ភ្ញៀវទេសចរចិនម្នាក់ ត្រូវពិន័យអស់១៥៥ដុល្លារអាមេរិក ពីបទយកផ្លែទុរេនចូលក្នុងបន្ទប់សណ្ឋាគារ នៅសិង្ហបុរី

collage-102

សិង្ហបុរី៖ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ភ្ញៀវទេសចរជនជាតិចិនម្នាក់ ដែលដើរលេងនៅប្រទេសសិង្ហបុរី បានបង្កឱ្យមានការភ្ញាក់ផ្អើលពេញប្រទេសចិន បន្ទាប់ពីត្រូវផាកពិន័យអស់ប្រាក់២០០ដុល្លារសិង្ហបុរី ឬស្មើនឹង១៥៥ដុល្លារអាមេរិក ពីបទយកផ្លែរទុរេនបរិភោគក្នុងបន្ទប់សណ្ឋាគារផ្កាយបួន។

សារព័ត៌មាននៅក្នុងប្រទេសសិង្ហបុរី បានធ្វើសេចក្តីរាយការណ៍ថា ស្ត្រីភ្ញៀវទេសចរជនជាតិចិនម្នាក់នេះ​ បានយកសាច់ផ្លែទុរេនមួយផ្លែទិញតាមចិញ្ចើមថ្នល់ចូលក្នុងបន្ទប់សម្រាន្តរបស់នាង ដោយមិនដឹងថា វាខុសនឹងច្បាប់សិង្ហបុរីនោះទេ។

អ្នកទេសចររូបនេះ បាននិយាយរំឭថា នាង និងមិត្តភ័ក្តិម្នាក់ បានដើរលេងក្នុងទីក្រុងសិង្ហបុរី ហើយបានទិញផ្លែទុរេនពីតូបលក់នៅតាមដងផ្លូវ។  ដោយ​គ្មាន​កន្លែង​អង្គុយបិរភោគ អ្នកទាំងពីរក៏បាន​សម្រេច​ចិត្ត​ខ្ចប់​ផ្លែទុរេន​យកទៅសណ្ឋាគារ​ ដើម្បី​បរិភោគជុំគ្នានៅបន្ទប់។

ភ្ញៀវទេសចរណ៍រូបនេះ បានចែករំលែកបទពិសោធន៍របស់នាងនៅលើបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី២៦ ខែឧសភា ដោយនិយាយរំឭកថា នាងមិនបានដឹងពីបម្រាមរបស់សណ្ឋាគារ នៅក្នុងប្រទេសសិង្ហបុរី ដែលហាមភ្ញៀវមិនឲ្យយកទុរេនចូលបន្ទប់នោះឡើយ។

បុគ្គលិកសណ្ឋាគារបានប្រាប់នាងថា ផាកពិន័យត្រឹម២០០ដុល្លារសិង្ហបុរី គឺតិចតួចទេ កាលមុនធ្លាប់ពិន័យរហូតដល់៥០០ដុល្លារសិង្ហបុរី សម្រាប់អ្នកយកផ្លែទុរេនមកបរិភោគក្នុងបន្ទប់សម្រាន្ត។

ស្ត្រីជនជាតិចិន បាននិយាយថា នាងបានមកដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ហើយនៅថ្ងៃបន្ទាប់ នាងបានទិញផ្លែទុរេន និងផ្លែឈើផ្សេងៗទៀត វេចយកទៅបរិភោគក្នុងបន្ទប់សណ្ឋាគារ ដោយសារនៅតូបលក់គ្មានកន្លែងសម្រាប់អង្គុយបរិភោគឡើយ។

នៅថ្ងៃបន្ទាប់ នាងបានទទួលលិខិតមួយសន្លឹកពីសណ្ឋាគារ ដោយប្រាប់នាងថា អ្នកសម្អាតបន្ទប់បានធំក្លិនទុរេននៅក្នុងបន្ទប់របស់នាង ហើយសណ្ឋាគារនឹងកំណត់តម្លៃសម្រាប់សម្អាតក្លិន ចំនួន២០០ដុល្លារសិង្ហបុរី ដើម្បីបំបាត់ក្លិនទុរេនពីក្នុងបន្ទប់។

