ហូជីមិញ៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងតែផ្ទុះ និងឆ្លងរាលដាលនៅខេត្តទឹកខ្មៅ និងក្រុងកឹនធើ ទឹកដីកម្ពុជាក្រោម ដោយបានប៉ះពាល់ដល់កសិករចិញ្ចឹមជ្រូករាប់រយគ្រួសារ ដោយជ្រូកមានជំងឺជិត៤ ០០០ក្បាល ត្រូវបានសម្លាប់ចោល។ ជ្រូករស់ជិត១លានក្បាល នៅតាមបណ្ដាកសិដ្ឋានពិបាករកទីផ្សារ។
ហូជីមិញ៖ មន្ទីរកសិកម្ម និងបរិស្ថានខេត្តវៀតណាម បានចេញសេចក្ដីណែនាំជាបន្ទាន់ តម្រូវឱ្យរឹតបន្តឹងការត្រួតពិនិត្យការសម្លាប់សត្វជ្រូក ដើម្បីទប់ស្កាត់កុំឱ្យជ្រូកឆ្លងជំងឺចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ចំណីអាហារ។
អតីតខេត្តទឹកខ្មៅរបស់ខ្មែរកម្ពុជាក្រោម ភាសាវៀតណាមហៅថា ខេត្តកាម៉ៅ ស្ថិតនៅភាគនិរតីនៃចុងដីសណ្ដទន្លេមេគង្គ។
អាជ្ញាធរវៀតណាម ក្នុងខេត្តទឹកខ្មៅ និងទីក្រុងកឹនធើ បានបង្កើនវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅក្នុងតំបន់ទាំងពីរ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២៦នេះ ខណៈការផ្ទុះជំងឺនៅតែបន្តកើតមានយ៉ាងខ្លាំង។
កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តទឹកខ្មៅ បានចេញសេចក្ដីណែនាំបន្ទាន់ ដោយបញ្ជាឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានពង្រឹងវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក សម្លាប់ជ្រូកចោលនៅទីតាំងកំពុងមានការផ្ទុះជំងឺ និងទប់ស្កាត់ការរីករាលដាលទៅកាន់តំបន់ផ្សេងទៀត។
យោងតាមមន្ទីរកសិកម្ម និងបរិស្ថានខេត្តទឹកខ្មៅ បានរកឃើញជំងឺឆ្លងចំនួន២៣ ករណី ប៉ះពាល់ដល់កសិករចិញ្ចឹមជ្រូកចំនួន១៣៨គ្រួសារ នៅក្នុងឃុំចំនួន១៨ ដោយជ្រូកចំនួន១ ៦៦៧ក្បាល ត្រូវបានសម្លាប់ចោល។
គិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកា មានទីតាំងផ្ទុះជំងឺចំនួន៩កន្លែងផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលតាមដានរយៈពេល២១ថ្ងៃ។
តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន ការផ្ទុះជំងឺភាគច្រើនកើតឡើងនៅតាមកសិដ្ឋានចិញ្ចឹមជ្រូកខ្នាតតូច ដែលមិនបានបំពេញតាមលក្ខខណ្ឌជីវសុវត្ថិភាព ឬមិនបានអនុវត្តការសម្អាត និងសម្លាប់មេរោគជាប្រចាំ។
ប្រធានរដ្ឋបាលខេត្តបានបញ្ជាឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានកម្ចាត់ទីតាំងផ្ទុះជំងឺ ព្រមទាំងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅតាមព្រំប្រទល់រវាងតំបន់ឆ្លងជំងឺ និងតំបន់មិនទាន់ឆ្លង ដើម្បីទប់ស្កាត់ការចម្លងបន្ត។
នៅទីក្រុងកឹនធើ ក៏មានសេចក្ដីរាយការណ៍អំពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅតាមមូលដ្ឋានជាច្រើនផងដែរ។
ចាប់ពីដើមឆ្នាំ២០២៦ រហូតដល់ខែតុលានេះ ជំងឺនេះបានប៉ះពាល់ដល់គ្រួសារចិញ្ចឹមជ្រូក៦២គ្រួសារ នៅក្នុងឃុំ និងសង្កាត់ចំនួន៣១ ដែលបណ្ដាលឱ្យជ្រូកជិត២ ០០០ក្បាល ដែលឆ្លងជំងឺ ឬងាប់ ត្រូវបានសម្លាប់ចោល។
គិតត្រឹមដើមខែវិច្ឆិកា ទីតាំងផ្ទុះជំងឺទាំងនេះ មិនទាន់ឆ្លងផុតរយៈពេលតាមដាន២១ថ្ងៃនៅឡើយ។
ទីក្រុងកឹនធើ មានជ្រូកជាង៥០ម៉ឺនក្បាល នៅតាមកសិដ្ឋានចិញ្ចឹមនានា និងមានផលិតកម្មសាច់ជ្រូកប្រចាំឆ្នាំជាង៨៣ ០០០តោន៕ (ផាន់ អាណា)







