All Program
News

តម្រូវការស៊ុតទានៅលើទីផ្សារកើនឡើងខ្ពស់ក្នុងរដូវកាលបុណ្យចូលឆ្នាំចិន-វៀតណាម
ភ្នំពេញ៖ នៅក្នុងរដូវកាលបុណ្យឆ្នាំថ្មីប្រពៃណីចិន-វៀតណាមឆ្នាំ២០២៥នេះ តម្រូវការស៊ុតទានិងតម្លៃនៅលើទីផ្សារចាប់ផ្តើមមានតម្រូវការកើនឡើងខ្ពស់ជាងថ្ងៃធម្មតា។ ជាក់ស្តែង លោក សៀវ វិសុទ្ធ អ្នកប្រកបរបរចិញ្ចឹមទាយកស៊ុត និងជាអ្នកផ្គត់ផ្គង់ស៊ុតធំមួយកន្លែងនៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទទួលបានការបញ្ជាទិញពីដៃគូចាប់តាំងពីថ្ងៃទី១ខែមករាមកកើនឡើងទ្វេដង ពោលកើនពី៨ម៉ឹនទៅ១០ម៉ឺនគ្រាប់នៅថ្ងៃធម្មតាទៅ២០ម៉ឺនគ្រាប់នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម។ លោក សៀវ វិសុទ្ធ បានឱ្យដឹងថា រដូវកាលបុណចូលឆ្នាំចិនឆ្នាំ២០២៥នេះ កសិករដែលជាអ្នកចិញ្ចឹមទាយកស៊ុតនៅតាមតំបន់មានការចិត្តសប្បាយរីករាយ និងមានសេចក្តីក្តីសង្ឃឹមគ្រប់ៗគ្នា ដោយសារតម្រូវការនិងតម្លៃស៊ុតទាលក់នៅលើទីផ្សារមានលក្ខណៈល្អប្រសើរជាងថ្ងៃធម្មតា។ លោកបញ្ជាក់ថា ចំពោះលោកជាកសិករចិញ្ចឹមទា និងជាប្រមូលទិញស៊ុតទាពីប្រជាកសិករនៅតាមតំបន់ផង។ ខ្ញុំឃើញថានៅក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាមនេះ មានអតិថិជនដែលជាម៉ូយទទួលទិញប្រចាំខែ ប្រចាំឆ្នាំរបស់យើងមានបញ្ជាទិញច្រើន បន្ទាប់ពីពួកគាត់លក់ស៊ុតបានច្រើន ឬចែកចាយបន្តបានច្រើន។ ដូចនេះការបញ្ជាទិញមកកាន់កសិដ្ឋានយើងផ្ទាល់ មានការកើនឡើងទ្វេដង ហើយថ្ងៃខ្លះ មិនមានស៊ុតគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទៅម៉ូយថែមទៀត ។ បើតាមលោក សៀវ វិសុទ្ធ, នៅថ្ងៃធម្មតាកសិករចិញ្ចឹមនៅតាមទីវាលលក់បានថ្លៃពី៣៦០ទៅ៣៧០រៀលក្នុងមួយគ្រាប់ ប៉ុន្តែនៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិន វៀតណាមចូលមកដល់ បានធ្វើឱ្យស៊ុតទាលក់បានថ្លៃចាប់ពី ៣៨០ទៅ៤០០រៀលក្នុងមួយគ្រាប់។ តែសម្រាប់អ្នកចែកចាយលក់បន្តនៅតាមទីផ្សារអាចលក់បានថ្លៃពី៤៥០ទៅ៥០០រៀលក្នុងមួយគ្រាប់ផងដែរ។ លោកបានបន្ថែមទៀតថា នៅថ្ងៃធម្មតាលោកនឹងធ្វើការផ្គត់ផ្គង់ស៊ុតទាទៅលើទីផ្សារចាប់ពី៨ម៉ឺនទៅ១០ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ ប៉ុន្តែចាប់ពីថ្ងៃទី១ខែមករារហូត តម្រូវការស៊ុតទាបានកើនពី១០ម៉ឺនទៅ២០ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ ហើយថ្ងៃខ្លះមិនមានស៊ុតទាសម្រាប់ឆ្លើយតបទីផ្សារបានផងដែរ៕
News

សកម្មភាពក្រុមហ៊ុនអេមរុរ៉ាយស៍ សាខាខេត្តបាត់ដំបង ប្រមូលទិញស្រូវស្ដង់ដារផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព (SRP) ពីសហភាពសហគមន៍កសិកម្មបាត់ដំបង តាមកិច្ចសន្យាកសិកម្ម
