ឥណ្ឌូណេស៊ីនឹងឈប់នាំចូលអង្ករពីបរទេស នៅឆ្នាំ២០២៦

antarafoto-perum-bulog-sumut-distribusikan-9.260-ton-perbulan-06092023-yudi-6

សាកាតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងឈប់នាំចូលអង្ករសម្រាប់ប្រជាជនបរិភោគ ឬសម្រាប់កែច្នៃជាចំណីអាហារផ្សេងៗ ដោយសារផលិតផលស្រូវក្នុងស្រុកមានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការ។

ការសម្រេចចិត្តបញ្ឈប់នាំចូលអង្ករនេះ ត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នាពេលថ្មីៗកន្លងមកនេះ នៅទីក្រុងហ្សាកាតា ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួងសម្របសម្រួលសន្តិសុខស្បៀង ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារស្ថិតិរបស់ឥណ្ឌូណេស៊ី។

មន្ត្រីក្រសួងសម្របសម្រួលសន្តិសុខស្បៀង បានមានប្រសាសន៍ថា តម្រូវការក្នុងប្រទេសឥណ្ឌូណេស៊ីទាំងអស់ រួមទាំងអង្ករសម្រាប់តម្រូវការតាមគ្រួសារ និងនៅក្នុងឧស្សាហ៍កែច្នៃចំណីអាហារ នឹងប្រើប្រាស់ផលិតផលអង្ករក្នុងស្រុក។

ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏ឈប់ទទួលសំណើរបស់ក្រសួងឧស្សាហកម្ម ក្នុងការនាំចូលអង្ករ ប្រមាណជិត៣៨១ ០០០តោន សម្រាប់ផ្គត់ផ្គង់ឱ្យឧស្សាហកម្មកែច្នៃចំណីអាហារ នៅក្នុងឆ្នាំ២០២៦ ដោយជឿជាក់ថា ការផ្គត់ផ្គង់អង្ករនៅក្នុងប្រទេសនឹងមានគ្រប់គ្រាន់។ ដូច្នេះគោលនយោបាយបញ្ឈប់ការនាំចូលអង្ករនឹងត្រូវអនុវត្តនៅទូទាំងប្រទេស៌ណ្ឌូណេស៊ី រួមទាំងតំបន់ពាណិជ្ជកម្មសេរីផងដែរ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា ក្រសួងពាក់ព័ន្ធនឹងបន្តពិនិត្យឡើងវិញនូវគោលនយោបាយនាំចូលស្បៀងអាហារតាមរយៈកិច្ចប្រជុំពិនិត្យមើលតុល្យភាពទំនិញ នាពេលខាងមុខ។

ប្រទេសឥណ្ឌូណេស៊ី មានជំនឿចិត្តខ្លាំងណាស់លើការធ្វើកសិកម្មដ៏រឹងមាំ នៅឆ្នាំក្នុង២០២៥ នៅពេលឈប់នាំចូលអង្ករ និងពោត ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងសន្តិសុខស្បៀងអាហាររបស់ឥណ្ឌូណេស៊ី។ ​កាលពីពាក់កណ្តាលឆ្នាំ២០២៥ អង្ករបម្រុងរបស់រដ្ឋបានឈានដល់កម្រិតខ្ពស់បំផុត គឺមានបរិមាណប្រហែល៤លានតោន ដែលជួយធ្វើឱ្យទីផ្សារមានស្ថេរភាព និងគាំទ្រដល់តំបន់ ដែលរងគ្រោះដោយគ្រោះមហន្តរាយ។

យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា ទិន្នផលអង្កររបស់ឥណ្ឌូណេស៊ី នៅឆ្នាំ២០២៥ ត្រូវបានគេព្យាករណ៍ថា នឹងឈានដល់ចំនួណ៣៤,៧៧លានតោន គឺកើនឡើងចំនួន១៣,៥៤ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដោយសារអាកាសធាតុអំណោយផល និងមានគោលនយោបាយគាំទ្រកសិកររបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី។ ចំណែកទិន្នផលពោតវិញ ក៏ត្រូវបានគេរំពឹងថានឹងឈានដល់ប្រហែល៤លានតោន នៅចុងឆ្នាំ២០២៥នេះ ដែលអាចធានាបាននូវការផ្គត់ផ្គង់ សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងសម្រាប់ផលិតចំណីសត្វ។

នៅក្នុងសប្តាហ៍នេះដែ រដ្ឋមន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ី បានមានប្រសាសន៍ កាលពីដើមសប្តាហ៍មុនថា គោលនយោបាយហាមឃាត់ការនាំចូលអង្កររបស់ប្រទេសឥណ្ឌូណេស៊ី បានរួមចំណែកដល់ការធ្លាក់ចុះតម្លៃអង្ករនៅលើពិភពលោក។

