អែលនីញ៉ូ ធ្វើឱ្យផ្លែក្រវាញឥណ្ឌាឡើងថ្លៃរហូតដល់ឆ្នាំ២០២៧ ប៉ុន្តែទិន្នផលចាប់ផ្តើមធ្លាក់ចុះ

image_2026-10-26_14-53-32

ឥណ្ឌា៖ ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃផ្លែក្រវាញឥណ្ឌានៅលើទីផ្សារអន្តរជាតិ និងទីផ្សារក្នុងស្រុក បាននាំមកនូវភាពរីករាយដល់កសិករឥណ្ឌា ប៉ុន្តែបាតុភូតអែលនីញ៉ូ កំពុងធ្វើឱ្យទិន្នផលធ្លាក់ចុះ។

តម្លៃផ្លែក្រវាញជាមធ្យមនៅក្នុងការដេញថ្លៃ បានឡើងដល់កម្រិតខ្ពស់បំផុតជិត២៥ដុល្លារ ក្នុងមួយគីឡូក្រាម ស្របពេលបរិមាណផ្លែក្រវាញនាំចូលមកកាន់ទីផ្សារដេញថ្លៃជារៀងរាល់ថ្ងៃ មានប្រមាណ១០០តោនប៉ុណ្ណោះ។

អ្នករៀបចំដេញថ្លៃផ្លែក្រវាញ បានឱ្យដឹងថា បច្ចុប្បន្នកសិករឥណ្ឌាកំពុងទទួលបានប្រាក់ចំណេញជាទីគាប់ចិត្ត ទោះបីជាទិន្នផលផ្លែវាញ ធ្លាក់ចុះនៅដើមរដូវប្រមូលផលក៏ដោយ។

ការធ្លាក់ចុះបរិមាណនៅដើមរដូវប្រមូលផលនេះ បណ្តាលមកពីខ្វះទឹកភ្លៀង ក្នុងអំឡុងខែមិថុនា និងខែកក្កដា ឆ្នាំ២០២៦ ដោយសារកត្តាធម្មជាតិ។ ទឹកភ្លៀងមិនគ្រប់គ្រាន់ បានប៉ះពាល់ដល់ការចេញផ្កា និងការកាន់ផ្លែរបស់ដំណាំក្រវាញ។

ទោះជាយ៉ាងណា ក្រោយមកទើបមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ជួយឱ្យដំណាំក្រវាញងើបឡើងវិញ និងផ្តល់ទិន្នផលល្អបង្កួរ នៅតាមតំបន់មួយចំនួនក្នុងប្រទេសឥណ្ឌា ដែលគេបានរំពឹងថា នឹងបន្តប្រមូលផលរហូតដល់ខែធ្នូ។

ទន្ទឹមនឹងនេះដែរ កសិករឥណ្ឌា​​នៅតែព្រួយបារម្ភអំពីទិន្នផលផ្លែក្រវាញអាចធ្លាក់ចុះ នៅឆ្នាំ២០២៧ ដោយសារបាតុភូតអែលនីញ៉ូ (El Niño) ដែលបង្កឱ្យមានគ្រោះរឹងស្ងួតហួតហែងអូសបន្លាយពេលយូរ។

ទីផ្សារក្នុងស្រុកនៅតាមតំបន់ផ្សេងៗរបស់ឥណ្ឌា នៅតែមានសកម្មភាពទិញលក់ផ្លែក្រវាញយ៉ាងមមាញឹក ខណៈរដូវបុណ្យសាសនាធំៗកំពុងខិតជិតមកដល់ ដែលជាពេលវេលាប្រើប្រាស់ផ្លែក្រវាញច្រើនបំផុត។

