ម៉ានីល៖ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានបញ្ជាឱ្យបើកការស៊ើបអង្កេតលើករណីសង្ស័យរត់ពន្ធការ៉ុត និងផ្កាខាត់ណាខៀវពីប្រទេសចិន ដោយបារម្ភថា ការនាំចូលទំនិញទាំងនេះអាចបង្កឱ្យមានការប្រកួតប្រជែងមិនស្មើភាព និងធ្វើឱ្យប៉ះពាល់ដល់កសិករក្នុងស្រុក ជាពិសេសនៅតាមតំបន់ខ្ពង់រាប។
បទបញ្ជានេះធ្វើឡើងបន្ទាប់ពីរកឃើញផ្កាខាត់ណាខៀវនាំចូល ឬសង្ស័យថា ត្រូវបានរត់ពន្ធ កំពុងដាក់លក់លាយឡំជាមួយផលិតផលកសិកម្មក្នុងស្រុក។
យោងតាមរបាយការណ៍ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថា ផ្កាខាត់ណាខៀវ និងមើមការ៉ុត ត្រូវបានរក្សាទុកក្នុងប្រអប់ស្នោ ដែលបិទស្លាកថា «Product of China» មានន័យថា «ផលិតផលមកពីប្រទេសចិន»។
តាមរយៈការសម្ភាសអ្នកលក់ និងអ្នកចែកចាយ អាជ្ញាធរហ្វីលីពីនទទួលបានព័ត៌មានថា បន្លែទាំងនេះត្រូវបានដឹកជញ្ជូនតាមរថយន្តដឹកបន្លែចេញពីទីក្រុងម៉ានីល។ តម្លៃលក់រាយសម្រាប់ផ្កាខាត់ណាខៀវ ប្រហែល៤ដុល្លារ ក្នុងមួយគីឡូក្រាម។
ទោះជាយ៉ាងណា អាជ្ញាធរមិនទាន់អាចបញ្ជាក់បាននៅឡើយថា តើបន្លែទាំងនេះពិតជាត្រូវបានរត់ពន្ធនាំចូលមកប្រទេសហ្វីលីពីន ឬយ៉ាងណានោះទេ។
រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានថ្លែងថា «យើងនឹងស៊ើបអង្កេតករណីនេះឱ្យបានច្បាស់លាស់ ហើយប្រសិនបើរកឃើញថាពិតជាមានការរំលោភច្បាប់ប្រឆាំងនឹងការបំផ្លាញសេដ្ឋកិច្ចកសិកម្មមែន យើងនឹងធានាថា អ្នកប្រព្រឹត្តល្មើសត្រូវទទួលទណ្ឌកម្ម»។
អ្នកទិញមួយចំនួនចូលចិត្តទិញបន្លែនាំចូល ដែលមានតម្លៃថោកជាងបន្លែក្នុងស្រុក ដួច្នេះធ្វើឱ្យកសិករហ្វីលីពីនពិបាកលក់ផលិតផលរបស់ខ្លួន ប្រកួតប្រជែងជាមួយផលិតផលបរទេសទេស។
ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងកសិកម្មហ្វីលីពីន បានស្នើឱ្យមានការត្រួតពិនិត្យរួមគ្នានៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗ ដើម្បីផ្ទៀងផ្ទាត់ឯកសារនាំចូល ការអនុលោមតាមបទប្បញ្ញត្តិចត្តាឡីស័ករុក្ខជាតិ និងលក្ខខណ្ឌសុវត្ថិភាពចំណីអាហារ។
ក្រសួងកសិកម្មហ្វីលីពីន ក៏បានជំរុញឱ្យមានកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងមហាផ្ទៃ និងរដ្ឋបាលមូលដ្ឋាន ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ដើម្បីពង្រឹងការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធក្នុងទីផ្សារ ក្នុងការតាមដានសកម្មភាពលក់ដូរ និងការអនុវត្តបទប្បញ្ញត្តិ ស្តីពីការបិទស្លាកតម្លៃ និងស្លាកសម្គាល់ផលិតផលឱ្យបានត្រឹមត្រូវ៕ (ផាន់ អាណា)










