ដោយ ហៃ ស៊ីណា
ភ្នំពេញ៖ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេសនៅមានបរិមាណតិចតួចខ្លាំង ដោយសារតែការមិនទាន់បានអនុវត្តទៅតាមស្តង់ដារ ដែលបានកំណត់ឱ្យបានត្រឹមត្រូវ។
បណ្ដាញសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា បានធ្វើការប៉ាន់ប្រមាណថា ផលិតផលរបស់ខ្លួន មានតែត្រឹមបីទៅ ប្រាំប៉ុណ្ណោះ ដែលអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិបាន។
លោក ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានឱ្យដឹងថា បើគិតមកទល់ពេលនេះ មានផលិផលកែច្នៃរបស់សហគ្រាសក្នុងស្រុកជាច្រើនមិនទាន់បានអនុវត្តតាមទៅស្តង់ដារតម្រូវគ្រប់គ្រាន់សម្រាប់ការនាំចេញ។
លោកបានពន្យល់ថា ផលិតផលដែលបាននាំចេញរួមមាន ម្រេចកំពត ទឹកត្រី ទឹកស៊ីអៀវ គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង ព្រមទាំងផលិតកែច្នៃពីអង្ករផ្ការំដួល ដំណាប់ស្វាយ ដំណាប់ចេក ស្រាវចេក នាំចេញទៅកាន់ទីផ្សារចិន កូរ៉េ និងសហគមអឺរ៉ុប។
ទោះជាយ៉ាងណា លោកនិយាយថា ផលិតផលខ្មែរចាប់ផ្តើមមានការទទួលស្គាល់ពីទីផ្សារអន្តរជាតិកាន់តែទូលំទូលាយជាងមុន នឹងមានការគាំទ្រទាំងគុណភាពនិងស្តង់ដារ។
លោកស្រី កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនលីលីហ្វូតគ្រុបបានឱ្យដឹងថា មូលហេតុដែលក្រុមហ៊ុនលីលីអាចនាំចេញទៅទីផ្សារក្រៅប្រទេសបាន ដោយសារតែការផលិតផ្តោតលើគុណភាព សុវត្ថិភាព និងស្តងដាពីស្ថាប័នដែលទទួលស្គាល់ជាអន្តរជាតិ។
លោកស្រី បានបន្តថា ទោះបីជាផលិតផលយើងមានស្ត់ដា ISO ស្តង់ដារ ហាសាប់ (HACCP) និងស្តង់ដារហាឡាល (Halal Standard)ក៏ដោយ ក៏មិនអាចនាំចេញទៅបានដែរ លុះត្រាតែអនុវត្តតាមលក្ខ័ណ្ឌនិងស្តង់ដាតម្រូវទៅតាមប្រទេសនីមួយៗ ទើបអាចនាំចេញទៅបាន។
ប្រទេសកម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យមចំនួនជាង៧៥ម៉ឺនមូលដ្ឋាន មានកម្លាំងពលកម្មសរុបជិតបី លាននាក់ ក្នុងនោះស្ត្រីមានជាង១,៨ លាននាក់៕