បាត់ដំបង៖ ចាប់ពីដើមខែមករា ឆ្នាំ២០២៥នេះ រដូវកាលប្រមូលផលស្រូវបាននិងកំពុងបន្តនៅទូទាំងប្រទេស ហើយស្របពេលគ្នានេះ ក្រុមហ៊ុនអេមរុរ៉ាយស៍សាខាខេត្តបាត់ដំបង ក៏បាននិងកំពុងបន្តប្រមូលទិញស្រូវស្ដង់ដារផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព (SPR) ប្រភេទក្រអូបពូជខ្មែរ ក្នុងបរិមាណប្រមាណ២០០ ទៅ២៥០តោន ក្នុងមួយថ្ងៃ ពីសហភាពសហគមន៍កសិកម្មបាត់ដំបង (BUAC) ជាមួយនឹងការផ្តល់ជូនតម្លៃបុព្វលាភ។ សូមបញ្ជាក់ផងដែរថា សហភាពសហគមន៍កសិកម្មបាត់ដំបង គឺជាដៃគូសហការយ៉ាងសកម្មមួយរបស់អេមរុរ៉ាយស៍ តាមរយៈកិច្ចសន្យាកសិកម្មតាំងពីឆ្នាំ២០១៧មកម្ល៉េះ និងបានទទួលនូវការគាំទ្រផ្នែកបច្ចេកទេសលើការកសាង និងពង្រីកសមត្ថភាពលើការដាំដុះស្រូវឱ្យស្របតាមស្តង់ដារ និងទីផ្សារ តាមរយៈវគ្គបណ្តុះបណ្តាលនានា ក្នុងគោលដៅកសាងនូវការអភិវឌ្ឍន៍ប្រកបដោយភាពធន់រយៈពេលវែងដល់សហភាព និងសមាជិកដែលជាកសិករខ្នាតតូច។ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ តំណាង AFD នៃកម្មវិធីវ៉ត់ហ្វ័រខេម បានចុះមកទស្សនកិច្ចទៅលើការប្រមូលទិញស្រូវស្ដង់ដារផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព (SRP) រវាងក្រុមហ៊ុនអេមរុរ៉ាយស៍សាខាខេត្តបាត់ដំបង និងសហភាពសហគមន៍កសិកម្មបាត់ដំបង។ ជាមួយនិងកម្មវិធីវ៉តហ្វ័រខេម បានគាំទ្រនិងសម្របសម្រួលជាមួយសហភាពសហគមន៍កសិកម្មបាត់ដំបងទៅ លើផលិតផលកសិកម្មដូចជា ផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព បូករួមទាំងផលិតកម្មដំណាំគម្របដី និងការផ្សព្វផ្សាយដំណាំគម្របដីផងដែរ៕
News

ឯកឧត្ដមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យប្រធានសមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរជួបសំដែងការគួរសមនិងប្រគល់-ទទួលសៀវភៅ “គោលធម៌ព្រះត្រៃបិដក”ចំនួន ១៥០០ក្បាល
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ លោក ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសំដែងការគួរសម និងការប្រគល់-ទទួលសៀវភៅ “គោលធម៌ព្រះត្រៃបិដក” ចំនួន ១៥០០ក្បាល ជូនឯកឧត្តមបណ្ឌិតប្រតិភូ និងលោកជំទាវ នៅទីស្នាក់ការកណ្ដាលធនាគារ ARDB។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតបានជួយឧបត្ថម្ភក្នុងការបោះពុម្ពដល់ ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដើម្បីចាត់ចែងប្រើប្រាស់ជាប្រយោជន៍ដល់សង្គមជាតិ និងរក្សាសៀវភៅមួយចំនួនក្នុងបណ្ណាល័យនៃធនាគារ ARDB សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការផ្ដល់សេវាជូនអ្នកអាន និងអ្នកស្រាវជ្រាវទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ប្រធានសមាគមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដមបណ្ឌិត កៅ ថាច និងលោកជំទាវ ដែលតែងតែស្រឡាញ់ និងចូលរួមយ៉ាងសកម្មក្នុងការងារថែរក្សាអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដោយបាន ផ្តល់យោបល់ អនុសាសន៍ដ៏ល្អៗ និងជួយឧបត្ថម្ភការបោះពុម្ព នាពេលកន្លងមកសម្រាប់ជាប្រយោជន៍សាធារណៈ ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ និងការបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀត។
