ភ្នំពេញ៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានមានប្រសាសន៍បញ្ជាក់ប្រាប់បងប្អូនប្រជាកសិករនៅទូទាំងប្រទេសត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រើប្រាស់ទឹកដោយសន្សំសំចៃជាអតិបរមា។
ការលើកឡើងរបស់ លោកបណ្ឌិត កៅ ថាច ខណៈរដូវប្រាំងចូលមកដល់កម្ពុជាប្រឈមគ្រោះរាំងស្ងួតធ្ងន់ធ្ងរពេញមួយឆ្នាំ២០២៧ នៅតំបន់ទំនាបកណ្ដាល និងជុំវិញទន្លេសាប នឹងប៉ះពាល់ធ្ងន់ជាងគេ។
លោកបណ្ឌិតបានផ្ញើសារថា ក្នុងបរិបទដែលកម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ កំពុងប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ដែលអាចបណ្តាលឱ្យមានកង្វះខាតទឹកសម្រាប់វិស័យកសិកម្ម។ បងប្អូនប្រជាកសិករទាំងអស់គួរពិចារណា និងជ្រើសរើសពូជដំណាំណាដែលត្រូវការប្រើប្រាស់ទឹកតិចជាងមុន ដើម្បីធានានូវនិរន្តរភាពនៃការដាំដុះកាត់បន្ថយហានិភ័យនៃការខូចខាតដំណាំដោយសារកង្វះទឹក។
លើសពីនេះលោកបណ្ឌិតបញ្ជាក់ថា ក្រៅពីការសន្សំសំចៃទឹកបងប្អូនប្រជាកសិករគួរគិតគូរពីលទ្ធភាពទីផ្សារនៃដំណាំដែលបានដាំដុះផងដែរ ដើម្បីធានាថា ផលិតផលរបស់ពួកគាត់អាចលក់ដាច់ និងទទួលបានប្រាក់ចំណេញសមរម្យ។
ការអំពាវនាវរបស់លោកបណ្ឌិត កៅ ថាច មិនត្រឹមតែជួយកសិករឱ្យឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលគ្រួសារផងដែរ។
យោងតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧត្តុនិយម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ បានឲ្យដឹងថា កម្ពុជានឹងជួបបាតុភូតធម្មជាតិ អ៊ែលនីញ៉ូ (El Niño) បន្តទៀតចាប់ពីសប្តាហ៍ទី៣ នៃខែតុលា ឆ្នាំ២០២៦ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។ នៅចំពោះមុខ ផលប៉ះពាល់របស់បាតុភូតអែលនីញ៉ូនេះមានកម្រិតធ្ងន់ធ្ងរ ប្រហាក់ប្រហែលឬខ្លាំងជាងកាលពីបាតុភូត ឆ្នាំ២០១៥-២០១៦ ហើយតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ រួមមាន តំបន់ទំនាបកណ្ដាល និងតំបន់ជុំវិញបឹងទន្លេសាប មានដូចជាខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ស្ពឺ កណ្តាល តាកែវ ព្រៃវែង ស្វាយរៀង និងកំពត។
កាលពីពេលថ្មីៗនេះ នៅចំពោះមុខទឹកជំនន់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំងអស់ សិក្សាទាញយកទឹកជំនន់ មកស្តុកទុកសម្រាប់ប្រើប្រាស់ពេលជួបគ្រោះរាំងស្ងួតនៅពេលខាងមុខ៕







