ឥណ្ឌាចាប់ផ្តើមការនាំចេញផ្លែទទឹម ដឹកតាមសមុទ្រទៅកាន់សហរដ្ឋអាម៉េរិក

2025-04-21 13.50.45

អន្តរជាតិ៖ ឥណ្ឌាបានចាប់ផ្តើមនាំចេញផ្លែទទឹមជាលើកដំបូងចំនួន១៤តោន ដោយដឹកតាមនាវា ទៅកាន់ទីក្រុងញូវយ៉ក ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រីកទីផ្សារនាំចេញដំណាំសាកវប្បកម្ម ទៅកាន់សហរដ្ឋអាម៉េរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានឥណ្ឌា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា អាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលអាហារកសិកម្ម និងផលិតផលកែច្នៃ កិច្ចសម្របសម្រួលគំនិតផ្តួចផ្តើមក្នុងការផ្តល់សេវាកម្មត្រួតពិនិត្យផ្នែកសុខភាពសត្វ និងរុក្ខជាតិនៃក្រសួងកសិកម្ម សហរដ្ឋអាម៉េរិក ព្រមទាំងអង្គការជាតិការពាររុក្ខជាតិ និងមជ្ឈមណ្ឌលស្រាវជ្រាវជាតិ បានផ្តល់ការអនុញ្ញាតចំពោះការនាំចូលផ្លែទទឹមនេះ។

ការដឹកជញ្ជូនផ្លែទទឹមឥណ្ឌាទៅកាន់សហរដ្ឋអាម៉េរិកនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុននាំចេញ បានសាកល្បងនាំចេញយ៉ាងជោគជ័យ ដោយដឹកជញ្ជូនតាមយន្តហោះ កាលពីមួយសប្តាហ៍មុន។

យោងតាមអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងផលិតផលកែច្នៃរបស់ឥណ្ឌា បានឱ្យដឹងថា ផ្លែទទឹមស្រស់អាចរក្សាទុកបានរហូតដល់៦០ថ្ងៃ ដូច្នេះការដឹកជញ្ជូនតាមនាវា ដែលមានផ្លែទទឹមចំនួន៤៦២០ប្រអប់ ដោយប្រើរយៈពេលត្រឹមប្រាំសប្តាហ៍ អាចរក្សាបានទាំងសោភ័ណភាព និងគុណភាពរបស់ផ្លៃទទឹម។

លោក​​ អាភិសែក ដេវ (Abhisekh Dev) ប្រធានអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងផលិតផលកែច្នៃរបស់ឥណ្ឌា បានឲ្យដឹងថា ការនាំចេញនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ដើម្បីធ្វើឱ្យអ្នកផលិតផ្លែឈើមនៅប្រទេសឥណ្ឌា​ អាចចូលរួមប្រកួតប្រជែងកាន់តែច្រើននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ បែបបទនៃការនាំចេញតាមសមុទ្រសម្រាប់វត្ថុ ដែលងាយរលួយខូចគុណភាពដូចជាផ្លែទទឹម ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយចំណាយលើការដឹកជញ្ជូន។

ផ្លែទទឹមទាំង១៤តោននេះ ត្រូវបាននាំចេញដោយក្រុមហ៊ុនឥណ្ឌា ដែលមានមូលដ្ឋាននៅទីក្រុងបុមបៃ ក្រោមការសម្របសម្រួលរបស់ក្រុមប្រឹក្សាទីផ្សារកសិកម្មឥណ្ឌា។

ឥណ្ឌាបច្ចុប្បន្នជាប្រទេសផលិតដំណាំហូបផ្លែធំជាងគេទីពីររបស់ពិភពលោក។ ផ្លែទទឹមល្អៗ និងមានគុណភាពខ្ពស់ គឺជាផលិតផលរបស់កសិករឥណ្ឌាដាំនៅក្នុងបណ្តារដ្ឋផ្សេងៗស្ទើរតែទូទាំងប្រទេស។

កាលពីឆ្នាំ២០២៣-២០២៤ ឥណ្ឌាបាននាំចេញផ្លែទទឹមជាង ៧២តោន ទៅកាន់ទីផ្សារក្រៅប្រទេស ដោយរកប្រាក់ចំណូលបានជាង៦៩លានដុល្លារ។  ចាប់ពីខែមេសា ដល់ខែមករា ឆ្នាំ២០២៤-២០២៥ ឥណ្ឌា អាចទទួលបានប្រាក់ចំណូលជិត ៦០លានដុល្លារ គឺកើនឡើង២០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ទីផ្សារមុនៗសម្រាប់ផលិតផលផ្លែទទឹមឥណ្ឌា រួមមានប្រទេសអារ៉ាប់រួម បង់ក្លាដែស នេប៉ាល់ ហូឡង់ អារ៉ាប៊ីសាអូឌីត និងប្រទេសស្រីលង្កា។

ការនាំចេញផ្លែទទឹមលើកនេះ ទៅកាន់ទីផ្សាររបស់សហរដ្ឋអាម៉េរិក ត្រូវបានគេរំពឹងថា នឹងជួយជំរុញឱ្យមានការធ្វើពិពិធកម្ម និងកំណើនបរិមាណបន្ថែមទៀត ជាពិសេសប្រសិនបើការដឹកជញ្ជូនជាបន្តបន្ទាប់ដំណើរការបានជាប់លាប់ល្អ ដែលសម្រាប់នៅថ្ងៃអនាគត អ្នកនាំចេញ និងអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មនេះ បានស្វែងរកការគាំទ្រជាបន្តបន្ទាប់ពីអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងផលិតផលកែច្នៃរបស់ឥណ្ឌា ដូចជាយុទ្ធនាការផ្សព្វផ្សាយរកទីផ្សារ ការសម្របសម្រួលផ្នែកច្បាប់ទម្លាប់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្សែសង្វាក់ផលិតកម្ម ដើម្បីលើកកម្ពស់ការប្រកួតប្រជែងនៅក្នុងទីផ្សារ ដែលមានតម្លៃខ្ពស់៕

 

 


image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

កាលវិភាគផ្សព្វផ្សាយ