News

ក្រុមការងាររបស់អង្គការ WWFរកឃើញកូនក្រពើភ្នំ៣ក្បាលនៅទន្លេស្រែពក
ភ្នំពេញ៖ ក្នុងអំឡុងពេលនៃដំណើរចុះល្បាតរយៈពេលប្រាំថ្ងៃទៅកាន់ទន្លេស្រែពក ខេត្ត មណ្ឌលគិរី និងរតនគិរី ដែលស្ថិតនៅតាមដងទន្លេនេះ ក្រុមការងាររបស់អង្គការ WWF-កម្ពុជាបានប្រទះឃើញកូនក្រពើភ្នំចំនួនបីក្បាលជាការរកឃើញដ៏កម្រនៃប្រភេទសត្វល្មូនជិតផុតពូជមួយប្រភេទនេះ។ ទន្លេស្រែពកមានប្រភពមកពីតំបន់ភ្នំកណ្ដាល នៃប្រទេសវៀតណាមហូរកាត់ខេត្តមណ្ឌលគិរី រតនគិរី រួចបន្តហូរចូលទៅក្នុងទន្លេសេសានក្នុងខេត្តស្ទឹងត្រែង។ ទន្លេស្រែពកជាទន្លេដែលត្រូវបានគេចាត់ទុកថា ជាជម្រកត្រី ជាពិសេសជាតំបន់ដែលមានសល់ប្រភេទត្រីកម្រដែលជិតដាច់ពូជនៅកម្ពុជា។ បើតាមអ្នកស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF-កម្ពុជាបានប៉ាន់ស្មានថា ក្រពើទាំង៣ក្បាលដែលគេបានប្រទះឃើញនេះមានអាយុពី ៥ ទៅ ៦ ខែ។ តំបន់នេះក៏ធ្លាប់ជាកន្លែងដែលគេធ្លាប់ប្រទះឃើញពួកវាកាលពីឆ្នាំមុន ហើយកិច្ចការស្រាវនេះប្រព្រឹត្តិទៅក្នុងគោលបំណងតាមដានពីរបៀបដែលសត្វក្រពើកំពុងរស់នៅ ក៏ដូចជាពង និងញាស់កូនថ្មី ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់យើងជាខ្លាំងក្នុងកិច្ចការល្បាត ព្រមទាំងការដកហូតឧបករណ៍នេសាទខុសច្បាប់នានាជាដើមពីដំបន់នេះ។ យោងតាមអង្គការអង្គការ WWF បានឱ្យដឹងថា តាមរយៈការងារអភិរក្សប្រកបដោយភាពជោគជ័យនាពេលនេះអាចសម្រេចទៅបានក៏ដោយសារមានការចូលរួមពីមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្ត ក្រុមស្រាវជ្រាវសហគមន៍ និងតំណាងសហគមន៍តំបន់ការពារផងដែរ។ បើតាមអ្នកជំនាញបានលើកឡើងនាកន្លងមកថាក្រពើភ្នំបានដើរតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ។នៅកម្ពុជា ឧទ្យានជាតិជួរភ្នំក្រវាញក៏ជាទីជម្រកធម្មជាតិមានសុវត្ថិភាព និងសមស្របសម្រាប់ការរស់នៅរបស់ប្រភេទសត្វដ៏កម្រនេះផងដែរ។ សត្វក្រពើភ្នំមានចំនួនប្រមាណជាង ១ ០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ។ក្រពើភ្នំជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពីធម្មជាតិ។ កម្ពុជាត្រូវបានគេចាត់ទុកថា មានវត្តមានសត្វក្រពើភ្នំច្រើនជាងគេដែលប្រមាណជាង ៣០០ក្បាលកំពុងរស់នៅ និងស្ថិតក្រោមការឃ្លាំមើល និងការពារដោយក្រុមអ្នកជំនាញ៕
News

កសិករចិញ្ចឹមជ្រូកខ្នាតតូចនៅភូមិព្រះដាក់ខេត្តសៀមរាបទទួលបានការគាំទ្រមានទីផ្សារពីម្ចាស់អាជីវកម្មអាំងសាច់ក្នុងតំបន់