ក្រោយបង់ប្រាក់ព័យរួចហើយ នាងបានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយរៀបរាប់ថា​​ ពេល​ជិះតាក់ស៊ី​ត្រឡប់​មកសណ្ឋាគារ​វិញ មិត្ត​ភក្តិ​របស់​នាង​បាន​ប្រាប់ថា ខ្ចប់ហើយនៅតែធំក្លិន​ចេញ​ពី​ប្រអប់ទៀត។​ ខ្លាចតែអ្នកបើកបរតាក់ស៊ីធំក្លិនទុរេននេះដែរទេ។

ពេល​ចូល​បន្ទប់​ភ្លាម អ្នក​ទាំង​ពីរ​ចាប់​ផ្តើម​នាំគ្នាបរិភោគ​ផ្លែ​ទុរេន​យ៉ាងឆ្ងាញ់ ដោយ​មិន​បាន​គិត​ច្រើន​ឡើយ។  ប៉ុន្តែ​បន្ទាប់​ពី​ត្រឡប់​មក​ពី​ដើរ​លេងវិញ​ នា​ល្ងាច​នោះ នាង​បាន​ទទួលសេចក្តីជូនដំណឹងមួយសន្លឹក​​ដាក់​នៅលើ​គ្រែ​របស់​នាង ដោយសរសេរយ៉ាងច្បាស់ថា “សូមជូនដំណឹងថា អ្នកសម្អាតបន្ទប់របស់យើង បានធំក្លិនទុរេននៅក្នុងបន្ទប់របស់លោកស្រី ដូច្នេះត្រូវពិន័យចំនួន២០០ដុល្លារសិង្ហបុរី ដើម្បីបង់ថ្លៃសម្អាតក្លិន”។

ដោយមិនអស់ចិត្ត នាងប្រឹងរកមើលសារបង្ហោះនៅលើបណ្តាញសង្គម ទើបដឹងថា ភ្ញៀវទេសចរផ្សេងទៀតក៏បានជួបប្រទះបញ្ហាពិន័យស្រដៀងគ្នានេះដែរ ករណីយកផ្លែទុរេនចូលបន្ទប់សម្រាន្ត នៅក្នុងប្រទេសិង្ហបុរី។

ក្រោយពីទទួលបានលិខិតពិន័យភ្លាម នាង​បាន​ទាក់ទង​ទៅ​ផ្នែក​គ្រប់គ្រង​សណ្ឋាគារ​ ដើម្បី​តវ៉ា​ចំពោះ​ការ​ផាក​ពិន័យនេះ ប៉ុន្តែខាងសណ្ឋាគារមិនអនុគ្រោះឱ្យឡើយ ដោយលើកហេតុផលថា​​ ដោយសារតែក្លិនដ៏ខ្លាំងរបស់ទុរេន នៅជាប់ក្នុងបន្ទប់យូរពេក ខាងសណ្ឋាគារត្រូវសម្អាតប្រកបដោយវិជ្ជាជីវៈ ហើយត្រូវបិទបន្ទប់ចោលអស់ជាច្រើនថ្ងៃ ទើបបាត់ក្លិន។

តាមរយៈរៀនមេរៀននេះ អ្នកទេសចរជាច្រើន​ បានបញ្ចេញមតិយោបល់នៅលើគណនីរបស់នាង ដោយប្រាប់ដល់អ្នកដទៃទៀតថា នៅក្នុងប្រទេសសិង្ហបុរី កុំយកទុរេនចូលក្នុងបន្ទប់សណ្ឋាគារឱ្យសោះ៕


image_2026-09-15_14-55-22
កសិករដាំស្រូវនៅឥណ្ឌា ទទួលបានឥណទានកាបូនជាលើកដំបូង សម្រាប់ចីរភាពកសិកម្ម

