ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ បណ្ដាខេត្តជាប់ឆ្នេរសមុទ្ររបស់កម្ពុជា រួមមាន កោះកុង កំពត កែប និងខេត្តព្រះសីហនុ កំពុងប្រឈមនឹងការខាត់បង់សេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារការកើនឡើងនៃកម្រិតទឹកសមុទ្រ ការកាត់ច្រោះឆ្នេរ និងទឹកជំនន់តំបន់ឆ្នេរ។
ផលប៉ះពាល់ទាំងនេះនៅទូទាំងតំបន់សេដ្ឋកិច្ចចំនួន៣០ ត្រូវបានព្យាករណ៍ថា អាចបង្កការខូចខាតជាទឹកប្រាក់ពី១៧២ពាន់លានដុល្លារ ដល់១៩៩ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៥០។ នេះបើយោងតាមរបាយការណ៍ថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
របាយការណ៍នេះបានបញ្ជាក់ថា តំបន់ឆ្នេរនៅទូទាំងតំបន់អាស៊ី និងប៉ាស៊ីហ្វិក រួមទាំងកម្ពុជា កំពុងប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំងឡើង ដោយសារការប្រែប្រួលអាកាសធាតុ។
របាយការណ៍ក៏បានលើកឡើងពីការទាមទារបង្កើនយន្តការហិរញ្ញប្បទានអន្តរជាតិ ដើម្បីកាត់បន្ថយការខូចខាតសេដ្ឋកិច្ចលើវិស័យកំពង់ផែសមុទ្រ និងជលផល។
របាយការណ៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានព្យាករណ៍ថា វិបត្តិអាកាសធាតុនឹងកាន់តែធ្ងន់ធ្ងររហូតដល់ចុងសតវត្សរ៍នេះ ហើយផលវិបាកសេដ្ឋកិច្ចដែលកើតឡើងអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍតំបន់ឆ្នេររបស់កម្ពុជា ជាពិសេសលើវិស័យជលផល ពាណិជ្ជកម្មអន្តរជាតិ និងទេសចរណ៍។
ខេត្តព្រះសីហនុគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់របស់តំបន់ឆ្នេរ ដែលមានទំនាក់ទំនងជាមួយខេត្តកោះកុង កំពត និងកែប តាមរយៈវិស័យវិនិយោគសំខាន់ៗ រួមមាន ទេសចរណ៍ កសិ-កែច្នៃ ឧស្សាហកម្មផលិតកម្មតម្រង់ទិសនាំចេញ ព្រមទាំងវិស័យគីមីឥន្ធនៈ និងថាមពលស្អាត៕







