អ្នកលក់ប៉ិកួៈនៅភ្នំប្រសិទ្ធ អាចរកចំណូលបានចាប់ពី២​ ០០០ ទៅដល់ជិត៦ ០០០ដុល្លារក្នុងមួយឆ្នាំ

2025-12-30 20.07.37

ដោយ ជិន ម៉ាដេប៉ូ

កណ្តាល៖​ បើគេធ្វើដំណើរតាមផ្លូវកាត់ពីភ្នំប្រសិទ្ធ ឆ្ពោះទៅកាន់ផ្សារបាត់ដឹង ដល់ត្រង់ចំណុចភូមិ​ត្រពាំងទៃ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នោះយើងនឹងបានឃើញអ្នកលក់ប៉ិកកួៈមិនតិចជាង១០កន្លែងទេ ដោយខ្លះដាក់តុ ខ្លះជាគ្រែ ដង្ហែគ្នាលក់។ ពួកគាត់តែងចាប់ផ្តើមដាក់លក់ពីពាក់កណ្តាលខែកញ្ញា រហូតដល់ខែមេសា ដែលជាពិធីបុណ្យចូលឆ្នាំ ខ្មែរទើបអស់ទៅវិញ ដែលមានន័យថា ផុតរដូវកាលលក់ប៉ិកួៈហើយ។

ប៉ិកួៈដែលទើបដកថ្មីៗពីចំការអ្មកស្រុក មានសភាពសខ្ចី និងជាប់ទងមានស្លឹកយ៉ាងខៀវស្រស់នោះបានទាក់ទាញអ្នកធ្វើដំណើរតាមដងផ្លូវនេះ តែងឈប់ចុះទិញ ឬខ្លះទៀតអត់ទ្រាំងាកមើលពុំបានសោះឡើយ។

កំពុងម្នីម្នាកាត់មើម ប៉ិកួៈចេញពីទងដើម្បីដាក់លក់ឱ្យអតិថិជន ​អ្នកស្រី ហៀង ចន្នី ដែលកំពុងលក់ប៉ិកួៈលើដងផ្លូវនេះបានប្រាប់ឱ្យដឹងថា៖ មើមប៉ិកួៈនេះចាប់ផ្តើមមានលក់ពីខែកញ្ញា រហូតដល់ខែមេសា ជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវកាលនេះអ្នកស្រីមិនដែលខកខានលក់ទេ ពោលគឺអ្នកស្រីបានដាំ និងលក់ប៉ិកួៈនេះតាំងតែពីកុមារមកម្ល៉េះ ជាមួយឪពុកម្តាយ។

ស្រ្តីវ័យជាង៤០ឆ្នាំរូបនេះបានឱ្យដឹងដែរថាសម្រាប់ ប៉ិកួៈនេះគេអាចដកលក់បានតាំងតែមើមវានៅតូចៗហើយបើទុករហូតធំនោះទាល់តែចាប់ពីខែមករាទៅ។ ហេតុនេះការដកលក់មើមតូចៗពុំសូវបានថវិការច្រើនដូចទុកឱ្យមើមធំទេពីព្រោះថាវាបានគីឡូតិចជាងទុកឱ្យមើមវាធំ។

ស្រ្តីអ្នកលក់ប៉ិកួៈរូបនេះបានប្រាប់ឱ្យដឹងដែរថា សម្រាប់ការដាំប៉ិកួៈចាប់ពីបីខែកន្លះ ទៅបួនខែ ជាទូទៅវាអាចហុចផល ដោយគេអាចដកវាមកលក់បានហើយ។

យុវតី អ៊ែល រ៉ូហ្សា ដែលកំពុងលក់ប៉ិកួៈនេះមួយរូបដែរ បានប្រាប់ថា ប៉ិកួៈនេះតម្លៃមួយគីឡូក្រាម តម្លៃចាប់ពី៤ ០០០ ទៅ៥ ០០០រៀល។ ក្នុងមួយថ្ងៃអាចលក់ឱ្យឪពុកម្តាយចាប់ពី៣០ទៅ១០០គីឡូក្រាម។ សម្រាប់ប៉ិកួៈទាំងនេះ គឺឪពុកម្តាយបានដាំខ្លួនឯង ហើយតែងដកលក់តាមដងផ្លូវនេះរៀងរាល់ឆ្នាំ។

