ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ អូស្ត្រាលីកំពុងធ្វើការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបណ្តុះបណ្តាលកសិករដាំស្រូវអំពីការប្រើប្រាស់សារធាតុគីមីប្រកបដោយសុវត្ថិភាព និងជម្រើសប្រកបដោយចីរភាព សម្រាប់នាំចេញកសិផលរបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេស ជាពិសេសនាំចេញទៅបណ្តាប្រទេសនៅសហភាពអឺរ៉ុប។
ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនេះបានឈានដល់ខេត្តសំខាន់ៗ ដែលដាំស្រូវនៅកម្ពុជា ដើម្បីជួយកសិករធ្វើឲ្យប្រសើរឡើងនូវវិធីសាស្ត្រកសិកម្ម និងអនុលោមតាមស្តង់ដារនាំចេញថ្មីៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍កសិករដាំដុះស្រូវ រួមចំណែកដល់កំណើនប្រកបដោយភាពធន់ និងចីរភាព។
ដើម្បីអាចនាំចេញអង្ករទៅកាន់ទីផ្សារ ដែលមានតម្លៃខ្ពស់ ដូចជា អូស្ត្រាលី និងអឺរ៉ុប ស្ថានទូតពន្យល់ថា កសិករកម្ពុជាត្រូវបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារយ៉ាងតឹងរឹង ដែលពាក់ព័ន្ធនឹងសំណល់ថ្នាំកសិកម្មលើអង្ករ។ នេះមានន័យថា កសិករត្រូវតែមានចំណេះដឹងអំពីការប្រើប្រាស់ថ្នាំកសិកម្មដោយសុវត្ថិភាព និងត្រឹមត្រូវ ដើម្បីទទួលបានទិន្នផលស្រូវដែលមានគុណភាពខ្ពស់សម្រាប់ការនាំចេញ។
ទាក់ទិននឹងបញ្ហានេះ លោកបណ្ឌិត នី សំអាន អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួងបានសហការជាមួយអូស្ត្រាលីរៀបចំសិក្ខា ដែលផ្តោតសំខាន់ទៅលើលក្ខខណ្ឌតម្រូវភូតគាមអនាម័យ និងសំណល់កសិកម្ម ដែលមាននៅក្នុងស្រូវ ឬក្នុងអង្ករសម្រាប់នាំចេញទៅសហភាពអឺរ៉ុប។
លោកសង្កត់ធ្ងន់ទៀតថា វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ខ្លាំងសម្រាប់ពួកគាត់បានស្វែងយល់ពីការប្រើប្រាស់ថ្នាំកសិកម្មដោយរបៀបណា និងតាមវិធីសាស្ត្របែបណាដើម្បីកុំឱ្យមានសំណល់កសិកម្មនៅក្នុងអង្ករសម្រាប់នាំចេញទៅទីផ្សារសហភាពអឺរ៉ុប។
លោក ឈិត ម៉ាប់ ប្រធានសហគមន៍កសិកម្មទំនើបស្រូវស្រុកបាណន់ បានថ្លែងទទួលស្គាល់ថា កសិករនៅក្នុងសហគមន៍របស់លោកបានប្រើប្រាស់់ជីគីមី ដើម្បីធ្វើឱ្យស្រូវឆាប់ទុំ ដែលធ្វើឱ្យប៉ះពាល់ដល់ការនាំអង្ករចេញទៅក្រៅប្រទេស។ ប៉ុន្តែ បន្ទាប់ពីចូលរួមសិក្ខាសាលា លោកបានយល់ដឹងច្រើនពីការប្រើប្រាស់ថ្នាំជីកសិកម្ម និងប្រើប្រាស់ឱ្យចំគោលដៅ និងប្រកបដោយសុវត្ថិភាព៕












