ភ្នំពេញ៖ កម្ពុជាកំណត់គោលដៅចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបាន ២លាននាក់ ត្រឹមឆ្នាំ២០២៨ ខណៈបច្ចុប្បន្នសម្រេចបានជាង៥៣ម៉ឺននាក់ហើយ។ រាជរដ្ឋាភិបាលកំពុងជំរុញការផ្តល់អត្ថប្រយោជន៍ផ្នែកសន្តិសុខសង្គម ជំនាញវិជ្ជាជីវៈ និងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ជីវភាព និងពង្រឹងអាជីវកម្មរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
កម្ពុជាបានដាក់គោលដៅចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានយ៉ាងតិច២លាននាក់ ត្រឹមឆ្នាំ២០២៨ ខណៈបច្ចុប្បន្នមានជាង៥៩ម៉ឺននាក់ បានចុះឈ្មោះរួចរាល់។ នេះបើតាមលោករដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោកហែម វណ្ណឌី បានបញ្ជាក់ថា ការសម្រេចចុះឈ្មោះបាន៥០ម៉ឺននាក់ ជាសក្ខីភាពបង្ហាញពីការផ្តល់តម្លៃ និងការទទួលស្គាល់ផ្លូវការរបស់រដ្ឋាភិបាលចំពោះតួនាទី របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងសង្គម និងសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមិនទាន់បានចុះឈ្មោះ គួរទៅចុះឈ្មោះ ដើម្បីចាប់យកឱកាសនិងអត្ថប្រយោជន៍នានាដែលរាជរដ្ឋាភិបាលបានគិតគូរដល់ពួកគាត់ ហើយការចុះឈ្មោះនេះ គឺត្រូវធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត មិនមានការបង់កម្រៃសេវាអ្វីទាំងអស់។
គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានសំណើចុះឈ្មោះសរុបជាង៥៦ម៉ឺន ក្នុងនោះ៥៣ម៉ឺនសំណើ ត្រូវបានអនុម័តរួចរាល់។ ប្រមាណ៩៥ភាគរយនៃអ្នកស្នើសុំបានចុះឈ្មោះដោយខ្លួនឯង ដែលភាគច្រើនតាមរយៈកម្មវិធីទូរសព្ទដៃ។
ថ្នាលឌីជីថល CAM-IE ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០២៤ ហើយបច្ចុប្បន្នទទួលបានសំណើចុះឈ្មោះជាមធ្យមប្រមាណ២.០០០សំណើក្នុងមួយថ្ងៃ៕