លោក ហ្សូលគីហ្វលី ហាសាន់ (Zulkifli Hasan) រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារឥណ្ឌូណេស៊ី បានអះអាងដូច្នេះថា «នៅពេលខ្ញុំបម្រើការជារដ្ឋមន្ត្រីពាណិជ្ជកម្ម តម្លៃអង្ករពិភពលោកមានតម្លៃ៦៥០ដុល្លារក្នុងមួយតោន។ បន្ទាប់ពីយើងអនុវត្តការហាមឃាត់ការនាំចូល តម្លៃអង្ករបានធ្លាក់ចុះមកក្រោម៤០០ដុល្លារ ក្នុយមួយតោន។ គោលនយោបាយរបស់យើងបានជះឥទ្ធិពលដល់ពិភពលោក»។

លោកបានមានប្រសាសន៍ទៀតថា ឥណ្ឌូណេស៊ីពីមុន គឺជាប្រទេសនាំចូលអង្ករធំជាងគេបំផុតនៅលើពិភពលោក មុនពេលផ្លាស់ប្តូរគោលនយោបាយដោយជំរុញផលិតកម្មក្នុងស្រុក ក្រោមរដ្ឋបាលរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី​ លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto)។

លោករដ្ឋមន្ត្រី បានកត់សម្គាល់ថា ប្រទេសឥណ្ឌូណេស៊ីបាននាំចូលអង្ករចំនួន៤,៥លានតោន កាលពីឆ្នាំមុន ខណៈពេលនៅឆ្នាំ២០២៥ បាននាំចូលក្នុងបរិមាជចំនួន៤,៧លានតោន។ ឥួឡូវនេះក្រុមហ៊ុននាំចូលរបស់រដ្ឋ កំពុងកាន់កាប់អង្ករប្រហែល៣,៧លានតោន។

លោក ហ្សូលគីហ្វលី ហាសាន់ បានសន្មតថា ប្រាក់ចំណេញទាំងនេះ បានមកដោយសារតែការបន្ធូរបន្ថយផ្លូវផ្លូវច្បាប់ ជាពិសេសនៅក្នុងការផ្គត់ផ្គង់ និងការចែកចាយជីឧបត្ថម្ភធន ដែលអនុញ្ញាតឱ្យកសិករទទួលបានទាន់ពេលវេលាបង្កបង្កើនផល។

លោកបានមានប្រសាសន៍ថា កសិករឥណ្ឌូណេស៊ីឥឡូវនេះ អាចទទួលបានជីមុនរដូវដាំដុះ។ ដូច្នេះ វាបានជះឥទ្ធិពលយ៉ាងល្អទៅលើផលិតកម្មអង្ករនៅក្នុងប្រទេស។

លោកបានបន្ថែមថា ប្រទេសឥណ្ឌូណេស៊ីត្រូវបានគេរំពឹងថា នឹងសម្រេចបាននូវភាពគ្រប់គ្រាន់ដោយខ្លួនឯងនៃតម្រូវការអង្ករ​ នៅដើមឆ្នាំ២០២៦ ដោយស្តុកអង្កររបស់ប្រទេសឥណ្ឌូណេស៊ី នៅក្នុងឆ្នាំ២០២៥ នឹងនៅសល់ចំនួន៣,៥លានតោន។

ចំណែករដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អេនឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បាននិយាយ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះថា អង្ករបម្រុងទុករបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ត្រូវបានព្យាករណ៍ថា នឹងឡើងដល់កម្រិតខ្ពស់បំផុតធ្វើឱ្យមានសុវត្ថិភាពស្បៀងអាហារនៅក្នុងប្រទេស។

លោកបានមានប្រសាសន៍ថា «ឥឡូវនេះ បើគ្មានការនាំចូលថ្មីទេ ស្តុករបស់យើងក៏មានចំនួន៣,៥លានតោនដែរ ដែលជាបិរមាណខ្ពស់បំផុតមិនធ្លាប់មាន។ ដូច្នេះនឹងមិនមានបញ្ហាអ្វីទេរហូតដល់បុណ្យរ៉ាម៉ាដន»។

ព្រមជាមួយគ្នាដែរ លោករដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី បានអំពាវនាវកុំឱ្យឈ្មួញដំឡើងថ្លៃអង្ករ ដោយលោកសង្កត់ធ្ងន់ថា ការផ្គត់ផ្គង់របស់ជាតិ គឺមានបរិមាណគ្រប់គ្រាន់ហើយ៕


image_2026-11-02_15-14-10
ឥណ្ឌាបង្ក្រាបការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងចំណីអាហារ

