ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ កសិដ្ឋានឌីភីខេភ្នំប្រសិត ស្ថិតនៅក្នុងភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ បាននិងកំពុងដាំដំណាំត្រសក់ផ្អែមនៅលើផ្ទៃដីប្រហែលពីរហិកតាកន្លះ ដែលអាចប្រមូលផលបានចន្លោះពី១០ ទៅ១២តោនក្នុងមួយខែ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក។
លោក ហ៊ឺ ផេងឡា ម្ចាស់កសិដ្ឋានឌីភីខេភ្នំប្រសិត បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា លោកបានដាំដំណាំត្រសក់ផ្អែមអស់រយៈពេលប្រហែលប្រាំមួយខែកន្លងមកនេះ អាចប្រមូលផលបានជាងបួនតោន ក្នុងមួយសប្តាហ៍ ហើយក្នុងមួយខែអាចប្រមូលបានចាប់ពី១០ ទៅ១២តោន។
លោកសង្កត់ធ្ងន់ទៀតថា សម្រាប់ពូជត្រសក់ផ្អែមរបស់លោក គឺទិញពីក្រុមហ៊ុនក្នុងស្រុកមួយ ដែលបាននាំចូលពីកោះតៃវ៉ាន់ ។
លោកបានបន្តថា បច្ចុប្បន្នលោកកំពុងតែប្រមូលផលដំណាំត្រសក់ផ្អែមរបស់លោក និងលក់បោះដុំឱ្យទៅឈ្មួញ ដែលរងចាំទិញនៅបណ្តាទីផ្សារ ក្នុងរាជធានីភ្នំពេញ ក្នុងនោះក៏មានផ្សារទំនើបជាច្រើនផងដែរ ដោយទទួលបានតម្លៃសមរម្យ គឺលេខ១ អាចលក់ក្នុងតម្លៃ១០ ០០០រៀល ក្នុងមួយគីឡូក្រាម និងលេខ២ អាចលក់បាន៨ ០០០រៀល ក្នុងមួយគីឡូក្រាម។
លោកបន្ថែមទៀតថា ដំណាំត្រសក់ផ្អែមរបស់លោក គឺមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកទទួលទាន ព្រោះលោកបានដាំនៅក្នុងផ្ទះសំណាញ់ ជាពិសេសបានរួមចំណែកលើកម្ពស់វិស័យកសិកម្មកម្ពុជាឱ្យមានការរីកចម្រើន និងផ្តល់ឱកាសការងារជូនកសិករ ដែលកំពុងរស់នៅក្នុងតំបន់នេះ ឱ្យមានជីវភាពធូរធារផងដែរ។
បើតាមលោក ហ៊ឺ ផេងឡា ការដំាដំណាំត្រសក់ផ្អែមប្រភេទនេះ មិនទាន់មានច្រើននៅឡើយទេ នៅក្នុងប្រទេសកម្ពុជា ព្រោះវាទាមទាឱ្យមានការសិក្សាពីបច្ចេកទេសនៃការដាំដុះឱ្យបានត្រឹមត្រូវ។
ដំណាំត្រសក់ផ្អែម គឺជាប្រភេទដំណាំវល្លិមានផ្លែជាអាហារ ដែលមានវត្តមានក្នុងប្រទេសកម្ពុជា អំឡុងឆ្នាំ២០០៥។ ដំណាំនេះត្រូវការពន្លឺថ្ងៃគ្រប់គ្រាន់ ដីល្បាយខ្សាច់ ឬដីល្បាប់មានជីជាតិ និងប្រើប្រព័ន្ធដំណក់ទឹក ជាពិសេសវាងាយឆ្លងជំងឺ ងាយរងការបំផ្លាញពីសត្វល្អិត និងការប៉ះពាល់ដោយសារទឹកលិចជាដើម។ ដូច្នេះកសិករគួរជ្រើសរើសដាំដុះដំណាំនេះឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានទិន្នផលល្អ។
មួយវិញទៀត ដំណាំប្រភេទនេះ ជាដំណាំផ្ដល់ផលចំណូលខ្ពស់ និងមានរយៈពេលខ្លី គឺអាចរស់បានត្រឹម៦០ ទៅ៨០ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃដាំរហូតដល់ប្រមូលផល៕