យុវតីរូបនេះបានបញ្ជាក់ប្រាប់ថា ប៉ិកួៈ ដែលដកមកថ្មីៗ គេតែងប្រើម៉ាស៊ីលាងម៉ូតូមកបាញ់ឱ្យអស់ដី ហើយមើលទៅសខ្ចី ពិសេស បើជាមើមតូចៗផង អតិថិជនចូលចិត្តទិញណាស់។

ចំណែកនាង ឆាំ ចន្ធូ អ្នកលក់ប៉ិកួៈដូចគ្នានេះដែរបានបញ្ជាក់ប្រាប់ថា ការដាំប៉ិកួៈមិនងាយស្រួលដែរទេ គឺត្រូវការថែទាំច្រើន ពិសេសបោចស្មៅ ទើបហុចផលបានល្អ។ សម្រាប់ក្នុងមួយឆ្នាំ ប៉ិកួៈអាចហុចផលចាប់ពីមួយទៅបីតោនទៅតាមឆ្នាំ ដែលដាំតិច ឬច្រើន នៃគ្រួសារនីមួយៗប៉ុណ្ណោះ។

ស្រ្តីដែលតែងលក់ប៉ិកួៈមិនតិចជាង១០ ឆ្នាំរូបនេះបានប្រាប់ថា សម្រាប់ការលក់ប៉ិកួៈអាចទទួលបានប្រាក់កម្រៃចាប់ពី២ ០០០ទៅជាង៣ ០០០ដុល្លារក្នុងមួយឆ្នាំ ដែលថវិការនេះបានជួយជីវភាពឱ្យបានល្អប្រសើរសម្រាប់គ្រួសារផងដែរ។

កញ្ញា មាន ស្រីនាង ដែលកំពុងឈរលក់ប៉ិកួៈ ដូចគ្នានេះបានប្រាប់ថា បើគិតពីការលក់ប៉ិកួៈនេះមានរយៈពេល១៧ឆ្នាំមកហើយ។ប៉ិកួៈទាំងនេះបានហុចផលក្នុងមួយឆ្នាំចាប់ពី១០តោន រហូតដល់ជិត២០តោន ហើយបើគិតថវិកាវិញក្នុងមួយឆ្នាំ រកបានមិនតិចជាង៥ ០០០ ទៅ៦ ០០០ដុល្លារទេ។

ជាកូនអ្នកស្រុកភ្នំប្រសិទ្ធ កញ្ញា មាន ស្រីនាង បានប្រាប់ឱ្យដឹងដែរថា ការលក់ប៉ិកួៈ គឺជាមុខរបរមួយសំខាន់ផងដែររបស់អ្នកស្រុកនេះ ហើយការរកចំណូលពីដំណាំប៉ិកួៈ ក៏ជាផ្នែកមួយយ៉ាងសំខាន់របស់ពួកគាត់ក្រៅអំពីមុខរបរផ្សេងៗទៀត។ សម្រាប់ចំណូលពីការដាំ និងលក់ប៉ិកួៈនេះខុសៗគ្នាអាស្រ័យទៅអ្នកដាំតិច ឬច្រើនប៉ុណ្ណោះ។

គួរបញ្ជាក់ថា​ បើតាម​ក្នុង​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត ខ្មែរ​យើង​ហៅ «​ប៉ិកួៈ​» នេះ​ថា «​ដំឡូង​រលួស​»​។ ​

«​ប៉ិកួៈ​» ជា​ដំឡូង​មួយ​ប្រភេទ​ ដែល​ពលរដ្ឋខ្មែរបានដាំ និងលក់តាំងតែពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន។ វា​ជាដើម​វល្លិ ស្លឹក​ស្រដៀង​នឹង​ស្លឹក​រលួស​, ក្នុង​មួយ​ដើម​មាន​មើម​តែមួយ រាងច្រឡោ សា​ច់ស មាន​ទឹកដម​រលម សំបក​ស្វិត​  គេ​អាច​បរិភោគ​ឆៅ​បាន ហើយ​មាន​រសជាតិ​ផ្អែម​ស្រាល​ត្រជាក់​។