ទោះជាយ៉ាងណា ឈ្មួញកំពុងប្រុងប្រយ័ត្នក្នុងការបញ្ជាទិញ ដោយសារតម្លៃផ្លែក្រវាញឡើងខ្ពស់ខ្លាំងពេក។ ដូច្នេះ ពួកគេភាគច្រើនអនុវត្តយុទ្ធសាស្ត្រ «ទិញតាមតម្រូវការប្រើប្រាស់ភ្លាមៗ» ជាជាងបញ្ជាទិញទុកជាមុនក្នុងបរិមាណច្រើន។

ចំណែកការបញ្ជាទិញពីទីផ្សារនាំចេញក៏កើនឡើងដែរ ប៉ុន្តេរហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ។

សង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា បានប៉ះពាល់ដល់ការទិញពីទីផ្សារបរទេស ដោយសារការពន្យារពេលដឹកជញ្ជូនតាមសមុទ្រ និងការកើនឡើងនៃថ្លៃដឹកជញ្ជូន។

ផ្លែក្រវាញឥណ្ឌានៅតែទទួលបានតម្រូវការខ្លាំងពីបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រពែរ្ស ជាពិសេសនៅពេលដំណាំក្រវាញរបស់ប្រទេសក្វាតេម៉ាឡា (Guatemala) ខូចខាតច្រើនដោយសារបាតុភូតអែលនីញ៉ូ។

អ្នកប្រមូលទិញផ្លែក្រវាញ បាននិយាយថា បាតុភូតអែលនីញ៉ូដ៏ខ្លាំងនឹងកើតឡើង ដូច្នេះកសិករដាំក្រវាញនៅឥណ្ឌាចាំបាច់ត្រូវតាមដានស្ថានភាពទឹកភ្លៀងរហូតដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៦។

តម្លៃផ្លែក្រវាញ ត្រូវគេរំពឹងថា នឹងបន្តកើនឡើងរហូតដល់ខែមករា ឆ្នាំ២០២៧ មុនពេលបរិមាណផ្គត់ផ្គង់ក្នុងទីផ្សារថយចុះ។ ចំណែកសកម្មភាពនាំចេញផ្លែក្រវាញក៏កំពុងចាប់ផ្តើមកើនឡើងបន្តិចម្តងៗផងដែរ៕ (ផាន់ អាណា)


Display Of Pineapple In Sustainable Plastic Packaging Free Grocery Store
តៃវ៉ាន់នាំ ចេញផ្លែម្នាស់ទៅអាម៉េរិក នាំចេញផ្លែស្វាយ និងគូលែន ទៅអឺរ៉ុប