ឥណ្ឌា៖ កសិករខ្នាតតូចជាង២ ៥០០នាក់ នៅក្នុងប្រទេសឥណ្ឌា ចាប់ផ្តើមទទួលបានប្រាក់ចំណូលពីការលក់ឥណទានកាបូន បន្ទាប់ពួកគាត់បានអនុវត្តកសិកម្មប្រកបដោយចីរភាព ដើម្បីទប់ទាល់នឹងការប្រែប្រួលអាកាសធាតុ។ គម្រោងឥណទានកាបូននេះ គឺដើម្បីលើកទឹកចិត្តកសិករខ្នាតតូចឥណ្ឌា ឱ្យអនុវត្តកសិកម្មប្រកបដោយចីរភាព និងល្អចំពោះបរិស្ថាន នៅក្នុងរដ្ឋពុនចាប (Punjab) និងរដ្ឋហារីយ៉ាណា (Haryana) ដោយត្រូវទទួលបានប្រាក់ចំណូលពីការឥណទានកាបូន នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។ កសិករទាំងឡាយណា ដែលបានចូលរួមក្នុងកម្មវិធីឥណទានកាបូន ចាប់តាំងពីឆ្នាំ២០២២ កំពុងតែស្ថិតក្រោមការធ្វើសវនកម្ម ហើយនឹងទទួលការទូទាត់ជាទឹកប្រាក់ បន្ទាប់ពីបានចេញ និងលក់​ ឥណទានកាបូនរបស់ពួកគាត់។ ក្រុមហ៊ុនលក់កាបូនបាននិយាយថា «កសិករម្នាក់ៗ​ នឹងទទួលបានប្រាក់ចំណូលចន្លោះពី៣១ដុល្លារ ដល់១៥៨ដុល្លារ។ ការទូទាត់ប្រាក់នឹងត្រូវធ្វើឡើងតាមប្រព័ន្ធឌីជីថល ព្រមទាំងអាចតាមដានបានយ៉ាងច្បាស់លាស់ ហើយប្រើប្រាស់ថវិកាផ្ទាល់របស់យើងសម្រាប់ទូទាត់ជូនកសិករជាមុន មុនពេលលក់ឥណទានកាបូនបានស្រួលបួល»។ ការសាបព្រោះស្រូវដោយផ្ទាល់ ជំនួសឱ្យការសាប រួចដកសំណាបយកទៅស្ទូងនៅក្នុងស្រែ អាចសន្សំទឹកបានប្រមាណ១,៤ លានលីត្រ ក្នុងមួយហិកតា ហើយអាចជួយកាត់បន្ថយភាគល្អិតតូចៗ ដែលបំពុលខ្យល់ឱ្យកខ្វក់ក្នុងបរិយាកាស។ ក្រុមហ៊ុនបាននិយាយថា ការចេញឥណទានកាបូនជាលើកដំបូងនេះ គ្របដណ្តប់លើផ្ទៃដីប្រមាណ១ ២០០ហិកតា នៅក្នុងរដ្ឋពុនចាប និងរដ្ឋហារីយ៉ាណា ហើយបង្កើតបានឥណទានកាបូនជាង៥០ ០០០ឯកតា។ នាយិកាប្រតិបត្តិនៃក្រុមហ៊ុនលក់កាបូន បានមានប្រសាសន៍ទៀតថា«ជាលើកដំបូងបំផុតហើយនៅក្នុងប្រទេសឥណ្ឌា  ដែលកសិករម្នាក់ៗកំពុងទទួលបានប្រាក់ចំណូលពីលក់កាបូនរក្សាទុកក្នុងដីរបស់គាត់។ ប្រាក់ចំណូលនេះនឹងជួយលើកកម្ពស់ជីវភាពរបស់កសិករខ្នាតតូចប្រកបដោយចីរភាព […]

image_2026-09-15_14-43-39
ហ្វីលីពីននឹងនាំចូលអង្ករបាក់ច្រើនជាងមុន ចំណែកចិនត្រូវការអង្ករបាក់ច្រើនដាច់គេ

