កដ្ឋមណ្ឌូ៖ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បានអំពាវនាវស្វែងរកថវិកាចំនួន ២៨លានដុល្លារ ដើម្បីផ្គត់ផ្គង់ស្បៀងអាហារនៅតាមសហគមន៍ ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ កាលពីខែសីហា ដោយព្រមានថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ការរំខានដល់ជីវភាពរស់នៅ និងការចូលមកដល់នៃរដូវរងា គឺឧបសគ្គរារាំងដល់ដំណើរការស្តារឡើងវិញ។
អង្គការនេះបានឱ្យដឹងថា បីខែបន្ទាប់ពីគ្រោះមហន្តរាយនេះ ប្រជាជននេប៉ាល់ ជាច្រើននៅតែបន្តស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ខណៈផ្លូវថ្នល់ និងស្ពានត្រូវខូច ធ្វើឱ្យពិបាកដល់ការធ្វើដំណើរទៅកាន់ទីផ្សារ ការទទួលបានសេវាកម្ម និងឱកាសរកប្រាក់ចំណូល។
យោងតាមកម្មវិធីស្បៀងអាហារពិភពលោក ការខាតបង់ដោយសារទឹកជំនន់លើលំនៅឋាន ដីកសិកម្ម សត្វចិញ្ចឹម និងទ្រព្យសម្បត្តិផ្សេងៗ ដែលប្រើប្រាស់សម្រាប់ផលិតកម្ម បានធ្វើឱ្យប្រាក់ចំណូលរបស់ប្រជាជននេប៉ាល់ធ្លាក់ចុះ និងខ្វះស្បៀងអាហារ ជាពិសេសនៅតំបន់មានកម្ពស់ខ្ពស់ ដែលអាកាសធាតុត្រជាក់ខ្លាំង។
ក្រោយពេលគ្រោះទឹកជំនន់កើតឡើងភ្លាមៗ ទីភ្នាក់ងារនេះបានផ្តល់ជំនួយស្បៀងអាហារបន្ទាន់ដល់មនុស្សជាង២ម៉ឺននាក់ និងផ្តល់ជំនួយមនុស្សធម៌ចំនួន៩១៩តោន ដោយប្រើប្រាស់រថយន្តដឹកទំនិញ ឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើកសម្រាប់ដឹកទំនិញ ទៅដល់សហគមន៍ដាច់ស្រយាល។
លោក អេនឌ្រៀ បេរ៉ាដូ (Andrea Berardo) នាយករងប្រចាំប្រទេសនេប៉ាល់នៃកម្មវិធីស្បៀងអាហារពិភពលោក បានមានប្រសាសន៍ថា ជំនួយបន្ទាន់បានជួយដល់គ្រួសារជាច្រើនក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ដំបូងនៃវិបត្តិនេះ ប៉ុន្តែការស្តារឡើងវិញនឹងត្រូវការពេលវេលាយូរជាងនេះឆ្ងាយណាស់។
លោកបានអំពាវនាវឱ្យមានការគាំទ្រ ដើម្បីបង្កើនប្រាក់ចំណូល ភ្ជាប់សហគមន៍ជាមួយទីផ្សារឡើងវិញ និងជួយគ្រួសាររងគ្រោះអាចស្តារជីវភាពរស់នៅឡើងវិញ។
លោកបានបន្ថែមថា ការស្តារឡើងវិញមិនមែនគ្រាន់តែជាការកសាងផ្លូវថ្នល់ និងស្ពានឡើងវិញប៉ុណ្ណោះទេ។ ប៉ុន្តែ ត្រូវជួយកសិករឱ្យអាចនាំផលិតផលកសិកម្មទៅកាន់ទីផ្សារបានឡើងវិញ បង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ និងការធានាថា គ្រួសាររងគ្រោះអាចមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ៕ (ផាន់ អាណា)