តៃប៉ិ៖ អាជ្ញាធរកោះតៃវ៉ាន់រំពឹងថា នឹងចាប់ផ្តើមនាំចេញផ្លែម្នាស់ទៅកាន់សហរដ្ឋអាម៉េរិក នៅឆ្នាំ២០២៧ បន្ទាប់ពីភ្នាក់ងារត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិរបស់សហរដ្ឋអាម៉េរិក បានប្រកាសឯកភាពចំពោះលក្ខខណ្ឌនាំចូលកសិផលរបស់តៃវ៉ាន់។ រដ្ឋមន្ត្រីកសិកម្មតៃវ៉ាន់បានឱ្យដឹងថា ពូជម្នាស់បីប្រភេទដាំដុះលើកោះតៃវ៉ាន់ មិនតម្រូវឱ្យអនុវត្តវិធានការចត្តាឡីស័កពិសេស ដើម្បីកម្ចាត់រុយទិញផ្លែ និងដង្កូវសត្វល្អិតឡើយ។ ក្នុងឆ្នាំ២០២៦ កោះតៃវ៉ាន់បាននាំចេញម្នាស់ចំនួន១៥ ៧០០តោនទៅកាន់ប្រទេសជប៉ុន ខណៈការនាំចេញទៅកាន់ប្រទេសកាណាដា កូរ៉េខាងត្បូង និងអូស្ត្រាលី បានកើនឡើងផងដែរ។ ទន្ទឹមនឹងនេះ កោះតៃវ៉ាន់កំពុងខិតខំស្វែងរកការអនុញ្ញាតឱ្យនាំចេញផ្លែស្វាយ ផ្លែស្រកានាគ ផ្លែគូលែន និងផ្លែត្របែក ទៅកាន់ទីផ្សារផ្សេងទៀត។ កាលពីឆ្នាំ២០២៥ សហភាពអឺរ៉ុបបានអនុញ្ញាតឱ្យនាំចូលផ្លែស្វាយ និងផ្លែត្របែកពីតៃវ៉ាន់ បន្ទាប់មកនៅខែកុម្ភៈ ឆ្នាំ២០២៦ សហភាពអឺរ៉ុបក៏បានអនុញ្ញាតឱ្យនាំចូលផ្លែពុទ្រា ផ្លែស្រកានាគ និងផ្លែគូលែនផងដែរ។ ផ្លែស្វាយ និងផ្លែគូលែនរបស់តៃវ៉ាន់ បានចូលដល់ផ្សារទំនើបនៅចក្រភពអង់គ្លេស និងប្រទេសបារាំងជា  ផ្លែស្វាយតៃវ៉ាន់ បានចូលដល់ទីផ្សារបារាំង ហើយលក់អស់ជាង៤តោន ក្នុងរយៈពេលមួយខែ ក្នុងតម្លៃ២៩ ដុល្លារក្នុងមួយផ្លែ។ ការទទួលបានសិទ្ធិចូលទីផ្សារទាំងនេះ កើតចេញពីកិច្ចចរចា ស្តីពីលក្ខខណ្ឌនាំចូលរបស់អឺរ៉ុប ដែលគ្របដណ្តប់លើការដាក់ស្លាកសញ្ញាសម្គាល់ផលិតផល កម្រិតសំណល់ថ្នាំកសិកម្ម និងលក្ខខណ្ឌធ្វើទីផ្សារ។ តៃវ៉ាន់ក៏ទទួលបានសិទ្ធិនាំចេញម្នាស់ទៅកាន់ប្រទេសនូវែលសេឡង់ផងដែរ បន្ទាប់ពីកិច្ចចរចាអស់រយៈពេល៨ឆ្នាំ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឆ្នាំ២០១៣។ ម្នាស់តៃវ៉ាន់ជើងដំបូងបានទៅដល់ប្រទេសនូវែលសេឡង់ នៅខែឧសភា […]

photobank-2025-04-17T144130.090-1
វៀតណាមរកចំណូលបាន៣៣១លានដុល្លារ ពីម្រេចនាំចេញទៅអាម៉េរិក

