កូឡុំបូ៖ សមាគមអ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញបន្លែផ្លែឈើ ស្រីលង្កា កំពុងជួយបង្កើនប្រាក់ចំណូលពីការនាំចេញបន្លែផ្លែឈើឱ្យដល់ទំហំទឹកប្រាក់១១៦លានដុល្លារ នៅឆ្នាំ២០២៧ ដើម្បីចូលរួមគាំទ្រដល់គោលដៅបង្កើនប្រាក់ចំណូលពីការនាំចេញ ដែលមានចំនួន៣៦ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០។
យោងតាមសមាជិកក្រុមប្រឹក្សាភិបាល និងជាអ្នកសម្របសម្រួលថ្នាក់ជាតិរបស់សមាគម ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាទីផ្សារនាំចេញដ៏សំខាន់ជាងគេរបស់វិស័យនេះ បន្ទាប់មកមានទីផ្សារនៅអាស៊ីបូព៌ា អឺរ៉ុប អាម៉េរិកខាងជើង និងអូស្ត្រាលី។
ចេកនៅតែជាផលិតផលដ៏សំខាន់មួយ ដែលរួមចំណែកដល់ការនាំចេញផ្លែឈើស្រស់ ខណៈប្រាក់ចំណូលពីការនាំចេញម្នាស់ បានកើនឡើងពី៨៣ម៉ឺនដុល្លារ ទៅ១,៦លានដុល្លារ ក្នុងឆ្នាំ២០២៥។
បញ្ហាប្រឈមរបស់វិស័យនេះ រួមមាន ការផ្គត់ផ្គង់មិនទៀងទាត់ ការបែងចែកដីកសិកម្មជាក្បាលដីតូចៗ និងដាច់ពីគ្នា ថ្លៃដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវសមុទ្រ កង្វះខាតមណ្ឌលកែច្នៃ និងរក្សាទុកផលិតផល ពិបាករកបានទីផ្សារ ការបដិសេធទំនិញនាំចេញដោយសារសំណល់ថ្នាំសម្លាប់សត្វល្អិត ការចំណាយលើការខ្ចីប្រាក់ និងកង្វះកម្លាំងពលកម្មកសិកម្ម។
ចំណែកអ្នកនាំចេញកំពុងស្នើសុំឱ្យមានការគាំទ្រពីរដ្ឋាភិបាល តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភលើថ្លៃដឹកជញ្ជូន ឬការធានាកន្លែងរក្សាទុកទំនិញសម្រាប់ផលិតផលងាយខូចគុណភាព។ ពួកគេក៏ស្នើសុំការលើកលែងពន្ធលើសម្ភារៈវេចខ្ចប់ ឧបករណ៍បន្ទប់រក្សាទុកត្រជាក់ កុងតឺន័រដឹកជញ្ជូនត្រជាក់ និងសម្ភារៈសម្រាប់សាងសង់ផ្ទះសំណាញ់ ឬផ្ទះកញ្ចក់។
សមាគមក៏បានស្នើឱ្យបញ្ចុះតម្លៃអគ្គិសនីសម្រាប់រោងចក្រវេចខ្ចប់ផលិតផលកសិកម្ម និងឃ្លាំងស្តុកទុកក្នុងសីតុណ្ហភាពត្រជាក់ ផ្តល់ប្រាក់កម្ចីដើមទុនបង្វិលក្នុងលក្ខខណ្ឌអនុគ្រោះ ពន្យារពេលសងប្រាក់កម្ចីសម្រាប់អ្នកនាំចេញផលិតផល ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ ព្រមទាំងផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ការទទួលបានវិញ្ញាបនបត្រអនុវត្តកសិកម្មល្អពិភពលោក (Global G.A.P.) និង HACCP និងការធ្វើតេស្តនៅមន្ទីរពិសោធន៍៕ (ផាន់ អាណា)