ម៉ានីល៖ ប្រទេសហ្វីលីពីនអាចបង្កើនការនាំចូលអង្ករបាក់ច្រើនជាងមុន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយប្រកួតប្រជែងកាន់តែខ្លាំងជាមួយប្រទេសចិន និងប្រទេសនាំចូលអង្ករផ្សេងៗទៀត។ នៅក្នុងរបាយការណ៍មួយ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បាននិយាយថា អ្នកនាំចូលអង្កររបស់ហ្វីលីពីន អាចងាកទៅរក អង្ករបាក់ច្រើនជាងមុន ខណៈពេលរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយហាមឃាត់ការនាំចូលអង្ករអង្ករបាក់កម្រិត៥ភាគរយ។ ការណ៍នេះកើតឡើង ខណៈតម្រូវការកើនឡើងក្នុងចំណោមប្រទេសនាំចូល និងនាំចេញអង្ករ បានធ្វើឱ្យតម្លៃអង្ករបាក់ឡើងថ្លៃជាងមុន។ ក្រសួងកសិកម្មអាម៉េរិក បាននិយាយាបន្ថែមថា អ្នកនាំចេញអង្ករទាំងនេះទំនងជានឹងកែសម្រួលការដឹកជញ្ជូន ដោយត្រូវបង្កើនបិរមាណអង្ករបាក់ សម្រាប់នាំចេញទៅកាន់ប្រទេសហ្វីលីពីន។ ការនាំចូលអង្កររបស់ហ្វីលីពីន ត្រូវបានប៉ាន់ប្រមាណថា នឹងកើនដល់៥,៥លានតោន ក្នុងឆ្នាំ២០២៦នេះ។ ប្រទេសហ្វីលីពីន បានហាមឃាត់ការនាំចូលអង្ករបាក់កម្រិត៥ភាគរយ ដើម្បីផ្តល់ឱកាសឱ្យកសិករហ្វីលីពីន​អាចលក់អង្ករស្រូវថ្មីរបស់ខ្លួន ដោយមិនឱ្យអង្ករនាំចូលប្រភេទគុណភាពខ្ពស់ មកប្រកួតប្រជែងនៅលើទីផ្សារក្នុងស្រុក។ ទោះបីជាយ៉ាងណា ប្រទេសហ្វីលីពីន នៅតែអនុញ្ញាតឱ្យនាំចូលអង្ករបាក់ ដោយធ្វើឱ្យហ្វីលីពីនអាចពឹងផ្អែកកាន់តែច្រើនលើអង្ករប្រភេទបែពនេះ ខណៈតម្រូវការពិភពលោកកំពុងជំរុញឱ្យតម្លៃកើនឡើង។ ចំណែកក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា វៀតណាម នៅតែជាអ្នកផ្គត់ផ្គង់អង្ករធំជាងគេទីមួយរបស់ហ្វីលីពីន ទោះបីមានការកែប្រែប្រភពនាំចូលអង្ករពីប្រទេសផ្សេង ដូចជាប្រទេសកម្ពុជា និងប៉ាគីស្ថាន ក៏ដោយ។ ទីភ្នាក់ងារអន្តរជាតិបាននិយាយថា  ដោយសារតម្រូវការនាំចូលអង្ករបាក់កាន់តែខ្លាំងនៅប្រទេសចិន និងហ្វីលីពីន ទីផ្សារអង្ករបាក់នៅអាហ្វ្រិកខាងលិច កំពុងចាប់ផ្តើមទទួលរងផលប៉ះពាល់។ ចំណែកប្រទេសចិន ត្រូវគេរំពឹងថា នឹងបង្កើនល្បឿនការទិញអង្ករបាក់ ដែលអាចធ្វើឱ្យបរិមាណនាំចូលសរុបឈានដល់ជាង៤លានតោន។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានបន្ថែមថា ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ […]

images
ភូមារកចំណូលបាន២២៥លានដុល្លារ ពីការនាំចេញជលផលទៅ៤០ប្រទេស

ណៃពីដោ៖ យោងតាមនាយកដ្ឋានជលផលរបស់ប្រទេសភូមា បាននាំចេញផលិតផលជលផលជាង ៣០០ ប្រភេទ ទៅកាន់ប្រទេសជាង ៤០ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ អាចរកចំណូលបានជាង ២២៥ លានដុល្លារ ពីការនាំចេញជាងពី ១៣ ម៉ឺនតោន។ ប្រទេសភូមា នាំចេញផលិតផលជលផលច្រើនជាងគេ ទៅកាន់ប្រទេសជប៉ុន បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ប្រទេសជាសមាជិកសហភាពអឺរ៉ុប ម៉ាឡេស៊ី តៃវ៉ាន់ និងប្រទេសអូស្ត្រាលី។ សហព័ន្ធជលផលភូមា និងនាយកដ្ឋានជលផល បានឱ្យដឹងថា ភូមាកំពុងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសទាំងនោះ ដើម្បីពង្រឹងការនាំចេញផលិតផលជលផលរបស់ខ្លួន។ នាយកដ្ឋានជលផល និងក្រុមហ៊ុននាំចេញ កំពុងសម្របសម្រួលគ្នា ដើម្បីធានាឱ្យការដឹកជញ្ជូនផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិឱ្យបានជាប់ជាប្រចាំ និងឆ្លើយតបទៅនឹងតម្រូវពិតប្រាកដរបស់ប្រទេសទទួលទិញនីមួយៗ។ ជាពិសេស សម្រាប់ទីផ្សារប្រទេសចិន ដែលអនុវត្តវិធានការតឹងរ៉ឹងលើវិញ្ញាបនបត្របញ្ជាក់ផលិតផល និងស្របតាមលក្ខខណ្ឌសុវត្ថិភាពចំណីអាហារសម្រាប់ផលិតផលជលផល ដូច្នេះ អ្នកនាំចេញត្រូវធានាថា ផលិតផលទាំងអស់ពិតជាបានបំពេញតាមស្តង់ដារកំណត់របស់ទីផ្សារ។ កាលពីឆ្នាំ២០២៥ ប្រទេសភូមាបាននាំចេញផលិតផលនេសាទជាង១៥​ ០០០តោន ទៅកាន់ទីផ្សារប្រទេសចិន ដោយគិតជាតម្លៃទឹកប្រាក់ជិត២០០លានដុល្លារ៕ (ផាន់ អាណា)