សៀមរាប៖ ប្រជាកសិករ រស់នៅភូមិព្រះដាក់ក៏ដូចជាកសិករនៅភូមិមួយចំនួនផ្សេងទៀតក្នុងស្រុក បន្ទាយស្រីខេត្តសៀមរាប ដែលប្រកបមុខរបរចិញ្ចឹមជ្រូកលក្ខណៈគ្រួសារប្រើប្រាស់កាកសំណល់ផ្ទះបាយ នាពេលបច្ចុប្បន្នបាននិងកំពុងទទួលបានការគាំទ្រទីផ្សារ ពីម្ចាស់អាជីវកម្មលក់ជ្រូកអាំងប្រចាំតំបន់។ អ្នកស្រី ឈ្នាង ចំរើន ម្ចាស់អាជីវកម្ម យីហោរ៉ាយុទ្ធជ្រូកអាំងរស់នៅភូមិឃុំខាងលើបានឱ្យដឹងថា ការប្រកបមុខរបរលក់ជ្រូកអាំងប្រចាំតំបន់នេះ អ្នកស្រីបាននៅចុងឆ្នាំ២០២១ដើមឆ្នាំ២០២២ នៅពេលដែលអាជ្ញាធរស្រុករៀបចំឱ្យមានព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារប្រចាំភូមិព្រះដាក់ចំនួន៣ថ្ងៃ អ្នកស្រីលក់សាច់ជ្រូកអាំងអស់ជ្រូកចំនួន៨ក្បាលដោយក្នុងមួយក្បាលមានទម្ងន់ពី៥០ទៅ៦០គីឡូក្រាម។ អ្នកស្រីរៀបរាប់ថា បន្ទាប់ពីកម្មវិធីពិព័រណ៍ម្ហូបអាហារនៅប្រចាំភូមិត្រូវបានបិទបញ្ចប់ អ្នកស្រីបន្តសាកល្បងលក់សាច់ជ្រូកអាំងនៅថ្ងៃធម្មតាត្រឹមតែមួយចំហៀងជ្រូកប៉ុណ្ណោះ។ប៉ុន្តែនៅចុងសប្តាហ៍អ្នកស្រីលក់សាច់ជ្រូកអាំងអស់ជ្រូក ពី២ទៅ៣ក្បាលក្នុងមួយថ្ងៃ។ អ្នកស្រីបញ្ជាក់ថា ក្រោយពីទទួលបានការគាំទ្រពីអ្នកបរិភោគសាច់ជ្រូកអាំងនៅក្នុងតំបន់ នៅក្នុងឆ្នាំទី១ អ្នកស្រីលក់សាច់ជ្រូកអាំងអស់ជ្រូកពី២ទៅ៣ក្បាលក្នុងមួយថ្ងៃ។ នៅឆ្នាំទី២ លក់សាច់ជ្រូកអាំងអស់ជ្រូកពី៣ទៅ៥ក្បាល ហើយនៅឆ្នាំទី៣ ឬក្នុងពេលបច្ចុប្បន្នលក់សាច់ជ្រូកអាំងអស់ជ្រូកពី៥ទៅ១០ក្បាលនៅក្នុងមួយថ្ងៃ។ បើយោងតាមម្ចាស់អាជីវកម្មខាងលើ នៅក្នុងភូមិព្រះដាក់សព្វថ្ងៃមានអ្នកប្រកបមុខរបរលក់សាច់ជ្រូកអាំង មានប្រមាណ៣០កន្លែង។ កន្លែងខ្លះលក់នៅតែថ្ងៃសៅរ៍-អាទិត្យ, កន្លែងខ្លះទៀតលក់តែថ្ងៃបុណ្យ ហើយកន្លែងផ្សេងទៀតលក់សាច់ជ្រូកអាំងជាប្រចាំរាល់ថ្ងៃ ដើម្បីឆ្លើយតបទៅនិងការគាំទ្ររបស់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិដែលបានទៅទស្សនាក្នុងខេត្តសៀមរាប ពិសេសចូលទៅសាកល្បងម្ហូបអាហារនៅភូមិព្រះដាក់។ អ្នកស្រី ឈ្នាង ចំរើន អះអាងថាសព្វថ្ងៃនេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រះដាក់ បានប្រកបមុខបរចិញ្ចឹមជ្រូកលក្ខណៈគ្រួសារឱ្យស៊ីចំណីកាកសំណល់ផ្ទះបាយ លាយជាមួយដើមចេកនិងកន្ទុ មានការកើនឡើងគួរឱ្យកត់សម្គាល់ ។អ្នកខ្លះមិនធ្លាប់ចិញ្ចឹមជ្រូកពីមុន ក៏មកចិញ្ចឹមជ្រូកដែរ ហើយអ្នកដែលធ្លាប់ចិញ្ចឹមជ្រូកឱ្យស៊ីចំណីសម្រេច ក៏បានងាកមកចិញ្ចឹមជ្រូកឱ្យស៊ីចំណីកាកសំណល់ផ្អះបាយដែរ បន្ទាប់ពីទទួលបានការគាំទ្រផ្នែកទីផ្សារពីម្ចាស់អាជីវកម្មលក់សាច់ជ្រូកអាំងនៅក្នុងតំបន់ជាប្រចាំ និងហ៊ានទិញក្នុងតម្លៃខ្ពស់លើសទីផ្សារពី១០០ទៅ២០០រៀលក្នុងមួយគីឡូជ្រូករស់៕