ញូវដេលី៖ រាប់ចាប់ពីបាយឆា និងម្ហូបសាច់មាន់អាំង រហូតដល់ទឹកជ្រលក់ពណ៌ក្រហម បង្អែម និងស្ករគ្រាប់សំឡី រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងឱសថរដ្ឋឧត្ដរប្រទេស បានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់សារធាតុពណ៌​ ដែលមិនមានការអនុញ្ញាតក្នុងចំណីអាហារ ដោយណែនាំឱ្យអាជីវកម្មត្រូវគោរពតាមស្តង់ដារសុវត្ថិភាពចំណីអាហារ បើមិនដូច្នោះទេ អាចប្រឈមនឹងវិធានការផ្លូវច្បាប់។ គោលការណ៍ណែនាំនេះ ត្រូវបានធ្វើឡើងតាមការគោលការណ៍របស់រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងគ្រប់គ្រងឱសថ របស់ឥណ្ឌា ដោយហាមឃាត់ការប្រើប្រាស់សារធាតុពណ៌ ដែលមិនមែនជាសារធាតុសម្រាប់ចំណីអាហារ ដូចជាសារធាតុថ្នាំពណ៌សម្រាប់ឧស្សហកម្ម និងការកំណត់ការប្រើប្រាស់សារធាតុពណ៌សំយោគឱ្យប្រើតែក្នុងប្រភេទចំណីអាហារ។ គោលការណ៍ណែនាំនេះអនុវត្តចំពោះហាងលក់បង្អែម ភោជនីយដ្ឋាន សណ្ឋាគារ ហាងនំប៉័ង រោងចក្រផលិតចំណីអាហារ អាហារលក់តាមរទេះ​ និងអ្នកលក់អាហារតាមចិញ្ចើមផ្លូវ។ មន្ទីរជំនាញបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងស្ករគ្រាប់សំឡី ទឹកកកឈូសដាក់ស៊ីរ៉ូ ទឹកជ្រលក់ និងអាហារសម្រន់មានពណ៌ភ្លឺខ្លាំង។ ចំណែកប្រតិបត្តិករអាជីវកម្មចំណីអាហារ ក៏ត្រូវប្រើជញ្ជីងថ្លឹងឌីជីថល ដើម្បីវាស់បរិមាណសារធាតុពណ៌ កុំដាក់ដោយប៉ាន់ស្មាន។ ក្នុងករណីមិនអាចវាស់បរិមាណបានត្រឹមត្រូវ មិនត្រូវប្រើសារធាតុពណ៌សិប្បនិម្មិតឡើយ។ រីឯអ្នកលក់អាហារតាមចិញ្ចើមផ្លូវ ត្រូវប្រើគ្រឿងផ្សំបន្លែធម្មជាតិ ដូចជា ប៉េងប៉ោះ ឆៃថាវក្រហម ស្លឹកជីវ៉ាន់ស៊ុយ និងជីអង្កាម ដើម្បីបង្កើតពណ៌ និងរសជាតិសម្រាប់ទឹកជ្រលក់។ មិនត្រូវប្រើថ្នាំពណ៌សារធាតុឧស្សាហកម្ម ដើម្បីធ្វើឱ្យសាច់មាន់បំពង សាច់ចង្កាក់អាំង បាយឆា និងត្រីបំពង មានពណ៌ក្រហមខ្លាំងនោះទេ។ ដូច្នេះ […]

image_2026-11-02_15-02-28
ថ្លៃដើមផលិតធ្វើឱ្យម្ហូបអាហារ និងភេសជ្ជៈ នៅក្នុងប្រទេសជប៉ុនបន្តឡើងថ្លៃ

