ប៉េកាំង៖ ប្រទេសចិនកំពុងពង្រឹងតួនាទីគាំទ្ររបស់ធនធានមនុស្ស និងឧបករណ៍ឌីជីថល ទៅក្នុងការអភិវឌ្ឍឧស្សាហកម្មជនបទ ស្របពេលប្រទេសចិនកំពុងតែធ្វើទំនើបកម្មវិស័យកសិកម្ម។
ប្រទេសចិនកំពុងតែខិតខំជំរុញពលករចំណាកស្រុក និងយុវជនមានជំនាញបច្ចេកវិទ្យា ឱ្យក្លាយជាប្រភពធនធានមនុស្សប្រកបដោយនិរន្តរភាព សម្រាប់ធ្វើទំនើបកម្មកសិកម្ម ព្រមទាំងអាចពង្រីកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យកសិកម្ម។
ចិនបានលើកយកបទពិសោធថ្មីមួយរបស់ប្រជាជនរស់នៅតាមជនបទ ក្នុងខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ដែលពលករចំណាកស្រុកវ័យក្មេងកាន់តែច្រើនឡើងៗ បានវិលត្រឡប់ពីទីក្រុងទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ ហើយប្រឹងប្រែងបង្កើតមុខរបរថ្មី។ ដូច្នេះ អាជ្ញាធរមូលដ្ឋានបានបង្កើតកម្មវិធីបណ្តុះបណ្តាលពួកគេឱ្យមានជំនាញផ្នែកបច្ចេកទេស និងការគ្រប់គ្រងអាជីវកម្ម ដើម្បីជួយឱ្យពួកគេក្លាយជាកសិករអាជីពជំនាន់ថ្មី។
គោលដៅសំខាន់របស់អាជ្ញាធរមូលដ្ឋាន គឺជួយឱ្យកសិករជំនាន់ថ្មី អាចផ្លាស់ប្តូរពីការធ្វើកសិកម្មបែបប្រពៃណី ទៅជាការធ្វើកសិកម្មឆ្លាតវៃ។ បច្ចុប្បន្ន យុវជនទាំងនេះកំពុងតែប្រើប្រាស់គ្រឿងយន្តឆ្លាតវៃ និងបណ្តាញឧបករណ៍ចាប់សញ្ញា។ ចំណែកអ្នកដាំដំណាំបានបបួលគ្នាបង្កើតជាសហគមន៍ ដើម្បីដាំដំណាំមានតម្លៃខ្ពស់ សម្រាប់ផ្គត់ផ្គង់តាមតម្រូងការទីផ្សារ។
អាជ្ញាធរចិនបានចាត់ទុកថា ការអភិវឌ្ឍភូមិមួយ ត្រូវពឹងផ្អែកលើសមត្ថភាពរបស់អ្នកជំនាន់ថ្មី ដែលសម្រេចចិត្តរស់នៅ និងកសាងជីវភាពនៅក្នុងស្រុកកំណើតរបស់ខ្លួន។
ចំណែក នាយកមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជនបទ នៃក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ចិន បានកត់សម្គាល់ថា ឧបករណ៍ឌីជីថលក៏កំពុងដើរតួនាទីកាន់តែធំក្នុងការជំរុញការធ្វើកសិកម្មឆ្លាតវៃផងដែរ។
លោកបានមានប្រសាសន៍ថា កាលពីមុន កសិករភាគច្រើនធ្វើកសិកម្មដោយសង្កេតមើលមេឃ និងដី ព្រមទាំងពឹងផ្អែកលើបទពិសោធន៍។ ប៉ុន្តែ អ្វីដែលកំពុងផ្លាស់ប្តូរនាពេលនេះ គឺកសិករចាប់ផ្តើមពឹងផ្អែកលើទិន្នន័យ វិធីសាស្ត្រដោះស្រាយ និងមើលអេក្រង់បច្ចេកវិទ្យាឌីជីថល។
ការផ្លាស់ប្តូរនេះ ទទួលបានការគាំទ្រ តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមតំបន់ជនបទ។ ភូមិជាង៩៥ភាគរយ នៅក្នុងប្រទេសចិន មានសេវាបណ្តាញអីនធឺណិត 5G ហើយអត្រាប្រើប្រាស់អ៊ីនធឺណិតនៅតាមតំបន់ជនបទ បានកើនឡើងដល់ជិត៧០ភាគរយ។ ដូច្នេះ ក្រុមកសិករវ័យក្មេងមានលទ្ធភាពចាប់យកបច្ចេកវិទ្យាកសិកម្មជំនាន់ថ្មី ដើម្បីបម្រើដល់ការដាំដំណាំរបស់ខ្លួន៕ (ផាន់ អាណា)