កសិករ​ខ្មែរ​ច្រើន​ដាំ​ដំណាំ​ដំឡូង​រលួស ឬ​ «​ប៉ិកួៈ​» នេះ នៅលើ​ដីល្បាយខ្សាច់ ដែល​មិនមាន​ដក់​ទឹក ព្រោះ​វា​អាច​ទទួលផល​បាន​ច្រើនជាង​ប្រភេទ​ដី​ផ្សេងៗ​។ នៅ​កម្ពុ​ជាមាន​ដាំដំឡូង​នេះ ជា​ប្រភេទ​ពូជ​ធ្ងន់ មើម​របស់​វា​ធំៗ​, គេ​ច្រើន​យកទៅ​ធ្វើ​ម្ហូប និង​ពូជ​ស្រាល មើម​របស់​វា​តូច​ល្មម​, គេ​ច្រើន​យកទៅ​បរិភោគ​ជាមួយនឹង​ប្រភេទ​ម្ជូរ​ផ្សេងទៀត​៕


photo_2026-10-06_11-30-06 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម​ ព្រមទាំងសហការីនៃធនាគារ ARDB នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃ នៅវត្តបទុមវតី ដើម្បីចាត់ចែងសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកជំទាវ សួរ សុខគីម ​ព្រមទាំង​សហការី ព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមគ្រួសារ ព្រមទាំងសហការីនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃនៅវត្តបទុមវតី ដើម្បីព្រះអង្គចាត់ចែងសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបានអញ្ជើញអុជទៀនធូបបូជាថ្វាយព្រះពុទ្ធបដិមា ក្រាបថ្វាយបង្គំប្រគេនទេយ្យវត្ថុ និងបច្ច័យផ្សេងៗ ប្រគេនចំពោះសម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ និង សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ប្រធានលេខាធិការដ្ឋានគណៈនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះបុព្វការីជន ញាតិកាទាំងគ្រប់សណ្តាន។ បន្ទាប់មកជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ក៏បានសម្តែងទឹកចិត្តសទ្ទាជ្រះថ្លាចូលរួមផងដែរ […]

image_2026-10-01_11-46-18
វៀតណាម ជំរុញកំណើនសេដ្ឋកិច្ចតាមច្រកព្រំដែនជាមួយកម្ពុជា​ ក្នុងខេត្តស្វាយរៀង

ហាណូយ៖ វៀតណាមកំពុងជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅច្រកទ្វារព្រំដែនមុកបៃ (Mộc Bài) ក្នុងខេត្តតៃនិញ (Tây Ninh) និងច្រកបាវិត ក្នុងខេត្តស្វាយរៀងរបស់កម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្មឆ្លងដែន និងបង្កើតលំហថ្មីសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាម។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានជំរុញឱ្យពន្លឿនការរៀបចំយន្តការ និងគោលនយោបាយ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសច្រកទ្វារព្រំដែនមុកបៃ ព្រោះច្រកទ្វារអន្តរជាតិមួយនេះមានសក្តានុពលខ្ពស់សម្រាប់ពង្រីកពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានគោលនយោបាយសមស្រប រួមទាំងវិធានការពិសេសលើពន្ធគយ និងការដឹកជញ្ជូន ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងប្រតិបត្តិការអាជីវកម្ម។ លោកក៏បានសង្កត់ធ្ងន់លើតម្រូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន លំនៅឋាន និងសេវាកម្ម ដើម្បីទាក់ទាញការវិនិយោគ និងគាំទ្រការអភិវឌ្ឍនៅតំបន់ជុំវិញច្រកទ្វារព្រំដែន។ ចំណែករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានមានប្រសាសន៍ថា ក្រសួងកំពុងកិច្ចខិតខំប្រឹងប្រែងរកដោះស្រាយឧបសគ្គតាមយន្តការមានស្រាប់ ប្រសើរជាងបង្កើតយន្តការគោលនយោបាយថ្មីៗច្រើនជាន់លើគ្នា។ វិធានការពិសេសគួរត្រូវបានពិចារណាតែចំពោះករណីច្បាប់ ដែលមានស្រាប់មិនអាចផ្តល់ប្រសិទ្ធភាពគ្រប់គ្រាន់ ហើយសំណើលើកជាគោលនយោបាយត្រូវបញ្ជាក់ឱ្យច្បាស់អំពីបញ្ហា វិសាលភាព ធនធាន និងផលប៉ះពាល់។ សម្រាប់តំបន់មុកបៃ ក្រសួងហិរញ្ញវត្ថុវៀតណាម បានរកឃើញឧបសគ្គសំខាន់ចំនួន៣ រួមមាន បញ្ហាខ្វះហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅមិនទាន់ពេញលេញ ព្រមទាំងខ្វះគម្រោងវិនិយោគធំៗ ដើម្បីជួយជំរុញខ្សែសង្វាក់តម្លៃផលិតកម្មក្នងតំបន់។ ចំណែកផ្នែកគយ ភស្តុភារ និងការតភ្ជាប់ជាមួយច្រកទ្វារព្រំដែនបាវិតរបស់កម្ពុជា ក៏មិនទាន់ល្អពេញលេញនៅឡើយដែរ។ […]

