តែងាយស្រួល។
សូមបញ្ជាក់ផងដែរថា ពិធីសារលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ ឬហៅកាត់ថា SPS គឺជាយន្កការព្រមព្រៀងគ្នាបើកទីផ្សារដ៏សំខាន់មួយសម្រាប់ភាគីទាំងពីរ។ ពិធីសារលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ កំណត់លក្ខខណ្ឌថែទាំ ប្រមូលផល សម្អាត កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូន ដើម្បីធានាថា រាល់កសិផលនាំចេញទាំងអស់ មិនមានផ្ទុកមេរោគ សារធាតុគីមី សត្វល្អិតចង្រៃ ឬជំងឺឆ្លង ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ និងដំណាំឡើយ។
ពិធីសារលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យទេ គឺមិនអាចនាំនាំចេញបានទេ បើទោះបីជាមានអ្នកចាំទិញក៏ដោយ ពីព្រោះប្រទេសនាំចូលតម្រូវឱ្យមានការចុះហត្ថលេខាលើពិធីសារលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ លើកសិផលនីមួយៗជាមុនសិន ទើបគេអនុញ្ញាតឱ្យចូលទៅក្នុងទីផ្សាររបស់គេជាផ្លូវការបាន។
ក្រសួងកសិកម្ម បានឱ្យដឹងដែរថា ការចុះពិធីសារ និងអនុស្សរណៈនៃការយោគយល់ខាងលើនេះ បញ្ជាក់ពីលទ្ធផលផ្លែផ្កា ផ្អែកលើគោលជំហររួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនទំហំកសិពាណិជ្ជកម្មកម្ពុជា-ចិន។ ក្នុងនេះ ភាគីទាំងពីរនឹងជំរុញការនាំចេញកសិផលសក្តានុពលពីកម្ពុជាទៅកាន់ទីផ្សារចិន ព្រមទាំងធានាបាននូវគុណភាព និងស្តង់ដារអនាម័យ សំដៅនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ៕