វៀតណាម៖ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦ វៀតណាមបាននាំចេញម្រេចទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ក្នុងបរិមាណជាង៤៤ម៉ឺនតោន ដោយមានតម្លៃជាទឹកប្រាក់សរុបជាង៣៣១លានដុល្លារ។ នេះបើយោងតាមគណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាម៉េរិក។ បើគិតតាមបរិមាណ ម្រេចវៀតណាមមានចំណែករហូតដល់ជាង៨០ភាគរយ នៃបរិមាណម្រេចសរុប ជិត៥៥ម៉ឺនតោន ដែលសហរដ្ឋអាម៉េរិកបាននាំចូលក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦នេះ។ សហរដ្ឋអាម៉េរិក បាននាំចូលម្រេចក្នុងតម្លៃសរុប៤០៧លានដុល្លារ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦។ ទន្ទឹមនឹងនេះ សហរដ្ឋអាម៉េរិក ក៏នាំចូលម្រេចពីប្រទេសផ្សេងទៀតដូចជា គឺឥណ្ឌូណេស៊ី និងឥណ្ឌាផងដែរ។ ចំណែកការនាំចូលម្រេចពីប្រទេសប្រេស៊ីល និងចិន បានកើនឡើងបន្តិចបន្តួចក្នុងទីផ្សារអាម៉េរិក។ ទីភ្នាក់ងារពាណិជ្ជកម្មបរទេសរបស់វៀតណាម បានឱ្យដឹងថា ការនាំចេញម្រេចរបស់វៀតណាមទៅកាន់សហរដ្ឋអាម៉េរិក បានកើនឡើងដោយសារការផ្គត់ផ្គង់មានស្ថិរភាព គុណភាពម្រេចល្អជាងមុន និងមានតម្លៃទាបជាងមុន។ តម្លៃម្រេចវៀតណាមជាមធ្យម បានធ្លាក់ចុះបន្តិចមកនៅត្រឹម៧ ៤៩៩ដុល្លារក្នុងមួយតោន ខណៈតម្លៃម្រេចនាំចេញរបស់ឥណ្ឌូណេស៊ីបានកើនឡើងដល់៨ ៦៩១ដុល្លារក្នុងមួយតោន។ ទីភ្នាក់ងារដដែលនេះបានបន្ថែមថា វៀតណាមក៏មានផលិតផលម្រេចច្រើនប្រភេទ សម្រាប់បំពេញតម្រូវការទីផ្សារផ្សេងៗគ្នា រួមមានម្រេចគ្រាប់ខ្មៅ សម្រាប់រោងចក្រផលិតម្ហូបអាហារ ម្រេចម៉ដ្ឋ ម្រេចស និងផលិតផលម្រេចវេចខ្ចប់សម្រាប់វិស័យភោជនីយដ្ឋាន និងលក់រាយ។ សមាគមម្រេច និងគ្រឿងទេសវៀតណាម រំពឹងថា ការនាំចេញម្រេចទៅកាន់សហរដ្ឋអាម៉េរិកនឹងបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ២០២៦នេះ។ ទោះជាយ៉ាងណា សមាគមបានលើកឡើងថា អាជីវកម្មម្រេចចាំបាច់ត្រូវស្វែងរកវិធីសាស្ត្រកែច្នៃថែមទៀត ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលរបស់ខ្លួន ព្រមទាំងធានាសុវត្ថិភាពម្ហូបអាហារ លទ្ធភាពតាមដានប្រភពដើម និងគុណភាពផលិតផល៕ (ផាន់ អាណា)

image_2026-10-26_15-21-08
ហ្វីលីពីន នាំចូលកាកសណ្តែកសៀងពីអាម៉េរិក កាន់តែច្រើននៅឆ្នាំ២០២៧ ដើម្បីផលិតចំណីសត្វ

ម៉ានីល៖ ហ្វីលីពីននៅតែជាទីផ្សារនាំចេញកាកសណ្តែកសៀងធំបំផុតរបស់សហរដ្ឋអាម៉េរិក ហើយនឹងឈានដល់បរិមាណខ្ពស់បំផុត គឺជាង២០លានតោន នៅឆ្នាំ២០២៧ ដោយគិតជាទឹកប្រាក់ជិត៧,៤ពាន់លានដុល្លារ។ របាយការណ៍របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានកត់សម្គាល់ថា ការពង្រីកវិស័យចិញ្ចឹមសត្វរបស់ហ្វីលីពីន ជាបន្តបន្ទាប់ អាចជំរុញឱ្យតម្រូវការកាកសណ្តែកសៀងកើនឡើងបន្ថែមទៀត។ របាយការណ៍បានបន្ថែមទៀតថា នៅក្នុងសប្តាហ៍ដំបូងនៃឆ្នាំទីផ្សារ ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ បរិមាណបញ្ជាទិញទុករបស់ហ្វីលីពីន និងមិនទាន់បានដឹកជញ្ជូន បានកើនលើសពីកម្រិតមធ្យមក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ជិត១២ម៉ឺនតោន គិតជាទឹកប្រមាណ៤៣លានដុល្លារ។ របាយការណ៍ដដែលបានបន្ថែមថា ផលិតកម្ម និងការនាំចេញកាកសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក កើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០២១។ ផលិតកម្មកាកសណ្តែកសៀងនៅសហរដ្ឋអាម៉េរិក នឹងកើនឡើងដោយសារការប្រមូលផលសណ្តែកសៀងបានបរិមាណច្រើនជាងមុន ចំណែកការកិនសណ្តែកសៀងក៏មានបរិមាណខ្ពស់ និងតម្រូវការក៏ច្រើនជាមុន។ កាកសណ្តែកសៀងត្រូវបានប្រើប្រាស់ជាចម្បងក្នុងការផលិតចំណីសត្វ ដោយសារវាជាប្រភពសំខាន់នៃប្រូតេអ៊ីនច្រើននៅក្នុងរូបមន្តផ្សំចំណីសត្វ៕ (ផាន់ អាណា)

