ហ្សាការតា៖ ក្រសួងអភិវឌ្ឍន៍ភូមិ និងតំបន់ក្សត់ខ្យោយ របស់ឥណ្ឌូណេស៊ី បាននិយាយថា ខ្លួនប្តេជ្ញាលើកកម្ពស់អក្ខរកម្មនៅតាមសហគមន៍ជនបទ ដើម្បីឱ្យប្រជាជនអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងកសាងភូមិ ដែលធន់នឹងបញ្ហាអាកាសធាតុ។
កាលពីចុងខែមករា ឆ្នាំ២០២៦ លោក យ៉ានឌ្រី ស៊ូសានតូ (Yandri Susanto) ក្រសួងអភិវឌ្ឍន៍ភូមិ និងតំបន់ក្សត់ខ្យោយ បាននិយាយថា អក្ខរកម្មស្តីពីភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងភូមិនាពេលបច្ចុប្បន្ននេះនៅមានកម្រិតទាបនៅឡើយ។ ហេតុដូច្នេះ ក្រសួងនឹងស្វែងរកវិធីសាស្រ្ត ដើម្បីធានាថា ប្រជាជនតាមបណ្តាភូមិនានាអាចយល់ មានឆន្ទៈ និងក្លាយជាតួអង្គសំខាន់ក្នុងការតាមដាប និងដោះស្រាយការប្រែប្រួលអាកាសធាតុ។
លោកបានធ្វើសេចក្តីថ្លែងការណ៍បែបនេះ បន្ទាប់ពីបានបើកសិក្ខាសាលាផ្លាស់ប្តូរចំណេះដឹងសកល ស្តីពីវិធីសាស្ត្រជំរុញសហគមន៍ឱ្យមានភាពធន់ ដែលរៀបចំដោយក្រសួងអភិវឌ្ឍន៍ភូមិ និងតំបន់ក្សត់ខ្យោយ សហការជាមួយធនាគារពិភពលោក។
លោកបានសម្តែងក្តីសង្ឃឹមថា ការលើកកម្ពស់អក្ខរកម្មនឹងធ្វើឱ្យភូមិក្លាយជាតួអង្គសំខាន់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។
លោកក៏បានរំពឹងថា ការផ្លាស់ប្តូរចំណេះដឹងសកល ស្តីពីវិធីសាស្រ្តជំរុញសហគមន៍ឱ្យមានភាពធន់ នឹងបង្កើតគំនិត ដែលអាចយកទៅប្រើប្រាស់ក្នុងការបង្កើតគោលនយោបាយទាក់ទងនឹងភាពធន់របស់ភូមិ នៅចំពោះមុខការប្រែប្រួលអាកាសធាតុ។
យោងតាមលោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ការប្រែប្រួលអាកាសធាតុឥឡូវនេះ បានទាមទារឱ្យសហគមន៍មានភាពធន់ ជាពិសេសអ្នករស់នៅក្នុងភូមិតែម្តង។
នៅពេលផលប៉ះពាល់ដោយសារអាកាសធាតុកើតឡើង ភូមិ គឺជាអ្នក មានអារម្មណ៍ថា រងផលប៉ះពាល់ខ្លាំងបំផុត។ នៅចុងឆ្នាំ២០២៥ ក្រសួងបានឃើញថា ភូមិរាប់ពាន់ នៅក្នុងខេត្តស៊ូម៉ាត្រាខាងជើង ខេត្តអាចេស និងខេត្តស៊ូម៉ាត្រាខាងលិច បានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ។
លោកក៏បានរំលឹកផងដែរថា ការពង្រឹងភាពធន់របស់ភូមិក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការពីគ្រប់ភាគី។
ដូច្នេះ តាមរយៈសិក្ខាសាលានេះជាមួយធនាគារពិភពលោក ក្រសួងអភិវឌ្ឍន៍ភូមិ និងតំបន់ក្សត់ខ្យោយ ឥណ្ឌូណេស៊ី នឹងធានាថា ការប្រែប្រួលអាកាសធាតុ និងអក្ខរកម្ម គឺជាទទួលខុសត្រូវរួមរបស់មនុស្សគ្រប់រូប៕






















