បាងកក៖ អាជ្ញាធរថៃកំពុងតែក្រពុលមុខនឹងខ្មោចជ្រូកលង់ទឹកងាប់ ក្នុងគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់ ក្នុងប្រវត្តិសាស្ត្ររបស់ថៃ។
មន្ត្រីពេទ្យសត្វថៃរាប់រយនាក់ ត្រូវបានបញ្ជូនឱ្យប្រមូលខ្មោចជ្រូកងាប់អណ្តែតទឹកនៅតាមកសិដ្ឋាន និងតាមទឹកហូរ ជាពិសេសនៅក្នុងខេត្តប្រាជីន បូរី ដែលគិតត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ មានជ្រូកលង់ទឹកងាប់ជ្រូកជាង២០០០ក្បាល។
មន្ត្រីថៃទាំងនោះត្រូវប្រមូលខ្មោចជ្រូកកប់ក្នុងដី ដោយគ្រឿងចក្រកាយដី ដើម្បីការពារកុំឱ្យធំក្លិនស្អុយ និងផ្ទុះជំងឺឆ្លងផ្សេងៗ។
មន្ត្រីថ្នាក់ខេត្តប្រាជិន បូរី របស់ថៃបានជួបជាមួយម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក និងអាជ្ញាធរមូលដ្ឋាន ដើម្បីសម្របសម្រួលប្រតិបត្តិការប្រមូលខ្មោចជ្រូក និងត្រូវបានចាត់ចែងយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាព កុំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ។
ក្រោយមកពួកគេក៏បានជួបម្ចាស់កសិដ្ឋាន និងត្រួតពិនិត្យទីតាំងកប់ខ្មោចជ្រូកលង់ទឹក ដើម្បីធានាថា ការងារត្រូវបានអនុវត្តតាមស្តង់ដារបសុពេទ្យ និងមានអនាម័យ។
កាលពីថ្ងៃទី៦ ខែតុលា មន្ត្រីបានបញ្ជូនបុគ្គលិកបន្ថែមពីការិយាល័យចិញ្ចឹមសត្វខេត្តប្រាជិន បូរី ទទួលបន្ទុកផ្នែកត្រួតពិនិត្យ និងធ្វើចត្តាឡីស័ក ឱ្យប្រើគ្រឿងចក្រធុនធ្ងន់ និងទូក ដើម្បីដឹកខ្មោចជ្រូកចេញពីតំបន់លិចទឹក។
មន្ត្រីថៃបានផ្តល់អាទិភាពដល់ការជម្លៀសសត្វជ្រូកនៅរស់ចេញពីតំបន់គ្រោះថ្នាក់ ប៉ុន្តែនៅតាមកសិដ្ឋានខ្លះ ទឹកជំនន់ជ្រៅពេកធ្វើឱ្យពួកគេមិនអាចចូលទៅជួយជ្រូកបានឡើយ។
ដោយសារគ្រោះទឹកជំនន់ដ៏មហន្តរាយនេះ ដ្ឋាភិបាលថៃបានអង្វរក្រុមហ៊ុនឯកជនឱ្យកាត់បន្ថយនាំចេញស៊ុត បន្ទាប់ពីមេមាន់លង់ទឹកងាប់រាប់លានក្បាល ព្រមទាំងពន្យាកំណើតមេមាន់ចាស់ឱ្យនៅរស់បន្តផលិតពងទៀត មុននឹងសម្លាប់យកសាច់ថែមទៀត៕ (ផាន់ អាណា)