តូក្យូ៖ តម្លៃផលិតផលជិត១ ៥០០មុខ របស់ក្រុមហ៊ុនផលិតម្ហូបអាហារ និងភេសជ្ជៈធំៗចំនួន ១៩៥ នៅក្នុងប្រទេសជប៉ុន គ្រោងនឹងឡើងថ្លៃនៅក្នុងខែវិច្ឆិកា​ ឆ្នាំ២០២៦ ដែលកើនឡើងប្រហែល១០ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន។ នេះបើតាមក្រុមហ៊ុនស្រាវជ្រាវជប៉ុន។ ចំនួនផលិតផល ដែលនឹងឡើងថ្លៃនេះ បានធ្លាក់ចុះមកនៅក្រោមចំនួន២ ០០០មុខ ក្នុងរយៈពេល៥ខែកន្លងមកនេះ។ ក្នុងចំណោមប្រភេទផលិតផលទាំងនោះ ផលិតផលគ្រឿងទេស និងគ្រឿងផ្សំសម្រាប់ធ្វើម្ហូប ដូចជា ប្រភេទទឹកជ្រលក់ មានចំនួន៦៤៤មុខ ដែលជាចំនួនច្រើនជាងគេ។ បន្ទាប់មក គឺផលិតផលភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុល ចំនួន៤១៧មុខ។ ក្នុងឆ្នាំ២០២៦នេះ ចំនួនផលិតផលម្ហូបអាហារ និងភេសជ្ជៈ ដែលបានឡើងថ្លៃ ឬគ្រោងនឹងឡើងថ្លៃ មានចំនួនសរុប២០ ៣២៧មុខ ដែលជាចំនួនកើនលើសពីបណ្តាឆ្នាំកន្លងមក។ បុគ្គលិកក្រុមហ៊ុនបាននិយាយថា សម្រាប់ឆ្នាំក្រោយ ការឡើងថ្លៃផលិតអាចនឹងសូវលឿនដូចឆ្នាំនេះទេ ដោយសារក្រុមហ៊ុននានាអាចនឹងគិតបញ្ចូលថ្លៃដើម ដែលកើនឡើងទៅក្នុងតម្លៃផលិតផលរបស់ខ្លួន ជាបណ្តើរៗ ព្រមទាំងវាយតម្លៃយ៉ាងប្រុងប្រយ័ត្នចំពោះប្រតិកម្មរបស់អ្នកប្រើប្រាស់។ ការឡើងថ្លៃមុខទំនិញសំខាន់ៗចាំបាច់នៅក្នុងប្រទេសជប៉ុន នឹងបង្កឱ្យអត្រាអតិថរណាកើនឡើងផងដែរ ស្របពេលតម្លៃស្រូវអង្កររបស់ជប៉ុនមានតម្លៃខ្ពស់កប់ពពក ព្រោះថ្លៃដើមផលិតកើនឡើង ចំណែកកសិករមិនសូវចង់ធ្វើកសិកម្ម៕ (ផាន់ អាណា)

image_2026-11-02_12-27-01
វៀតណាមបន្តបង្ក្រាបចរាចរណ៍សត្វខុសច្បាប់ ចូលទីក្រុងហូជីមិញ

ហូជីមិញ៖ អាជ្ញាធរវៀតណាម កាលពីយប់ថ្ងៃទី២៩ ខែតុលា​ ឆ្នាំ២០២៦ បានស្ទាក់ចាប់រថយន្តដឹកជញ្ជូនសត្វ និងផលិតផលសត្វ ចេញពីខេត្តជាប់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងហូជីមិញ ដោយរកឃើញសត្វទា និងមាន់រស់ មានទម្ងន់សរុបប្រហែល១,៣តោន។ សត្វទា និងមាន់ទាំងអស់ ត្រូវរឹបអូសយកទៅត្រួតពិនិត្យ និងធ្វើតេស្តរកជំងឺផ្តាសាយបក្សី។ អាជ្ញាវៀតណាម​ចាប់ផ្តើមរឹតបន្តឹងសកម្មភាពដឹកជញ្ជូនសត្វចេញពីខេត្តដុងណៃណ ដែលមានព្រំប្រទល់ជាប់ខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី បន្ទាប់ពីបានរកឃើញបទល្មើសចិញ្ចឹម និងលក់ចែកចាយ​ជ្រូករស់ និងសាច់ជ្រូកមានផ្ទុកសារធាតុគីមីហាមឃាត់។ នគរបាលវៀតណាម ក្នុងខេត្តដុងណៃ ដដែលនេះ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានបង្ក្រាបបណ្តាញផ្គត់ផ្គង់សាច់ជ្រូកដ៏ធំមួយ ដែលបានលក់ចែកចាយសាច់ជ្រូកងាប់ដោយសារជំងឺឆ្លង ព្រមទាំងរឹបអូសបានសាច់ជ្រូកជិត៤០០តោន ព្រមទាំងចាប់ខ្លួនមនុស្ស៩នាក់។ ក្នុងករណីជួញដូរសត្វ មន្ត្រីនគរបាលវៀតណាម បានឆ្មក់ចូលឆែកឆេរទីតាំង៥កន្លែង ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញខុសខ្បាប់នេះ រួមមានទីតាំងប្រមូលទិញ កុងស៊ីកាប់ជ្រូក រោងចក្រផលិតសាច់ក្រក និងតូបលក់សាច់ជ្រូក ជាច្រើនកន្លែងថែមទៀត។ ចាប់តាំងពីឆ្នាំ២០២៤ រហូតមក ក្រុមឈ្មួញវៀតណាម បានប្រមូលទិញជ្រូកឈឺ និងជ្រូកងាប់ពីឈ្មួញកណ្តាល និងពីទីតាំងប្រមូលទិញជ្រូកនានា ហើយបានលក់សាច់ដោយផ្ទាល់ទៅឱ្យអ្នកបរិភោគ ឬផ្គត់ផ្គង់ទៅឱ្យអាជីវកម្មផលិតសាច់ក្រកជ្រូកនៅក្នុងប្រទេសវៀតណាម។ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នគរបាលទីក្រុងហូជីមិញ បានរកឃើញជ្រូករស់ជាង៤ […]

