ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ ស្បៀងអាហារជិត១៧ភាគរយ នៅអាស៊ីអាគ្នេយ៍បានបាត់បង់ ឬមានការខ្ជះខ្ជាយ ដែលជាចាំបាច់ត្រូវកែលម្អបច្ចេកទេសសម្ងួត ការរក្សាទុក ការកែច្នៃ ការវេចខ្ចប់ និងបច្ចេកវិទ្យាធ្វើតេស្ត ដើម្បីកាត់បន្ថយការខាតបង់ និងបង្កើនតម្លៃសម្រាប់កសិករ និងអាជីវកម្មក្នុងវិស័យស្បៀងអាហារ។
បណ្ដាប្រទេសអាស៊ាន រួមទាំងកម្ពុជាផង ចាំបាច់ត្រូវកែលម្អបច្ចេកទេសសម្ងួត ការរក្សាទុក ការកែច្នៃ ការវេចខ្ចប់ និងបច្ចេកវិទ្យាធ្វើតេស្ត ដើម្បីកាត់បន្ថយការខាតបង់ និងបង្កើនតម្លៃកសិផល និងអាជីវកម្មក្នុងវិស័យស្បៀងអាហារ នេះបើតាមលោក សាតវីនឌ័រ ស៊ីង (Satvinder Singh) អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងសិក្ខាសាលារួម និងទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍រយៈពេល២ថ្ងៃ ស្តីពីនវានុវត្តន៍ម្ហូបអាហារ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ និង១១ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោកបានថ្លែងទៀតថា នវានុវត្តន៍ម្ហូបអាហារមានសារៈសំខាន់ក្នុងការជួយឱ្យអាជីវកម្មក្នុងតំបន់ផ្លាស់ប្តូរពីការនាំចេញផលិតផលកសិកម្មឆៅ ទៅរកការផលិត និងកែច្នៃផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។ លោកបានបញ្ជាក់បន្ថែមថា ការច្នៃប្រឌិតក្នុងវិស័យស្បៀងអាហារ គឺជាមធ្យោបាយសំខាន់ក្នុងការរក្សាទុក និងបង្កើនតម្លៃសេដ្ឋកិច្ចនៃផលិតផលនៅក្នុងតំបន់។
បណ្ឌិត ហ៊ុល សៀងហេង ប្រធានគណៈកម្មាធិការជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ថ្លែងថា សហគ្រាសផលិតម្ហូបអាហារក្នុងតំបន់ ជាពិសេសសហគ្រាសធុនតូច និងមធ្យម នៅតែជួបការលំបាកក្នុងការទទួលបានបច្ចេកវិទ្យាទំនើប និងការបំពេញតាមស្តង់ដារសុវត្ថិភាព និងគុណភាពស្បៀងអាហារដែលកាន់តែតឹងរ៉ឹង។
លោកបានសង្កត់ធ្ងន់ថា ដូច្នេះ អាស៊ានចាំបាច់ត្រូវពង្រឹងទំនាក់ទំនងរវាងស្ថាប័នស្រាវជ្រាវ សាកលវិទ្យាល័យ ទីភ្នាក់ងាររដ្ឋាភិបាល និងវិស័យឯកជន ដើម្បីប្រែក្លាយចំណេះដឹងវិទ្យាសាស្ត្រ និងការអភិវឌ្ឍបច្ចេកវិទ្យាទៅជាដំណោះស្រាយជាក់ស្តែង និងផលិតផលដែលអាចដាក់លក់លើទីផ្សារបាន។
សិក្ខាសាលរយៈពេលពីរថ្ងៃនៅកម្ពុជា បានប្រមូលផ្តុំ មន្ត្រីរដ្ឋាភិបាលមន្ត្រីអាស៊ាន អ្នកស្រាវជ្រាវ និងតំណាងធុរកិច្ច មកពីប្រទេសជុំវិញតំបន់អាស៊ាន បានពិភាក្សាជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ម្ហូបអាហារ ដើម្បីពង្រឹងសន្តិសុខស្បៀង គាំទ្រសហគ្រាសធុនតូច និងមធ្យម ព្រមទាំងបង្កើនតម្លៃបន្ថែមពីផលិតផលកសិកម្មក្នុងតំបន់៕






