ភ្នំពេញ៖ សហគមន៍កសិកម្មទំនើបខេមស៊ីដមានផែនការពង្រីកផលិតកម្មស្រូវពូជសែនក្រអូប ០១ ស្រូវស្រង៉ែ និងស្រូវផ្ការក្រវ៉ាន់ដែលជាពូជមិនប្រាកន់រដូវ ចាប់ពីខែធ្នូ ឆ្នាំ២០២៦ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ខាងមុននេះឱ្យបាន៨០០តោន សម្រាប់ផ្គត់ផ្គង់ជូនកសិករ។
ដើម្បីអនុវត្តផែនការនេះ សហគមន៍ត្រូវការស្នើសុំអន្តរាគមន៍ពីរាជរដ្ឋាភិបាលនូវឥណទានចំនួន១២ម៉ឺនដុល្លារ ដែលមានអត្រាការប្រាក់សមរម្យ យកមកប្រមូលទិញស្រូវដែលបានចុះកិច្ចសន្យាជាមួយបងប្អូនប្រជាកសិករ។
សហគមន៍ផលិតស្រូវពូជមួយឈ្មោះថា ខេមស៊ីដ មានគម្រោងប្រមូលទិញស្រូវពីកសិករ ដើម្បីយកមកផលិតស្រូវពូជ ឱ្យបាន៨០០តោន សម្រាប់ផ្គត់ផ្គង់ទៅកសិករវិញ ប៉ុន្តែត្រូវការទុនពីរដ្ឋាភិបាលខ្ទង់១២ម៉ឺនដុល្លារ។
លោក ប៊ុន សុធន់ នាយកប្រតិបត្តិនៃសហគមន៍កសិកម្មទំនើបខេមស៊ីដ ក្នុងខេត្តកំពង់ឆ្នាំ បានឱ្យដឹងថា នៅឆ្នាំ២០២៥ សហគមន៍ផលិតស្រូបពូជបាន៣៥០តោន ។ ប៉ុន្តែ សម្រាប់ឆ្នាំ២០២៦នេះ ការផលិតស្រូវពូជរបស់សហគមន៍បានក្រោម៣០០តោន ដោយសារតែគ្រោះរាំងស្ងួតធ្វើឱ្យការផលិតស្រូវពូជជួបប្រទះបញ្ហាធ្ងន់ធ្ងរមិនអាចដោះស្រាយបាន។
ដូចនេះ នៅខែធ្នូឆ្នាំ២០២៦ រហូតដល់ខែកុម្ភៈឆ្នាំ២០២៧ខាងមុខនេះ សហគមន៍កសិកម្មខេមស៊ីដមានផែនការផលិតស្រូវពូជមិនប្រកាន់រដូវ ឱ្យបាន៨០០តោន សម្រាប់ផ្គត់ផ្គង់តាមតម្រូវការរបស់កសិករ។
លោក ប៊ុន សុធន់ បានបន្តថា តម្រូវការឥណទានបន្ថែម សម្រាប់ប្រមូលទិញពូជពីកសិករនេះ គឺមានភាពចាំបាច់ចំពោះសហគមន៍ ព្រោះត្រូវការទូទាត់ប្រាក់ជូនកសិករភ្លាមៗនៅពេលប្រមូលទិញស្រូវទៅតាមកិច្ចសន្យា ហើយថា សហគមន៍មិនអាចទិញពូជស្រូវពីកសិករដោយជំពាក់ប្រាក់គាត់បានទេ។
បច្ចុប្បន្នសហគមន៍កសិកម្មទំនើបខេមស៊ីដ មានសមាជិកសរុប២២០គ្រួសារ ដែលអាចផលិតស្រូវពូជបានពី៣០០ ទៅ៦០០តោន ហើយគ្រោងពង្រីកសក្តានុពលនេះឱ្យបាន១ ០០០តោន នៅក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់ទៅទីផ្សាររបស់សហគមន៍ខេមស៊ីដ ដែលមាននៅក្នុង១១ខេត្ត ក្នុងប្រទេសកម្ពុជា៕






