ម៉ានីល៖ ប្រទេសហ្វីលីពីនបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មមានតម្លៃសរុប២៧លានដុល្លារ ជាមួយក្រុមហ៊ុនចិន ដែលបើកឱកាសទីផ្សារបន្ថែមទៀតសម្រាប់អ្នកផលិត និងអ្នកនាំចេញផ្លែទុរេនហ្វីលីពីន។
ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងថា កិច្ចព្រមព្រៀងទាំងនេះត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលរៀបចំពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៩ ឆ្នាំ២០២៦ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងការទិញផ្លែទុរេនបង្កក។
កិច្ចព្រមព្រៀងទីមួយ ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការយុទ្ធសាស្ត្ររយៈពេលមួយឆ្នាំ ក្នុងតម្លៃ១៧លានដុល្លារ ដោយទិញផ្លែទុរេនចាប់ពីខែវិច្ឆិកាឆ្នាំ២០២៦ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៧។
ចំណែកកិច្ចព្រមព្រៀងទីពីរ គឺជាកិច្ចសន្យាទិញផ្លែទុរេនបង្កក មានតម្លៃ១០លានដុល្លារ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៧។
ក្រសួងកសិកម្មបានឱ្យដឹងថា ប្រតិបត្តិការក្រោមយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមបញ្ចូលគ្នារវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនហ្វីលីពីន មានគោលបំណងទិញ និងចែកចាយផ្លែទុរេនបង្កកនៅទូទាំងទីផ្សារប្រទេសចិន ដោយសហការជាមួយកសិករប្រមាណ២ ០០០នាក់។
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មហ្វីលីពីន បានមានប្រសាសន៍ថា ប្រតិបត្តិការពាណិជ្ជកម្មទាំងនេះនឹងជួយពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្មក្នុងស្រុក។
ដោយឡែក លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) រដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា ឱកាសនាំចេញ ដែលកាន់តែល្អមិនត្រឹមតែជួយបង្កើនប្រាក់ចំណូលរបស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មកសិកម្មរបស់ប្រទេសហ្វីលីពីនជាមួយប្រទេសចិន។
លោកបានមានប្រសាសន៍ទៀតថា តាមរយៈការពង្រីកទីផ្សារនៅក្រៅប្រទេស ហ្វីលីពីនមិនត្រឹមតែពង្រឹងជំហរពាណិជ្ជកម្មកសិកម្មរបស់ខ្លួន តាមរយៈការបង្កើនចំណូលពីការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការវិនិយោគលើវិស័យកសិកម្មផងដែរ៕ (ផាន់ អាណា)