Tourists on pier watching at sunset, Koh Rong, Koh Kong province, Cambodia
ខេត្តឆ្នេរសមុទ្ររបស់កម្ពុជាប្រឈមការខាត់បង់សេដ្ឋកិច្ចរហូតជិត២០០ពាន់លានដុល្លារ ពីការប្រែប្រួលអាកាសធាតុ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ បណ្ដា​ខេត្តជាប់ឆ្នេរសមុទ្ររបស់កម្ពុជា រួមមាន កោះកុង កំពត កែប និងខេត្តព្រះសីហនុ កំពុងប្រឈមនឹងការខាត់បង់សេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារការកើនឡើងនៃកម្រិតទឹកសមុទ្រ ការកាត់ច្រោះឆ្នេរ និងទឹកជំនន់តំបន់ឆ្នេរ។ ផលប៉ះពាល់ទាំងនេះនៅទូទាំងតំបន់សេដ្ឋកិច្ចចំនួន៣០ ត្រូវបានព្យាករណ៍ថា អាចបង្កការខូចខាតជាទឹកប្រាក់ពី១៧២ពាន់លានដុល្លារ ដល់១៩៩ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៥០។ នេះបើយោងតាមរបាយការណ៍ថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ របាយការណ៍នេះបានបញ្ជាក់ថា តំបន់ឆ្នេរនៅទូទាំងតំបន់អាស៊ី និងប៉ាស៊ីហ្វិក រួមទាំងកម្ពុជា កំពុងប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំងឡើង ដោយសារការប្រែប្រួលអាកាសធាតុ។ របាយការណ៍ក៏បានលើកឡើងពីការទាមទារបង្កើនយន្តការហិរញ្ញប្បទានអន្តរជាតិ ដើម្បីកាត់បន្ថយការខូចខាតសេដ្ឋកិច្ចលើវិស័យកំពង់ផែសមុទ្រ និងជលផល។ របាយការណ៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានព្យាករណ៍ថា វិបត្តិអាកាសធាតុនឹងកាន់តែធ្ងន់ធ្ងររហូតដល់ចុងសតវត្សរ៍នេះ ហើយផលវិបាកសេដ្ឋកិច្ចដែលកើតឡើងអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍតំបន់ឆ្នេររបស់កម្ពុជា ជាពិសេសលើវិស័យជលផល ពាណិជ្ជកម្មអន្តរជាតិ និងទេសចរណ៍។ ខេត្តព្រះសីហនុគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់របស់តំបន់ឆ្នេរ ដែលមានទំនាក់ទំនងជាមួយខេត្តកោះកុង កំពត និងកែប តាមរយៈវិស័យវិនិយោគសំខាន់ៗ រួមមាន ទេសចរណ៍ កសិ-កែច្នៃ ឧស្សាហកម្មផលិតកម្មតម្រង់ទិសនាំចេញ ព្រមទាំងវិស័យគីមីឥន្ធនៈ និងថាមពលស្អាត៕

កាលវិភាគផ្សព្វផ្សាយ