image_2026-10-01_12-10-39
វៀតណាមចេញច្បាប់ថ្មី ឱ្យអ្នកនាំចេញ ឬនាំចូលស្រូវអង្ករ ត្រូវមានឃ្លាំង និងរោងម៉ាស៊ីនកិនស្រូវផ្ទាល់ខ្លួន

ហាណូយ៖ វៀតណាមបានដាក់ចេញបទប្បញ្ញត្តិថ្មី​​ រឹតបន្តឹងការនាំចេញ និងនាំចូលស្រូវអង្ករ ដោយកំណត់លក្ខខណ្ឌកាន់តែច្បាស់សម្រាប់ពាណិជ្ជករ ដែលមានបំណងធ្វើអាជីវកម្មនាំចេញ​ ឬនាំចូលស្រូវអង្ករ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម កាលពីដើមសប្តាហ៍នេះ បានចុះហត្ថលេខាលើអនុក្រឹត្យមួយ ស្តីពីការធ្វើអាជីវកម្មនាំចេញ និងនាំចូលស្រូវអង្ករ ដែលចូលជាធរមាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។ តាមអនុក្រឹត្យនេះ បានដាក់កម្រិតដល់ពាណិជ្ជករវៀតណាមមកពីគ្រប់វិស័យសេដ្ឋកិច្ច ដែលធ្លាប់បានបំពេញតាមលក្ខខណ្ឌកំណត់ ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្មនាំចេញអង្ករ មានសិទ្ធិពេញលេញក្នុងការធ្វើអាជីវកម្មដោយស្របច្បាប់។ ចំពោះសហគ្រាសណាមួយ ដែលមានទុនវិនិយោគរបស់បរទេស ក៏អាចធ្វើអាជីវកម្មនាំចេញអង្ករបានផងដែរ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រស្របតាមបទដ្ឋាន និងច្បាប់របស់ប្រទេសវៀតណាម។ អនុក្រឹតដដែលនេះក៏បានបញ្ជាក់ថា អ្នកនាំចេញអង្ករសរីរាង្គ អង្ករចំហុយ និងអង្ករមានបន្ថែមសារធាតុចិញ្ចឹម ត្រូវជាប់កាតព្វកិច្ចស្នើសុំវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្មនាំចេញអង្ករ ដោយត្រូវរក្សាស្តុកអង្ករឱ្យបានគ្រប់គ្រាន់ និងរាយការណ៍ពីបរិមាណអង្ករក្នុងស្តុកជូនអាជ្ញាធរវៀតណាម។ យោងតាមអនុក្រឹតនេះ អ្នកនាំចេញ​ ឬនាំចូលស្រូវអង្ករប្រភេទផ្សេងទៀត ត្រូវមានឃ្លាំងឯកទេសយ៉ាងតិចមួយ សម្រាប់រក្សាទុកស្រូវ និងអង្ករ ព្រមទាំងមានរោងម៉ាស៊ីនកិនស្រូវយ៉ាងតិចមួយ ដែលបំពេញតាមតម្រូវការសុវត្ថិភាពចំណីអាហារ និងស្តង់ដារអង្ករអន្តរជាតិ។ ចំណែកឃ្លាំងស្តុក និងរោងម៉ាស៊ីនកិនស្រូវ អាចជាកម្មសិទ្ធិរបស់ពាណិជ្ជករផ្ទាល់ ឬអាចជាឃ្លាំងជួលតាមកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងមានសុពលភាពដូចវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្ម។ អនុក្រឹតថ្មីនេះក៏បានដាក់ចេញនូវលក្ខខណ្ឌសម្រាប់អ្នកនាំចូលស្រូវអង្ករផងដែរ ដែលក្នុងរយៈពេល៤៥ថ្ងៃ ចាប់ពីថ្ងៃអនុក្រឹត្យចូលជាធរមាន ត្រូវចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម អំពីផែនការនាំចូលស្រូវអង្ករពីបរទេស៕ (ផាន់ អាណា)

