ម៉ានីល៖ ប្រទេសហ្វីលីពីនគ្រោងទិញអង្ករពីអាម៉េរិករហូតដល់២០ម៉ឺនតោនក្នុងមួយឆ្នាំ ព្រមទាំងស្វែងរកប្រភពផ្គត់ផ្គង់បន្ថែម ដើម្បីឆ្លើយតបតាមតម្រូវការអង្កររបស់ប្រជាជនហ្វីលីពីន។
ហ្វីលីពីនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសហព័ន្ធស្រូវអង្ករអាម៉េរិក កាលពីទី៧ ខែតុលា ឆ្នាំ២០២៦ដើម្បីស្តារការនាំចេញអង្ករពីសហរដ្ឋអាម៉េរិកមកកាន់ហ្វីលីពីនឡើងវិញ។
ក្រោមអនុស្សរណៈនេះ ការទិញអង្ករនឹងត្រូវធ្វើឡើងតាមរយៈការដេញថ្លៃបើកចំហ និងទិញផ្ទាល់ពីសមាជិកសហព័ន្ធអាម៉េរិក។
កិច្ចព្រមព្រៀងនេះ បានកំណត់គោលដៅទិញអង្ករអាម៉េរិកចំនួន១០ម៉ឺនតោន ត្រឹមឆ្នាំ២០២៧ មុននឹងបង្កើនបរិមាណទិញកើនឡើងពីរដងដល់២០ម៉ឺនតោនក្នុងមួយឆ្នាំ គិតចាប់ពីឆ្នាំ២០២៨តទៅ។
ជាប្រវត្តិសាស្ត្រ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទសវត្សរ៍ឆ្នាំ១៩៨០ សហរដ្ឋអាម៉េរិកធ្លាប់ជាប្រទេសផ្គត់ផ្គង់អង្ករដ៏សំខាន់មួយ ដើម្បីធានាសន្តិសុខស្បៀងរបស់ហ្វីលីពីន។
ទំនាក់ទំនងពាណិជ្ជកម្មនេះ កាន់តែរីកចម្រើនពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៧ នៅពេលសហរដ្ឋអាម៉េរិកបង្កើនការនាំចេញអង្ករទៅកាន់ហ្វីលីពីន។
តាមរយៈអនុស្សរណៈនេះនឹងផ្តល់ទីផ្សារដ៏សំខាន់មួយដល់កសិករដាំស្រូវ និងរោងម៉ាស៊ីនកិនស្រូវអាម៉េរិក នៅពេលឧស្សាហកម្មអង្កររបស់សហរដ្ឋអាម៉េរិកកំពុងត្រូវការទីផ្សារសម្រាប់រកស៊ីយូរអង្វែង។
កិច្ចព្រមព្រៀងនេះធ្វើឡើង នៅពេលប្រទេសហ្វីលីពីន កំពុងពង្រីកស្តុកអង្ករបម្រុង ដើម្បីត្រៀមទប់ទល់នឹងការធ្លាក់ចុះផលិតកម្មបង្កឡើងដោយបាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លា ដែលព្យាករណ៍ថា នឹងអូសបន្លាយរហូតដល់ជិតពាក់កណ្តាលឆ្នាំ២០២៧។
ដើម្បីពង្រឹងការផ្គត់ផ្គង់ក្នុងស្រុក ហ្វីលីពីនត្រូវបានព្យាករថា នឹងនាំចូលអង្ករក្នុងបរិមាណច្រើនបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន គឺជាង៥លានតោន នៅក្នុងឆ្នាំ២០២៦នេះ៕ (ផាន់ អាណា)