senior-farmer-inspecting-freshly-harvested-potatoe-2026-10-23-16-02-58-utc
ឧស្សាហកម្មដំឡូងបារាំងអាម៉េរិក ស្នើឱ្យប្រធានាធិបតីជួយអន្តរាគមន៍ ដើម្បីបើកទីផ្សារជប៉ុន

វ៉ាស៊ីនតោន៖ ឧស្សាហកម្មដំឡូងបារាំងរបស់សហរដ្ឋអាម៉េរិក កំពុងស្នើសុំឱ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ ជួយអន្តរាគមន៍ ដើម្បីធានាបាននូវសិទ្ធិនាំចូលទៅកាន់ទីផ្សារដំឡូងបារាំងស្រស់របស់ប្រទេសជប៉ុន បន្ទាប់ពីការចរចាបានអូសបន្លាយអស់រយៈពេលជាង៣០ឆ្នាំ។ លោក ខេម ឃ្វ័លស៍ (Kam Quarles) នាយកប្រតិបត្តិក្រុមប្រឹក្សាដំឡូងបារាំងជាតិអាម៉េរិក បានមានប្រសាសន៍ថា កិច្ចពិភាក្សារវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន អាចជួយដោះស្រាយការរឹតបន្តឹងពាណិជ្ជកម្មរបស់ជប៉ុន។ លោកបានបញ្ជាក់ថា ការបើកទីផ្សារជប៉ុនអាចបង្កើនតម្លៃនាំចេញផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិក កើនដល់ទឹកប្រាក់ចំនួន ១៥០ លានដុល្លារ ក្នុងមួយឆ្នាំ។ ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ មន្ត្រីជប៉ុនបានបង្ហាញលក្ខខណ្ឌតម្រូវផ្នែកអនាម័យ និងភូតគាមអនាម័យ ដែលអាម៉េរិកចាត់ទុកថា មិនមែនការពិត។ តាមលក្ខខណ្ឌ ដែលបានស្នើឡើង ប្រសិនបើមានបញ្ហាណាមួយពាក់ព័ន្ធនឹងអនាម័យ និងភូតគាមអនាម័យ កើតឡើងនៅក្នុងរដ្ឋ ឬតំបន់ដាំដុះណាមួយរបស់សហរដ្ឋអាម៉េរិក នោះតំបន់ទាំងមូលអាចនឹងត្រូវដកសិទ្ធិនាំចេញដំឡូងបារាំងទៅកាន់ប្រទេសជប៉ុន ដោយមិនគិតថា ការដឹកជញ្ជូនដំឡូងបារាំងនីមួយៗបានបំពេញតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ ឬអត់នោះទេ។ លោកបានលើកឡើងទៀតថា ប្រទេសជប៉ុនខ្លួនឯងក៏មិនអាចបំពេញតាមលក្ខខណ្ឌដូចគ្នានេះបានដែរ ហើយលោកបានសន្និដ្ឋានថា ការព្រួយបារម្ភអំពីការកើនឡើងនៃការប្រកួតប្រជែង អាចជាកត្តាសំខាន់ឆ្លុះបញ្ចាំងពីគោលជំហររបស់ជប៉ុន។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក និងការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក កំពុងបន្តកិច្ចខិតខំប្រឹងប្រែងចរចា ដើម្បីទទួលបានសិទ្ធិនាំចូលដំឡូងបារាំងស្រស់ទៅកាន់ទីផ្សារជប៉ុន។ កាលពីដើមឆ្នាំ២០២៦នេះ សមាជិកសភាអាម៉េរិក បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោកប្រធានាធិបតី […]

កាលវិភាគផ្សព្វផ្សាយ