តៃប៉ិ៖ អាជ្ញាធរកោះតៃវ៉ាន់នឹងបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ឬបំផ្លាញចោលតែម្តងនូវស្ពៃបូកគោស្រស់ជិត ២០ តោន ដែលនាំចូលពីប្រទេសវៀតណាម បន្ទាប់ពីត្រួតពិនិត្យនៅព្រំដែនបានរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតក្នុងកម្រិតខ្ពស់លើសកម្រិតអនុញ្ញាតជាងពីរដង។
រដ្ឋបាលចំណីអាហារ និងឱសថរបស់តៃវ៉ាន់ បានរកឃើញសារធាតុទ្រីក្លរហ្វុន (Trichlorfon) ក្នុងកំហាប់ ០,០២ ក្នុងមួយលាន នៅក្នុងស្ពៃបូកគោចំនួន ១៨ ៩០០ គីឡូក្រាម ខណៈកម្រិតអនុញ្ញាតរបស់តៃវ៉ាន់គឺ ០,០១ ក្នុងកំហាប់ ០,០២ ក្នុងមួយលាន។ ស្ពៃបូកគោនេះដាំដុះដោយក្រុមហ៊ុនវៀតណាម ឈ្មោះ បារៀ ធីធីអិន (Ba Ria TTN Company Limited) ហើយត្រូវបានប្រកាសនាំចូលដោយក្រុមហ៊ុន ជូចាងពាណិជ្ជ (Zhuchang Trading Co.,) របស់តៃវ៉ាន់។
ការត្រួតពិនិត្យនេះធ្វើឡើងក្រោយមានការព្រួយបារម្ភអំពីខ្សែសង្វាក់ផ្គត់ផ្គង់ស្ពៃបូកគោ បន្ទាប់ពីអាជ្ញាធរចិនបានបញ្ជាក់កាលពីខែសីហា ឆ្នាំ២០២៦នេះថា ឫសស្ពៃបូកគោត្រូវជ្រលក់ក្នុងសូលុយស្យុងសារធាតុហ្វ័រម៉ាល់ដេអ៊ី (Formaldehyde) ឬហៅថា ហ្វ័រម៉ុល ដើម្បីឱ្យស្ពៃនៅស្រស់បានយូរ។
ករណីនៅប្រទេសចិននេះ ត្រូវបានលាតត្រដាង នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីមានការផ្សព្វផ្សាយវីដេអូពីទីតាំងប្រមូលទិញស្ពៃបូកគោមួយកន្លែង នៅក្នុងខេត្តហឺប៉ី ប្រទេសចិន ដែលបង្ហាញកម្មករកំពុងជ្រលក់ឫសស្ពៃបូកគោក្នុងទឹកមានសារធាតុហ្វ័រម៉ុល មុនពេលដាក់ស្ពៃបូកគោទាំងនោះលើរថយន្តដឹកទំនិញ។ នៅក្បែររថយន្តមួយគ្រឿង គេបានឃើញធុងមួយ ដែលមានស្លាកបញ្ជាក់ថា ជាសូលុយស្យុងហ្វ័រម៉ុល។ យោងតាមបុរសម្នាក់ នៅទីតាំងនោះ បានប្រាប់ថា ការជ្រលក់សារធាតុហ្វ័រម៉ុលបែបនេះ អាចជួយធ្វើឱ្យស្ពៃបូកគោនៅស្រស់បានរយៈពេលពី២ ទៅ៣ថ្ងៃ។
អាជ្ញាធរកោះតៃវ៉ាន់ បានបញ្ជាក់ពីការអនុវត្តបែបនេះ ហើយបានចាប់ផ្ដើមចាត់វិធានការអនុវត្តច្បាប់ និងបង្កើនការត្រួតពិនិត្យលើការប្រមូលទិញ ការដឹកជញ្ជូន និងការលក់បន្លែ។ ការប្រើប្រាស់សារធាតុហ្វ័រម៉ុលក្នុងការដាំដុះ និងកែច្នៃអាហារ ត្រូវបានហាមឃាត់នៅប្រទេសចិន។
ក្រោយមក ក៏មានការព្រួយបារម្ភថា ស្ពៃបូកគោចិនដែលបានប្រើសារធាតុនេះ អាចត្រូវបានដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាម ឬប្រទេសទីបីផ្សេងទៀត ឬអាចចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងទម្រង់ជាគីមឈីដែលបានកែច្នៃរួច។ ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ថា ស្ពៃបូកគោវៀតណាម ដែលតៃវ៉ាន់បដិសេធនេះ មានប្រភពដើមពីប្រទេសចិន ឬមានជ្រលក់ធាតុហ្វ័រម៉ុលដែរនោះទេ។
ចំណែកប្រទេសកូរ៉េខាងត្បូងវិញ ក៏បានបង្កើនការត្រួតពិនិត្យលើស្ពៃបូកគោចិន។ ចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរកោះតៃវ៉ាន់ បានធ្វើតេស្តរកសារធាតុហ្វ័រម៉ុលលើគ្រប់ការដឹកជញ្ជូនស្ពៃបូកគោចិន និងបានធ្វើតេស្តលើជ្រក់គីមឈីធ្វើពីស្ពៃបូកគោ៕ (ផាន់ អាណា)