image_2026-10-01_12-19-55
ទឹកត្រចៀកកាំថៃ បន្លែវៀតណាម ប្រើថ្នាំគីមី​ច្រើនពេក ត្រូវតៃវ៉ាន់ដេញឱ្យដឹកមកវិញ

តៃប៉ិ៖ កោះតៃវ៉ាន់បានបញ្ជា​ឱ្យដឹកត្រឡប់ទៅវិញ នូវផលិតផលចំណីអាហារនាំចូលពីប្រទេសថៃ និងប្រទេសវៀតណាម បន្ទាប់ពីត្រួតពិនិត្យរកឃើញថា ផលិតផលរបស់ប្រទេសទាំងពីរនេះ មានផ្ទុកសំណល់ថ្នាំសម្លាប់សត្វល្អិត លោហៈធ្ងន់ ឬមានសារធាតុផ្អែមលើសកម្រិត។​ នេះបើយោងតាមរដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថរបស់កោះតៃវ៉ាន់។ ក្នុងចំណោមផលិតផល ដែលត្រូវអាជ្ញាធរតៃវ៉ាន់ ដេញឱ្យដឹកត្រឡប់ទៅវិញនេះ រួមមាន ទឹកត្រចៀកកាំរបស់ថៃ និងបន្លែបន្លុករបស់វៀតណាម។ សមត្ថកិច្ចតៃវ៉ាន់ បានបញ្ជាក់ថា ទឹកត្រចៀកកាំ និងបន្លៃភ្លៅកង្កែប ត្រូវបង្ខំឱ្យដឹកជញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ឬត្រូវតែកម្ទេចចោល។ ចំពោះផលិតផលនាំចូលលើកក្រោយទៀតរបស់អ្នកនាំចូល ដែលធ្លាប់មានឈ្មោះអាក្រក់ដូចខាងលើនេះ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងតែងនៅតាមច្រកព្រំដែន។ យោងតាមទិន្នន័យរបស់រដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថ កោះតៃវ៉ាន់ បានបង្ហាញថា ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ២០២៦នេះ ការនាំចូកទឹកត្រចៀកកាំពីប្រទេសថៃមានចំនួន​មួយជើង ហើយត្រូវបានសមត្ថកិច្ចតៃវ៉ាន់រកឃើញថា មានសារធាតុមេស្ករសាការីន (Saccharin) ចំនួន០,០៦ក្រាម ក្នុងទឹកត្រចៀកកាំមួយគីឡូក្រាម ដែលជាបិរមាណហាមឃាត់មិនឱ្យប្រើនៅកោះតៃវ៉ានឡើយ។ ដោយឡែក សមាគម​អ្នកប្រើប្រាស់កោះតៃវ៉ាន់ បានរាយការណ៍ថា ក្នុងចំណោមការធ្វើតេស្តលើ​សំណាកស្លឹកជីនាងវង១០សំណាក ត្រូវបានមន្ទីរពិសោធន៍តៃវ៉ាន់រកឃើញថា មាន៨សំណាកផ្ទុកសំណល់សារធាតុគីមីថ្នាំសម្លាប់សត្វល្អិតលើសកម្រិត។ ចំណែកគ្រឿងទេសនាំចូលពីវៀតណាម ក្នុងចំណោមសំណាកស្លឹកខ្ទឹម១០សំណាក មានពីរសំណាក ត្រូវបានរកឃើញមានផ្ទុកសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