ដោយ រស្មី
ភ្នំពេញ៖ ក្រុមកសិករមកពីសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង កំពុងតែបង្កើនជំនាញ និងការអនុវត្តរបស់ខ្លួនក្នុងការដាំបន្លែ ក៏ដូចជាការចិញ្ចឹមសត្វ ដើម្បីធ្វើយ៉ាងណារកប្រាក់ចំណូលបន្ថែមទៀត សម្រាប់ក្រុមគ្រួសារ ។ កសិករក្នុងសហគមន៍អមលាំង មានដាំបន្លែលើទឹក និងផ្ទះសំណាញ ក៏ដូចជាចិញ្ចឹមសត្វកណ្ដូប ចង្រិត និងមាន់ទាផងដែរ។
កសិករ នៃសហគមន៍កសិកម្មកសិករសាមគ្គីអមលាំង នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺកំពុងពង្រឹងជំនាញ និងចំណេះដឹង របស់ខ្លួន ក្នុងការដាំដំណាំ ជាពិសេស បន្លែ និងការចិញ្ចឹមសត្វ ដើម្បីបង្កើតប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។
សមាគមន៍កសិកម្ម កសិករសាមគ្គីអមលាំង មានសមាជិក៣៥០គ្រួសារ និងមានពលរដ្ឋជាង១ ០០០នាក់។
កសិករក្នុងសហគមមួយនេះបានរៀនបច្ចេកទេស កសិកម្មឆ្លាតវៃ ដូចជាការដាំបន្លែលើទឹក ការដាំបន្លែក្នុងផ្ទះសំណាញ់ ក្នុងគោលដៅការពារសត្វល្អិតបំផ្លាញ និងបង្កើនទិន្នផល។
ទន្ទឹមនឹងនេះ កសិករក៏បានប្រើប្រាស់ប្រព័ន្ធតំណក់ទឹក ឬប្រព័ន្ធទឹកវិលពីព្រោះដើម្បីសន្សំសំចៃទឹក ព្រោះតំបន់ខ្លះក្នុងខេត្តកំពង់ស្ពឺ អាចប្រឈមនឹងការខ្វះខាតទឹកនៅរដូវប្រាំង ពិសេសបាតុភូតកំដៅឡើងខ្ពស់នាពេលនេះ ជាដើម។
អ្នកស្រី ទឹម ចំណូល ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង បានឱ្យដឹងថាកសិកររបស់សហគម មានដាំដំណាំដូចជា ស្ពៃតឿ ខាត់ណា សាលាដ ស្ពៃចង្កឹះ ស្ពៃក្រញ៉ាញ់ ប៉េងប៉ោះ បានបញ្ជូនទៅលក់រាជធានីភ្នំពេញ និងមួយចំនួនលក់ក្នុងសហគមដោយផ្ទាល់។
ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង បានឱ្យដឹងដែរថា ក្រោយពីអនុវត្តវិធីសាស្រ្តដាំបន្លែដោយជោគជ័យហើយ សហគមន៍ថែមទាំងបានឈានទៅដល់បណ្តុះបណ្តាលដល់សហគមន៍ដទៃសម្រាប់សិក្សារៀនសូត្រជំនាញដើម្បីអនុវត្តក្នុងសហគមន៍ និងដាំតាមផ្ទះថែមទៀតផង។
បច្ចុប្បន្ន សហគមន៍កសិកម្មអមលាំង ដាំបន្លែស្លឹក និងសាលាដបរទេស ដែលងាយរកទីផ្សារ ដោយលក់បានក្នុងតម្លៃមួយគីឡូក្រាម ចាប់ពី៤ ៥០០ទៅ៦ ០០០រៀល។ ចំណែកស្ពៃវិញ បានមួយគីឡូក្រាម៤ ០០០ ទៅ៦ ០០០រៀល។ តម្លៃនេះអ្នកស្រីក៏ដូចជាកសិករអាចរកប្រាក់ចំណេញល្មមសមរម្យសម្រាប់ផ្គត់ផ្គង់គ្រួសារ៕







