News
photo_2025-01-02_13-45-00
អតីតនិស្សិតវិទ្យាសាស្ត្រព្រៃឈើ ចាប់យកការចិញ្ចឹមឃ្មុំធ្វើជាមុខរបរសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ
លោក ហេង ប៊ុនណាល់ អតីតជានស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើម្នាក់មានស្រុកកំណើតនៅស្រុកបារាយ៍ ខេត្តកំពង់ធំ បានចាប់យកការចិញ្ចឹមឃ្មុំធ្វើជាមុខរបរដើម្បីបានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក្រោយពីបានរៀនសូត្រ ក៏ដូចជាបានអនុវត្តផ្ទាល់ជាមួយនិស្សិតរៀមច្បងលើមុខជំនាញដូចគ្នាក្នុងឆ្នាំ២០១៨។ លោក ហេង ប៊ុនណាល់ បានឱ្យដឹងថា ក្រោយពីបានឆ្លងកាត់ លើការអនុវត្តផ្ទាល់ពីនិស្សិតរៀមច្បងអស់រយៈពេល៦ខែ លោកបានសម្រេចចិត្តចិញ្ចឹមឃ្មុំសាកល្បងដំបូងចំនួន២ធុង ហើយនៅក្នុងរយៈពេល៦ខែក្រោយមកបានបង្កើនការចិញ្ចឹមឃ្មុំបន្ថែមចំនួន២០ធុង ដែលអាចប្រមូលផលបានប្រមាណ១តោនទឹកឃ្មុំនៅរដូវប្រាំង។ លោកលើកឡើង ក្រោយមើលឃើញមុខរបរចិញ្ចឹមឃ្មុំមានការរីកចម្រើនទៅមុខនេះ លោកបានបង្កើនការចិញ្ចឹមឃ្មុំចំនួន៨០ធុងបន្ថែមទៀត ហើយក្នុងពេលសព្វថ្ងៃនេះបាននិងកំពុងចល័តឃ្មុំទាំងអស់របស់ខ្លួនទៅដាក់នៅក្នុងចំការដើមគ នៅក្នុងកោះសំរោង ខេត្តកំពង់ចាម ដោយរំពឹងថាក្នុងរដូវប្រាំងឆ្នាំ២០២៥នេះអាចប្រមូលផលបានពី៤ទៅ៥តោនទឹកឃ្មុំ។ បើតាមអតីតជានស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើខាងលើរូបនេះគូសបញ្ជាក់ថា មូលហេតុដែលជំរុញឱ្យរូបលោកបង្កើនការចិញ្ចឹមឃ្មុំឱ្យកើនដល់១០០ធុងនេះ ដោយសារនៅកម្ពុជា មានអ្នកចិញ្ចឹមឃ្មុំនៅមានចំនួនតិចតួចនៅឡើយ មិនទាន់អាចឆ្លើយតបទៅនិងតម្រូវការទឹកឃ្មុំនៅលើទីផ្សារបាន។ លោក ហេង ប៊ុនណាល់ បន្តថា “មុខរបរចិញ្ចឹមឃ្មុំនាពេលបច្ចុប្បន្ននេះបានចូលរួមចំណែកសំខាន់ ជួយដល់សេដ្ឋកិច្ចគ្រួសារ, ជួយដល់ធម្មជាតិនៅពេលយើងយកធុងឃ្មុំរបស់យើដាក់នៅក្នុងចំការបស់គេ វាផ្តល់ប្រយោជន៍ទាំងសងខាង។ បើយើងដាក់ធុងឃ្មុំនៅចំការមៀនប៉ៃលិន ឃ្មុំវាជួយឱ្យលំម្អងផ្កាមានដំណើរការល្អ ជួយឱ្យមៀនប៉ៃលិនកាន់ផ្កាបានច្រើន ដូចនេះម្ចាស់ចំការបានមៀនប៉ៃលិនកាន់ផ្កាបានច្រើន ហើយយើងបានទឹកឃ្មុំ”។ លោកបន្តថា ដើម្បីបានទឹកឃ្មុំយកមកកែច្នៃចែកចាយលក់ទៅលើទីផ្សារ ក្នុងមួយឆ្នាំត្រូវការចល័តឃ្មុំចិញ្ចឹមចំនួន៤កន្លែង មាននៅចំការគ ចំការកៅស៊ូ នៅត្បូងឃ្មុំ កំពង់ចាម, ចំការមៀនកោះក្របី និងចំការមៀនប៉ៃលិនជាដើម ហើយនៅពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋក្នុងស្រុកនៅមិនទាន់មានការយល់ដឹងទូលំទូលាយអំពីគុណភាពទឹកឃ្មុំនោះទេ ពលរដ្ឋចង់បានតែតម្លៃថោក ធ្វើឱ្យអ្នកកែច្នៃពិបាកប្រកួតប្រជែងជាមួយទឹកឃ្មុំនាំចូលពីខាងក្រៅ។ ទាក់ទងនិងបញ្ហានេះ, […]
