ហ្សាការតា៖ បាតុភូតអែលនីញ៉ូអាចធ្វើឱ្យរដូវបង្កបង្កើនផលស្រូវរបស់ឥណ្ឌូណេស៊ី ត្រូវពន្យារពេលរហូតដល់ខែមករា ឆ្នាំ២០២៧។ ដូច្នេះការប្រមូលផលក៏ត្រូវពន្យាពេលដែរ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខស្បៀង។
វិទ្យាស្ថានសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឱ្យរដ្ឋាភិបាលឥណ្ឌូណេស៊ីពង្រឹងស្តុកបម្រុងអង្ករ ចំពេលមានក្ដីបារម្ភថា បាតុភូតអែលនីញ៉ូ អាចធ្វើឱ្យការប្រមូលផលស្រូវ ក្នុងឆ្នាំ២០២៧ ពន្យារពេល និងបង្កការគំរាមកំហែងដល់ការផ្គត់ផ្គង់អង្ករក្នុងស្រុក។
កាលពីថ្ងៃព្រហស្បតិ៍ អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសម្រាប់អភិវឌ្ឍន៍ប្រកបដោយចីរភាពផ្នែកស្បៀងអាហារ ថាមពល បានលើកឡើងថា ស្តុកអង្ករបច្ចុប្បន្នរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី មានប្រមាណ៤,៥លានតោន គួរតែគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរហូតដល់អំឡុងពេលបុណ្យណូអែល និងចូលឆ្នាំថ្មី។
ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលត្រូវត្រៀមលក្ខណៈសម្រាប់តម្រូវការ ដែលអាចកើនឡើងនៅត្រីមាសទី១ ឆ្នាំ២០២៧ ជាពិសេសនៅមុនពិធីបុណ្យសាសនាឥស្លាម។
លោកបានពន្យល់ថា បាតុភូតអែលនីញ៉ូអាចធ្វើឱ្យរដូវដាំដុះស្រូវពន្យារពេលរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ឬខែមករា ឆ្នាំ២០២៧។ ដូច្នេះ រដូវប្រមូលផលធំ ដែលជាធម្មតាក្នុងខែមីនា អាចត្រូវពន្យារទៅដល់ខែមេសា ឬខែឧសភា ឆ្នាំ២០២៧។
លោកបានប៉ាន់ប្រមាណថា ស្តុកអង្ករបម្រុងរបស់រដ្ឋាភិបាលអាចថយចុះមកនៅត្រឹមចន្លោះពី៣លាន ទៅ៣,៥លានតោន នៅដើមឆ្នាំ២០២៧។
ដើម្បីធានាថា មានការផ្គត់ផ្គង់គ្រប់គ្រាន់ លោកបានលើកឡើងថា រដ្ឋាភិបាលគួររៀបចំតារាងតុល្យភាពស្បៀងអង្ករសម្រាប់ខែមករា ដល់ខែមេសា ឆ្នាំ២០២៧ ដោយគិតគូរពីផ្ទៃដីដាំដុះ និងការព្យាករអាកាសធាតុ ព្រមទាំងកំណត់កម្រិតស្តុកបម្រុងអប្បបរមាផងដែរ៕ (ផាន់ អាណា)