image_2026-09-14_13-43-37
ឥណ្ឌូណេស៊ីចាប់ផ្តើមចិញ្ចឹមបង្កង សម្រាប់នាំចេញទៅក្រៅប្រទេស

ហ្សាការតា៖ ក្រសួងជលផលរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ការសាកល្បងបានទទួលជោគជ័យក្នុងការផលិតបង្កងមានទំហំធំល្អសម្រាប់ទីផ្សារអន្តរជាតិ ហើយបានលក់ទៅឱ្យប្រទេសសិង្ហបុរី។ លោកអគ្គនាយកផ្នែកវារីវប្បកម្មឥណ្ឌូណេស៊ី បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីអាចចិញ្ចឹមបង្កងចាប់ពីដំណាក់កាលកូនបង្កង រហូតដល់មានទំហំគ្រប់គ្រាន់សម្រាប់ទីផ្សារអន្តរជាតិ។ លោកអគ្គនាយក បានមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ថា​ «នេះបង្ហាញថា យើងអាចចិញ្ចឹមបង្កងឱ្យធំតមាទំហំទីផ្សារត្រូវការ ហើយអាចលក់ និងនាំចេញបាន»។ លោកបានបន្ថែមថា បង្កងជិត ៣៤០ គីឡូក្រាម របស់កម្មវិធីចិញ្ចឹមសាកល្បងត្រូវបាននាំចេញទៅលក់ឱ្យប្រទេសសិង្ហបុរី និងទទួលបានការឆ្លើយតបជាវិជ្ជមានពីទីផ្សារ។ ការនាំចេញលើកក្រោយ ត្រូវបានកំណត់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ លោកបាននិយាយថា ក្រសួងជលផលរបស់ប្រទេសឥណ្ឌូណេស៊ី មានគម្រោងរពង្រីកកម្មវិធីចិញ្ចឹមបង្កង ដែលទទួលបានជោគជ័យទៅកាន់តំបន់ផ្សេងៗទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ចំណែកពាណិជ្ជករនាំចេញក្តាម និងបង្កងទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសចិន បាននិយាយថា បង្កងចិញ្ចឹមដោយ មជ្ឈមណ្ឌលជលផលវារីវប្បកម្មសមុទ្ររបស់ឥណ្ឌូណេស៊ី មានសក្តានុពលខ្ពស់នៅលើទីផ្សារអន្តរជាតិ។ លោកបាននិយាយថា មុននឹងប្រមូលផលបង្កងក្នុងទ្រង់ទ្រាយធំ ក្រុមហ៊ុនរបស់លោកបានសាកល្បងធ្វើតេសនៅទីផ្សារក្នុងប្រទេសសិង្ហបុរី ហើយបង្ហាញថា បង្កងទាំងនោះនៅតែមានគុណភាពល្អ។ លោកបាននិយាយថា «គុណភាពគឺល្អ ហើយបង្កងនៅតែមានសុខភាពល្អ។ ពួកវាបានមកដល់កន្លែងរក្សាទុកក្នុងសភាពល្អ។ យើងក៏បានសាកល្បងនាំចេញទៅសិង្ហបុរីផងដែរ ហើយការឆ្លើយតប គឺមានភាពវិជ្ជមានខ្លាំង»។ លោកបាននិយាយថា ទីផ្សារបង្កងចិញ្ចឹមរបស់ឥណ្ឌូណេស៊ី មានសក្តានុពលរីកចម្រើនយ៉ាងខ្លាំង […]

កាលវិភាគផ្សព្វផ្សាយ