News
THN1 copy
គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ការរក្សាស្ថិរភាពថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការកសាងសហគមន៍កសិកម្មទំនើប
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ឌិត ទីណា បានថ្លែងបញ្ជាក់ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្មកាលពីថ្ងៃទី៣០ខែធ្នូនេះ​​ថា គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលរួមមានការរក្សាស្ថិរភាពថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការកសាងសហគមន៍កសិកម្មទំនើប ដែលអង្គពិធីត្រូវយកចិត្តទុកដាក់ និងអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់ភាគីពាក់ព័ន្ធត្រូវផ្តោត​​ទៅលើគុណភាពនៃការផ្គត់ផ្គង់ ទៅលើគ្រប់អនុវិស័យ និងតាមរយៈសហគមន៍កសិកម្មទំនើប ដែលជាចំនុចសំខាន់ដើម្បីអាចឆ្លើយតបបានគ្រប់តម្រូវការទីផ្សារទាំងគុណភាព និងបរិមាណ មានបច្ចេកទេសច្បាស់លាស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន ថ្លឹងថ្លែងពីតម្រូវការ និងការផ្គត់ផ្គង់ត្រឹមត្រូវ និងអាចតភ្ជាប់ខ្សែចង្វាក់តម្លៃបានយ៉ាងពិតប្រាកដ។ ពាក់ព័ន្ធនឹងការងារធាតុចូលកសិកម្ម ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ការងារនេះត្រូវបន្តការយកចិត្តទុកដាក់ មានការកំណត់ថ្លៃច្បាស់លាស់ ជាពិសេសត្រូវមានអំណាចនៅក្នុងទីផ្សារ និងមានអំណាចនៃការចរចា។ ជាទិសដៅការងារបន្ត ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាក្រសួងនឹងជំរុញការងារបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម និងមន្ទីរពិសោធន៍ជាតិ ដើម្បីជំរុញការងារស្រាវជ្រាវ និងការងារពិសោធឱ្យមានភាពបន្សុីគ្នា មាននវានុវត្តន៍ខ្ពស់ និងអាចបម្រើគ្រប់អនុវិស័យទាំងអស់ក្នុងវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ត្រូវបន្តខិតខំបំពេញការងារ និងចេះផ្សព្វផ្សាយនូវសមិទ្ធផលនានា ដើម្បីទទួលបានការគាំទ្រ និងការទទួលស្គាល់ពិតប្រាកដពីសាធារណជន ដែលជាគុណាធិបតេយ្យនៃមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។ បន្ថែមពីនេះរដ្ឋមន្រ្តីក្រសួងកសិកម្មលើកឡើងពីកិច្ចសហការគ្នាគ្រប់អនុវិស័យទាំងអស់ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ជាពិសេសការអភិវឌ្ឍលើវិស័យកសិកម្ម ដែលជាផ្នែកមួយដ៏សំខាន់ចូលរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ សំដៅឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

កាលវិភាគផ្សព្វផ្សាយ