ការសិក្សាថ្មីមួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវ នៅក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ បានបង្ហាញចំណុចសំខាន់ៗមួយចំនួន គឺអាហារឡើងថ្លៃក្នុងរយៈពេលខ្លី នៅជុំវិញពិភពលោក និងផលប៉ះពាល់ជាបន្តបន្ទាប់លើអតិផរណា ដោយសារការប្រែប្រួលអាកាសធាតុ ហើយបានព្រមានថា បញ្ហានេះអាចនឹងមានបញ្ហាដល់សុខភាព និងអាចបង្កបញ្ហាចលាចលក្នុងសង្គមថែមទៀតផង។
ការស្រាវជ្រាវនេះបានចេញផ្សាយលទ្ធផលមុនសន្និសីទកំពូលស្តីពីប្រព័ន្ធស្បៀងអាហាររបស់អង្គការសហប្រជាជាតិ ដែលមេដឹកនាំនៅជុំវិញពិភពលោកនឹងប្រមូលផ្តុំគ្នានៅក្នុងប្រទេសអេត្យូពី ដើម្បីពិភាក្សាពីការគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហារជាសកល។
ការសិក្សារនេះបានលើកយកឧទាហរណ៍ជាក់ស្តែងជាក់ស្តែងអំពីផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ នៅទូទាំងពិភពលោក ដែលភាគច្រើនប៉ះពាល់ដល់ស្បៀងអាហារ។ ការសិក្សាពីមុនបានពិនិត្យមើលផលប៉ះពាល់រយៈពេលវែង ប៉ុន្តែការសិក្សាថ្មីបំផុតនេះផ្តោតលើផលប៉ះពាល់ភ្លាមៗ។
នៅប្រទេសហ្គាណា និងប្រទេសកូតឌីវ័រ ដែលជាអ្នកដាំដំណាំកាកាវធំជាងគេបំផុតរបស់ពិភពលោក បានជួបប្រទះគ្រោះរាំងស្ងួត រួមជាមួយនឹងសីតុណ្ហភាពក្តៅខ្លាំងផង កាលពីឆ្នាំ២០២៣-២០២៤ បានធ្វើឱ្យតម្លៃកាកាវលើពិភពលោក កើនឡើងរហូតដល់៣០០ភាគរយ។
ចំណែកនៅទ្វីបអាស៊ីវិញ ការសិក្សាបានកត់សម្គាល់ពីរលកកម្តៅនៅក្នុងប្រទេសឥណ្ឌា បានធ្វើឱ្យតម្លៃខ្ទឹមបារាំងកើនឡើង៨៩ភាគរយ ខណៈការឡើងកម្តៅនៅក្នុងប្រទេសកូរ៉េខាងត្បូង បានធ្វើឱ្យតម្លៃស្ពៃក្តោបកើនឡើង៧០ភាគរយ។ ទោះបីមានការកើនឡើងតិចតួចជាងគេក៏ដោយ ប៉ុន្តែវាជារឿងគួរឱ្យកត់សម្គាល់ផងដែរអំពីការឡើងថ្លៃម្ហូបអាហារនៅក្នុងប្រទេសជប៉ុន និងប្រទេសចិន។ ចំណែកគ្រោះរាំងស្ងួតអស់រយៈពេលជាច្រើនឆ្នាំ នៅភាគខាងត្បូងប្រទេសអេស្ប៉ាញ បានធ្វើឱ្យតម្លៃប្រេងអូលីវ កើនឡើង៥០ភាគរយ កាលពីឆ្នាំ២០២៤។
ប្រទេសអង់គ្លេសបាននាំចូលម្ហូបអាហារយ៉ាងច្រើន ទោះបីជាតម្លៃទំនិញមួយចំនួនបានធ្លាក់ចុះក៏ដោយ ក៏អត្រាទាំងមូលត្រូវបានបន្តការកើនឡើងតម្លៃម្ហូបអាហារប្រចាំខែ ជាលើកទីបីជាប់ៗគ្នា ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេលជាងមួយឆ្នាំ។
អ្នកជំនាញប្រចាំសមាគមពាណិជ្ជកម្មអ្នកលក់រាយរបស់អង់គ្លេស បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ គឺជាកត្តាចម្បងបង្កផលប៉ះពាល់ជាបន្តបន្ទាប់ធ្វើឱ្យការប្រមូលផលមិនបានទិន្នផលខ្ពស់ ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងពេក បានបណ្តាលឱ្យតម្លៃអ្នកប្រើប្រាស់កើនឡើង។
លោកបាននិយាយថា «ដរាបណាយើងមិនបញ្ឈប់ការបំភាយឧស្ម័នទេ នោះអាកាសធាតុប្រែប្រួលកាន់តែខ្លាំង ហើយបានបំផ្លាញផលដំណាំ និងធ្វើឱ្យតម្លៃម្ហូបអាហារឡើងថ្លៃនៅទូទាំងពិភពលោក»៕ ដោយ ញឹក សំអូន