ហ្សាការតា៖ ក្រសួងកិច្ចការដីធ្លី និងនគរូបនីយកម្មរបស់ប្រទេសឥណ្ឌូណេស៊ី បានដកហូតសិទ្ធិប្រើប្រាស់ដីធ្លី របស់ក្រុមហ៊ុនក្នុងស្រុកយ៉ាងហោចណាស់១១ក្រុមហ៊ុន ដែលជាប់ពាក់ព័ន្ធនឹងករណីដុតព្រៃ ដើម្បីទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ។
ក្រុមហ៊ុនត្រូវបានដកហូតសិទ្ធិប្រើប្រាស់ដីទាំងនេះ ដោយផ្អែកលើការពិនិត្យរបស់ក្រសួង និងអនុសាសន៍របស់នាយកដ្ឋានស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌនៃនគរបាលជាតិ ក្រោយពីរកឃើញបទល្មើសដុតបំផ្លាញព្រៃឈើ ដើម្បីវាទយកដីដោយខុសច្បាប់។
រដ្ឋមន្ត្រីក្រសួងកិច្ចការដីធ្លី លោក នូស្រុន វ៉ាហ៊ីដ (Nusron Wahid) បានប្រកាសកាលពីដើមសប្តាហ៍នេះថាប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌនៃនគរបាលជាតិ បានសុំឱ្យដកហូតសិទ្ធិប្រើប្រាស់ដីដាំដុះរបស់ក្រុមហ៊ុន។
ក្រុមហ៊ុនទាំងនេះ កំពុងគ្រប់គ្រងលើដីសម្បទានមានទំហំសរុបជា១ ៣០០ហិកតា ហើយតំបន់ទាំងនោះធ្លាប់រងគ្រោះដោយសារភ្លើងឆេះព្រៃឈើ និងដីធ្លីជាញឹកញាប់ ជាពិសេសពាក់ព័ន្ធនឹងករណីភ្លើងឆេះព្រៃក្នុងទ្រង់ទ្រាយធំ ពេលមានរលកកម្ដៅ បង្កឡើងដោយបាតុភូតអែលនីញ៉ូ ឆ្នាំ២០២៦នេះ។
លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងនឹងមិនចេញសិទ្ធិសម្បទានដីឱ្យក្រុមហ៊ុនទាំងនេះទៀតឡើយ ហើយអាជ្ញាធរនឹងបន្តតាមដានសកម្មភាពរបស់ក្រុមហ៊ុនទាំងនេះ ដើម្បីកុំឱ្យលួចដុតព្រៃទៀត។
កាលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ភ្នាក់ងារស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌនៃនគរបាលជាតិឥណ្ឌូណេស៊ី បានសុំឱ្យរដ្ឋាភិបាលដកហូតអាជ្ញាបណ្ណអាជីវកម្មក្រុមហ៊ុនចំនួន២៣ ដែលជាប់សង្ស័យថា មានការទទួលខុសត្រូវចំពោះករណីភ្លើងឆេះព្រៃយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេសឥណ្ឌូណេស៊ី។
សំណើរនេះត្រូវបានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតនៅទូទាំងប្រទេសឥណ្ឌូណេស៊ី ដែលបានរកឃើញថា ភ្លើងបានឆាបឆេះព្រៃម្តងហើយម្តងទៀត នៅក្នុងព្រំប្រទល់ដីសម្បទានរបស់ក្រុមហ៊ុនទាំងនេះ។
ទិន្នន័យរបស់នគរបាលឥណ្ឌូណេស៊ី បានបង្ហាញថា មានរបាយការណ៍ផ្លូវការចំនួន១០៤ករណី ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់ក្រុមហ៊ុនសម្បទាន ដែលធ្វើឱ្យឆេះព្រៃអស់ទំហំសរុបជាង២៩ ០០០ហិកតា៕ (ផាន់ អាណា)







