កង់បេរ៉ា៖ ការធ្វើតេស្តនៅក្នុងប្រទេសអូស្ត្រាលី បានរកឃើញសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតចំនួន២០១ករណី ក្នុងសំណាកបន្លែ និងផ្លែឈើ ចំនួន៧៨មុខ ដែលលក់តាមផ្សារទំនើបនៅក្នុងទីក្រុងធំៗរបស់អូស្ត្រាលី។
របាយការណ៍ស្តីពីសំណល់ថ្នាំគីមីសម្លាប់សត្វល្អិត នៅអូស្ត្រាលី ឆ្នាំ២០២៦ បានគ្របដណ្ដប់លើបន្លែផ្លែឈើមួយចំនួន ដូចប៉ោម ប័រ ចេក ប្ល៊ូបឺរី ប្រូខូលី ម្ទេសប្លោក ត្រសក់ ទំពាំងបាយជូរ សាឡាត់ ដំឡូងបារាំង ត្រសក់ស្រូវ ស្ត្របឺរី និងផ្លែប៉េងប៉ោះ។ ការធ្វើតេស្តបានរកឃើញសំណល់សារធាតុថ្នាំគីមីសម្លាប់សត្វល្អិតចំនួន៥៤ ប្រភេទផ្សេងៗគ្នា។
ផ្សារទំនើបៗលក់បន្លែផ្លែឈើ ដែលមានផ្ទុកសំណល់ថ្នាំគីមីទាំងនេះ មាននៅក្នុងទីក្រុង អាដេឡែដ (Adelaide) ប្រ៊ីសបេន (Brisbane) ស៊ីដនី (Sydney) ភើស (Perth) និងទីក្រុង ម៉ែលប៊ន (Melbourne) ហើយត្រូវបានយកសំណាកមកធ្វើតេស្ត កាលពីខែមិថុនា ឆ្នាំ២០២៦។
យោងតាមរបាយការណ៍ បានឱ្យដឹងថា សំណាកចំនួន៤៤ភាគរយ មានសារធាតុមួយ ឬច្រើនប្រភេទក្នុងក្រុមភីអេហ្វអេអេស (PFAS) ដែលគេស្គាល់ថា ជាសារធាតុគីមី ភើរអែនប៉ូលីហ្វ្លូអូរ៉ូអាល់គីល (per- and polyfluoroalkyl substances)។ ចំណែកសំណាកចំនួន៥៦ភាគរយ មានសំណល់ថ្នាំគីមីសម្លាប់សត្វល្អិត យ៉ាងហោចណាស់មួយប្រភេទ ដែលមិនអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុប។
តាមការសិក្សាបែបវិទ្យាសាស្ត្របានរកឃើញថា ផលប៉ះពាល់ដល់សុខភាពមនុស្ស ក្នុងកម្រិតជាក់លាក់ និងរយៈពេលយូរ ដោយធ្វើឱ្យប្រែប្រួលមុខងារថ្លើម និងការកើនឡើងជាតិខ្លាញ់ក្នុងឈាម។ ការថយចុះសមត្ថភាពឆ្លើយតបនឹងវ៉ាក់សាំងមួយចំនួន ប៉ះពាល់ដល់ការមានគភ៌ និងទារកក្នុងផ្ទៃ ព្រមទាំងពាក់ព័ន្ធនឹងជំងឺមហារីកតម្រងនោម និងពងស្វាស។
ថ្នាំសម្លាប់សត្វល្អិតក្នុងក្រុម ណេអូនីកូទីណូអីដ (Neonicotinoid) ត្រូវបានរកឃើញក្នុងសំណាកចំនួន១៤ភាគរយ ហើយក៏បានរកឃើញថ្នាំសម្លាប់សត្វល្អិតក្នុងក្រុមអ័រហ្គាណូផូស្វាត (Organophosphate) ចំនួន៥ ប្រភេទផ្សេងគ្នាផងដែរ។
ចំណែកសំណាកចំនួន៤ប្រភេទ ដែលរួមមានផ្លែទំពាំងបាយជូរ ផ្លែស្ត្របឺរី និងផ្លែម្ទេសប្លោក មានសំណល់ថ្នាំសម្លាប់សត្វល្អិតលើសកម្រិតសំណល់អតិបរមា ដែលកំណត់ដោយអាជ្ញាធរអូស្ត្រាលីទទួលបន្ទុកថ្នាំសម្លាប់សត្វល្អិត និងឱសថសត្វ។
អង្គការអូស្ត្រាលីប្រឆាំងនឹងការប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិត (Pesticide Action Australia) បានរាយការណ៍ពីសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតចំនួន៨ករណី ដែលតាមការវាយតម្លៃរបស់អង្គការ អាចជាសញ្ញាបង្ហាញពីការប្រើប្រាស់ថ្នាំពុលហាមឃាត់។
អង្គការដដែលនេះ បានអំពាវនាវឱ្យបង្កើនការធ្វើតេស្តរកសំណល់ថ្នាំគីមីសម្លាប់សត្វល្អិត និងផ្សាយលទ្ធផលជាសាធារណៈ ព្រមទាំងបង្កើនការគាំទ្រដល់អ្នកដាំដុះ ដែលចង់កាត់បន្ថយការប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិត។
ចំពោះលទ្ធផលទាំងនេះ ក្រុមហ៊ុនលក់ចែកចាយផលិតផលស្រស់ៗ បានឆ្លើយតបថា អ្នកផ្គត់ផ្គង់ត្រូវអនុវត្តតាមបទប្បញ្ញត្តិ ស្តីសុវត្ថិភាពចំណីអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងថ្នាំគីមីសម្លាប់សត្វល្អិតរបស់អូស្ត្រាលី៕ (ផាន់ អាណា)










