បាងកក៖ ប្រទេសថៃបានបង្កើនការតាមដានគុណភាពទឹកតាមបណ្តោយទន្លេមេគង្គ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការបំពុលដោយសារធាតុស្យ៉ានីត (Cyanide) ធ្វើឱ្យត្រីងាប់យ៉ាងច្រើន និងលេចមុខត្រីឆ្លាំងបិសាចយ៉ាងចម្លែក នៅក្នុងប្រទេសថៃ។
ក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ បានបង្កើនការឃ្លាំមើលគុណភាពទឹកក្នុងទន្លេមេគង្គ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការបំពុលដោយសារធាតុស្យ៉ានីត និងលោហៈធ្ងន់។
ការវិភាគជាបន្តបន្ទាប់លើសំណាកទឹក និងដីដែលប្រមូលបានពីទីតាំងជាង២០កន្លែង ត្រូវបានរាយការណ៍ថា បានរកឃើញកំហាប់សារធាតុស្យ៉ានីត ព្រមទាំងមានកំហាប់បារត និងសំណខ្ពស់លើសកម្រិតផងដែរ។
កាលពីថ្ងៃទី៩ និងទី១០ ខែវិច្ឆិកាឆ្នាំ២០២៦ អាជ្ជាធរថៃបានប្រមូលសំណាកទឹក និងកករពីបាតទន្លេមេគង្គ ព្រមទាំងបន្តប្រមូលសំណាកបន្ថែមទៀត ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា នៅទូទាំងខេត្តចំនួនបី រួមមាន ខេត្តណងខៃ បឹងកាន និងណាខនផាណុម។
ស្យ៉ានីត គឺជាសារធាតុគីមីមានជាតិពុលខ្លាំង អាចបង្កគ្រោះថ្នាក់ដល់មនុស្ស និងសត្វ ប្រសិនបើវាចូលទៅក្នុងរាងកាយច្រើនរើសកម្រិត។
សារធាតុស្យ៉ានីត ត្រូវបានគេប្រើក្នុងឧស្សាហកម្មរ៉ែមាស ឬរោងចក្រឧស្សាហកម្មផលិតសារធាតុគីមី។ ចំណែករុក្ខជាតិខ្លះ ក៏មានសារធាតុស្យ៉ានីតដែរ ដូចជាដំឡូងមី ប្រសិនបើកែច្នៃមិនបានល្អ វាថអាចធ្វើឱ្យពុលតែម្តង។
កាលពីពេលថ្មីៗកន្លងមកនេះ អាជ្ញាធរថៃ បានរកឃើញត្រីឆ្លាំងចម្លែកជាបន្តបន្ទាប់ ដែលអ្នកខ្លះហៅថា ត្រីហ្សុំប៊ី ត្រីឆ្លាំងខ្មោចឆៅ ឬត្រូវត្រីបិសាច នៅក្នុងទន្លេមេគង្គ ភាគឦសានប្រទេសថៃ រហូតធ្វើឱ្យប្រជាពលរដ្ឋថៃភ័យជ្រួលច្របល់ រត់រកគ្រូទាយ។
ត្រីឆ្លាំងប្រភេទនេះជាច្រើនក្បាល មានពងបែក ដុំពកពេញខ្លួន និងប្រែពណ៌ខុសប្រក្រតី។ អ្នកអភិរក្សបរិស្ថានសង្ស័យថា ត្រីកើតជំងឺបែបនេះបណ្តាលមកពីការបំពុលសារធាតុស្យ៉ានីត។
អាជ្ញាធរថៃ កាលពីខែសីហា និងកញ្ញា ឆ្នាំ២០២៦ បានរកឃើញសារធាតុពុលអាសេនិច (Arsenic) លើសកម្រិត។ កាលពីដើមខែវិច្ឆិកានេះ គេថៃបានរកឃើញសារធាតុអាសេនិចខ្ពស់លើសស្តង់ដារដល់ទៅ៣០ដង នៅតាមទន្លេមួយ ក្នុងខេត្តឈៀងរ៉ៃ ដែលហូរចូលទៅក្នុងទន្លេមេគង្គ។
ការបំពុលនេះកំពុងគំរាមកំហែងដោយផ្ទាល់ដល់ពលរដ្ឋប្រមាណ៦៩លាននាក់ រស់នៅតាមដងទន្លេមេគង្គ ព្រោះទឹកទន្លេត្រូវបានបូមយកទៅប្រើប្រាស់សម្រាប់ទទួលទាន និងស្រោចស្រពដំណាំ។ ចំណែកត្រីអណ្តែង បិសាចនេះ គឺជាអាហារពេញនិយមរបស់ពលរដ្ឋថៃ
អ្នកស្រាវជ្រាវព្រមានថា ការបរិភោគត្រីមានផ្ទុកសារធាតុលោហៈច្រើន ដូចជា អាសេនិច បារត សំណ និងកាដមីញ៉ូម អាចបំផ្លាញសរីរាង្គខាងក្នុងខ្លួនមនុស្ស និងប៉ះពាល់ដល់ប្រព័ន្ធប្រសាទ៕ (ផាន់ អាណា)





