ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការីនៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញពិនិត្យមើលកសិដ្ឋាន មួយកន្លែង នៅក្នុងខេត្តកំពត ដែលកំពុងតែចិញ្ចឹមគោសាច់ និងផលិតទឹកស្ពេមពូជគោ សម្រាប់ផ្គត់ផ្គង់ដល់កសិករ ដែលចិញ្ចឹមគោយកសាច់។
កសិដ្ឋាននេះ មានឈ្មោះថា អេស វី (S.V.)មានទីតាំងស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកំពត ហើយក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានដឹកសហការីបន្តពិនិត្យមើលដំណើរការផលិតទឹកស្ពេមពូជគោ ប្រ៉ាម៉ាន់ឈាមសុទ្ធ១០០ភាគរយ ដែលជាពូជនាំចូលពីសហរដ្ឋអាមេរិក ហើយកំពុងតែផលិត និងចែកចាយក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍពូជគោក្នុងស្រុកឲ្យកាន់តែល្អថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានខាងលើឱ្យបង្កើនចែកចាយដល់កសិករអ្នកចិញ្ចឹមសត្វឲ្យបានច្រើន ហើយគួរស្រាវជ្រាវថែមទៀត ចំពោះពូជគោទឹកដោះ និងពូជគោសាច់ ព្រោះកម្ពុជាយើងកំពុងតែមានតម្រូវការច្រើននៅក្នុងស្រុកផងដែរ៕












