ហាណូយ៖ អ្នកនាំចេញផលិតផលចំណីអាហាររបស់វៀតណាមទៅកាន់ប្រទេសចិន នឹងត្រូវអនុវត្តតាមលក្ខខណ្ឌចុះបញ្ជី ឱ្យស្របតាមច្បាប់របស់អគ្គនាយកដ្ឋានគយចិន ដែលទាមទារព័ត៌មានចុះបញ្ជីមានភាពត្រឹមត្រូវ និងអនុវត្តតាមវិធានការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងប្រព័ន្ធតាមដានប្រភពដើមផលិតផល កាន់តែតឹងតែងជាងមុន។
យោងតាមសេចក្តីប្រកាស បានឱ្យដឹងថា អគ្គនាយកដ្ឋានគយចិន បានធ្វើវិសោធនកម្មច្បាប់ ស្តីពីការចុះបញ្ជីអ្នកនាំចូល និងអ្នកនាំចេញផលិតផលចំណីអាហារ។ ច្បាប់នេះអនុវត្តចំពោះក្រុមហ៊ុននៅក្រៅប្រទេស ដែលនាំចេញចំណីអាហារទៅកាន់ប្រទេសចិន និងភ្នាក់ងាររបស់ក្រុមហ៊ុន ព្រមទាំងអ្នកនាំចូលចំណីអាហារក្នុងប្រទេសចិនផងដែរ។
ក្រោមវិធានការថ្មីនេះ អ្នកនាំចេញនៅក្រៅប្រទេស និងភ្នាក់ងារស្ថិតក្រោមច្បាប់នេះ ត្រូវចុះបញ្ជីជាមួយអគ្គនាយកដ្ឋានគយចិន ហើយត្រូវទទួលខុសត្រូវចំពោះការពិត ភាពត្រឹមត្រូវ និងព័ត៌មានលម្អិត ដែលខ្លួនបានប្រកាស។
ទម្រង់បែបបទចុះបញ្ជី ដែលបានកែសម្រួលថ្មី ត្រូវបានធ្វើឱ្យមានលក្ខណៈសាមញ្ញជាងមុន ដោយកាត់បន្ថយចំនួនព័ត៌មាន ដែលត្រូវបំពេញពី២០ មកនៅសល់ត្រឹម១០ប៉ុណ្ណោះ។
ពាក្យស្នើសុំចុះបញ្ជី សំណើសុំកែប្រែព័ត៌មានចុះបញ្ជី និងសំណើសុំលុបចោលការចុះបញ្ជី អាចដាក់តាមប្រព័ន្ធអនឡាញ តាមរយៈប្រព័ន្ធច្រកចេញចូលតែមួយសម្រាប់ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន។
អាជ្ញាធរគយចិននឹងបញ្ចប់នីតិវិធីចុះបញ្ជីក្នុងរយៈពេលបី បន្ទាប់ពីទទួលបានពាក្យស្នើសុំ ដែលមានព័ត៌មានគ្រប់គ្រាន់ និងមានឯកសារត្រឹមត្រូវ។ ប្រសិនបើពាក្យស្នើសុំណាមួយមិនបំពេញតាមលក្ខខណ្ឌតម្រូវ អាជ្ញាធរគយត្រូវជូនដំណឹងដល់អ្នកដាក់ពាក្យក្នុងរយៈពេលបីថ្ងៃដូចគ្នា។
ចំណែកក្រុមហ៊ុន ដែលបានចុះបញ្ជីរួចហើយ ត្រូវជូនដំណឹងដល់អាជ្ញាធរគយមានសមត្ថកិច្ចអំពីការផ្លាស់ប្តូរព័ត៌មានចុះបញ្ជីរបស់ខ្លួន ក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីមានការផ្លាស់ប្តូរនោះ។
លោក ង៉ោ ស្វឹន ណាម (Ngô Xuân Nam) នាយករងការិយាល័យអនាម័យ និងភូតគាមអនាម័យវៀតណាម បានមានប្រសាសន៍ថា ការធ្វើឱ្យទម្រង់ពាក្យស្នើសុំមានលក្ខណៈសាមញ្ញ និងការកាត់បន្ថយរយៈពេល នឹងជួយសម្រួលដំណើរការចុះបញ្ជីដល់ក្រុមហ៊ុននៅក្រៅប្រទេស។
ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា ច្បាប់វិសោធនកម្មថ្មីនេះ មានគោលបំណងធានាសុវត្ថិភាពចំណីអាហារនាំចូល និងលើកកម្ពស់ប្រព័ន្ធតាមដានប្រភពដើមផលិតផល។ ដូច្នេះ លោកបានជំរុញឱ្យអ្នកនាំចេញ និងសមាគមវៀតណាម ត្រូវសិក្សាឱ្យបានច្បាស់លាស់ និងអនុវត្តតាមលក្ខខណ្ឌតម្រូវថ្មី។
ការិយាល័យអនាម័យ និងភូតគាមអនាម័យវៀតណាម បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ និងសមាគម ឱ្យផ្សព្វផ្សាយអំពីការផ្លាស់ប្តូរទាំងនេះដល់ក្រុមហ៊ុននានា ដើម្បីឱ្យពួកគេអាចត្រៀមខ្លួនជាមុន និងអនុវត្តតាមច្បាប់ថ្មីនេះ នៅពេលនាំចេញចំណីអាហារទៅកាន់ទីផ្សារប្រទេសចិន៕ (ផាន់ អាណា)






