បាងកក៖ ការរឹបអូសសាច់សត្វជាបន្តបន្ទាប់នៅក្នុងប្រទេសថៃ និងវៀតណាម បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការចម្លងជំងឺសត្វ ដែលអាចបំផ្លាញឧស្សាហកម្មចិញ្ចឹមសត្វនៅក្នុងតំបន់ ចំណែកផលិតផលសាច់គ្មានសុវត្ថិភាបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។
ដោយសារថ្លៃប្រេង និងថ្លៃដឹកជញ្ជូនកើនឡើងខ្លាំងពេក ក្រុមឈ្មួញទុច្ចរិត បានលក់សាច់ទៅឱ្យភោជនីយដ្ឋាន និងតាមផ្សារ ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ ទោះបីសាច់ហួសកាលបរិច្ឆេទប្រើប្រាស់ ឬសាច់មានផ្ទុកមេរោគជំងឺឆ្លងក៏ដោយ។
កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នគរបាលវៀតណាម នៅខេត្តដុងណៃ បានបង្ក្រាបបណ្តាញជួញដូរសាច់ជ្រូកមានផ្ទុកមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិក ប្រមាណ៤០០តោន ទៅឱ្យអ្នកទិញក្នុងស្រុក រួមទាំងសហគ្រាសផលិតសាច់ប៉ាតេ និងសាច់ក្រកផងដែរ។
នៅប្រទេសថៃ ដែលមានឧស្សាហកម្មស្បៀងអាហារក្នុងស្រុកដ៏ធំ កំពុងរត់ពន្ធសាច់ និងគ្រឿងក្នុងសត្វ ចូលទៅក្នុងប្រទេសជិតខាង ដោយគ្មានឯកសារបញ្ជាក់ប្រភពដើមទំនិញ។
កាលពីថ្ងៃទី២៨ ខែតុលា មន្ត្រីត្រួតពិនិត្យសុវត្ថិភាពចំណីអាហារថៃ បានរកឃើញរថយន្តដឹកទំនិញពីរគ្រឿង នៅជាយទីក្រុងបាងកក កំពុងដឹកជញ្ជូនសាច់ទ្រូងមាន់បង្កក២៦តោន ដោយប្រើប្រាស់លិខិតអនុញ្ញាតក្លែងក្លាយ។
ប្រទេសជិតខាងរបស់ថៃ រួមមានកម្ពុជា ឡាវ និងភូមា ក៏បានរាយការណ៍ជាបន្តបន្ទាប់អំពីការរឹបអូសបានសាច់រត់ពន្ធ និងសាច់ខូចគុណភាព ដែលប្រុងលក់ចែកចាយទៅកាន់ទីផ្សារក្នុងស្រុក។ ករណីទាំងនេះបង្ហាញពីបញ្ហាប្រឈមកាន់តែខ្លាំងក្នុងការអនុវត្តច្បាប់ និងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅក្នុងតំបន់។
កាលពីថ្ងៃទី២៥ ខែតុលា មន្ត្រីគយថៃនៅព្រលានយន្តហោះសុវណ្ណភូមិ ក្នុងទីក្រុងបាងកក បានរឹបអូសសាច់សត្វប្រណីតនាំចូលពីប្រទេសបារាំងចំនួនពីរតោន ដោយកុហកថា ជាអាហារសមុទ្រ។
មន្ត្រីថៃបាននិយាយថា ផលិតផលសាច់ទាំងនេះអាចមានផ្ទុកមេរោគជំងឺឆ្លងសត្វ និងបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ ផលិតផលសាច់ទាំងនេះគ្រោងផ្គត់ផ្គង់ទៅឱ្យភោជនីយដ្ឋានលំដាប់ខ្ពស់៕ (ផាន់ អាណា)





