ខេត្តស្ទឹងត្រែង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងសហការីនៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជើញចុះពិនិត្យមើល ឃ្លាំងស្តុកចន្ទីមួយកន្លែង ឈ្មោះ ហេង ពេជ្រ ដែលស្រូបទិញចន្ទីពីកសិករក្នុងបរិមាណ ជិត១ម៉ឺនតោននៅឆ្នាំ២០២៦នេះ។
ចំពោះការអញ្ជើញចុះពិនិត្យមើលបរិមាណស្តុកចន្ទី របស់ឯកឧត្តមបណ្ឌិត កៅ ថាច ខាងលើនេះ គឺក្នុងនាមជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលផ្តោតលើវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទនៅកម្ពុជា តែងតែគិតគូរដល់តម្លៃកសិផលរបស់កសិករជាប្រចាំ តាមរយ:ការផ្តល់ឥណទានជាទុនបង្វិលនិងជាទុនវិនិយោគជាដើមដែលមានអត្រាការប្រាក់ទាប។
សូមជម្រាបថា ឃ្លាំងស្តុកចន្ទីឈ្មោះ ហេង ពេជ្រ មានឃ្លាំងចំនួន៣ ដែលអាចស្តុកបានរហូតដល់២៣ ៥០០តោន ហើយស្រូបទិញគ្រាប់ស្វាយចន្ទីពីកសិករនៅខេត្តមួយចំនួនរួមមាន ខេត្តសៀមរាប ព្រះវិហារ ក្រចេះ កំពង់ធំ និងខេត្តស្ទឹងត្រែង ដោយទិញក្នុងតម្លៃល្អពីកសិករផងដែរ៕












