សេអ៊ូល៖ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង គ្រោងបំផ្លាញចោលស្ពៃបូកគោ ចំនួន៣០ ០០០តោន នៅតាមតំបន់ដាំដុះមួយចំនួន បន្ទាប់ពីតម្លៃទីផ្សារក្នុងស្រុកធ្លាក់ចុះខ្លាំងពេក។
បរិមាណប្រមូលផលស្ពៃរបស់កូរ៉េ បានឈានដល់បិរមាណជា១លានតោន កើនឡើង១៩ភាគរយ បើធៀបនឹងឆ្នាំមុន។ ចំណែកផលិតកម្មស្ពៃបូកគោ ដែលគ្រោងចាប់ផ្តើមប្រមូលនៅខែធ្នូ ត្រូវបានព្យាករថា នឹងមានបរិមាណជាង២៦ម៉ឹនតោន កើនឡើង៧ភាគរយ បើធៀបនឹងឆ្នាំមុន និងខ្ពស់ជាងមធ្យមភាគ១១ភាគរយ។
ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ តម្លៃលក់ដុំស្ពៃបូកគោជាមធ្យមមានប្រហែល១,៣០ដុល្លារក្នុងមួយដុំ ខណៈតម្លៃលក់រាយប្រហែល២,២០ដុល្លារក្នុងមួយដុំ។
ក្រសួងមានបំណងបំផ្លាញចោលស្ពៃបូកគោប្រមាណ៣០ ០០០តោន ដោយផ្តល់សំណងដល់កសិករ ក្នុងតម្លៃខ្ពស់ជាងថ្លៃដើមផលិត។
រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏កំពុងពិចារណាទិញស្ពៃបូកគោបន្ថែមផងដែរ ប្រសិនបើតម្លៃនៅតែបន្តធ្លាក់ចុះក្រោយរដូវធ្វើគីមឈី។
កាលពីពាក់កណ្ដាលខែតុលា ឆ្នាំ២០២៦ កូរ៉េបាននាំចេញស្ពៃបូកគោចំនួន៩០តោន ទៅកាន់ទីផ្សារប្រទេសជប៉ុន ដើម្បីកាត់បន្ថយសម្ពាធធ្លាក់ថ្លៃនៅក្នុងស្រុក ព្រមទាំងនាំមកវិញនូវប្រាក់ចំណូលសម្រាប់កសិករកូរ៉េ។
តម្រូវការស្ពៃបូកគោនាំចេញពីប្រទេសកូរ៉េខាងត្បូង បានកើនឡើងនៅក្នុងប្រទេសជប៉ុន បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការរកឃើញសារធាតុថ្នាំហ្វ័រម៉ុលបង្កមហារីក មានជ្រលក់នៅក្នុងស្ពៃបូកគោរបស់ចិន៕ (ផាន់ អាណា)





