ហូជីមិញ៖ នគរបាលទីក្រុងហូជីមិញ របស់វៀតណាម កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះបានរកឃើញជ្រូករស់ជាង៤ ០០០ក្បាល ចាប់ខ្លួនជនទុច្ចរិត៩នាក់ ពីបទលក់សាច់ជ្រូក និងចិញ្ចឹមជ្រូកដោយប្រើសារធាតុគីមី ដើម្បីឱ្យជ្រូកមានសាច់ច្រើន។
អាជ្ញាធរវៀតណាម បានរកឃើញជ្រូករស់ចំនួន៤ ១៨៩ក្បាល មានទម្ងន់សរុបជាង៦០០តោន សុទ្ធតែមានផ្ទុកសារធាតុគីមីហាមឃាត់ ព្រមទាំងរឹបអូសម្សៅគីមី ជាង១តោនថែមទៀត។
ចំណែកសាច់ជ្រូកមានសារធាតុគីមីជាង១០ ០០០តោន ដែលមានតម្លៃជាទឹកប្រាក់ជិត ២៣ លានដុល្លារ ត្រូវបានជនជាតិវៀតណាមលក់ចែកចាយពេញទីផ្សាររួចអស់ទៅហើយ។
នគរបាលវៀតណាមធ្វើតេស្តរកឃើញថា ជ្រូកសុទ្ធតែមានផ្ទុកសារធាតុគីមីសាលប៊ូតាម៉ុល (Salbutamol) ព្រមទាំងមានមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិកថែមទៀត។
សារធាតុ សាលប៊ូតាម៉ុល (Salbutamol) ឬហៅថា អាល់ប៊ូតេរ៉ូល (Albuterol) អាចធ្វើឱ្យជ្រូកឆាប់ធំ មានសាច់ច្រើន និងមិនសូវមានខ្លាញ់។ សារធាតុមិនត្រូវប្រើសម្រាប់ធ្វើឱ្យសត្វឡើងសាច់ សម្រាប់ធ្វើជាអាហារទេ ព្រោះសំណល់ថ្នាំពុល នៅក្នុងសាច់ អាចបណ្ដាលឱ្យមនុស្សមានរោគសញ្ញាដូចជា បេះដូងលោតលឿន ឬញ័រទ្រូង ញ័រដៃ ឆាប់តក់ស្លុត ឈឺក្បាល និងរមូលសាច់ដុំ។ ក្នុងករណីប៉ះពាល់ខ្លាំង អាចមានបញ្ហាបេះដូង និងមានជាតិប៉ូតាស្យូមក្នុងឈាម លើសកម្រិត។
នគរបាលវៀតណាម បានឆែកឆេរទីតាំងចំនួន២១កន្លែង រួមមានកសិដ្ឋាន និងទ្រុងចិញ្ចឹមជ្រូកតាមផ្ទះ ក្នុងខេត្តដុងណៃ (Dong Nai) ភាគពាយព្យទីក្រុងហូជីមិញ ដែលមានព្រំប្រទល់ជាប់ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំរបស់កម្ពុជា។
ការស៊ើបអង្កេតបឋម បានឱ្យដឹងថា ជនជាតិវៀតណាមម្នាក់ ជាអ្នកផ្គត់ផ្គង់សារធាតុគីមីនេះឈ្មោះ ង្វៀន ធីចិញនូ (Nguyen Thi Trinh Nu) អាយុ៣៧ឆ្នាំ នៅខេត្តវិញឡុង (Vinh Long) អតីតខេត្តលង់ហោរ កម្ពុជាក្រោម។
ភ្នាក់ងារស៊ើបអង្កេតវៀតណាម ក៏បានចាប់ខ្លួនមន្ត្រីពេទ្យសត្វខេត្ត ដុងណៃ ម្នាក់ ពីបទទទួលសំណូកពីអ្នកចិញ្ចឹមជ្រូក ដើម្បីចុះហត្ថលេខាលើវិញ្ញាបនបត្រក្លែងក្លាយ ដែលអនុញ្ញាតឱ្យដឹកជញ្ជូនជ្រូកឆ្លងខេត្ត ក្នុងប្រទេសវៀតណាម។
សារព័ត៌មានវៀតណាម ឈ្មោះ វៀតណាមណេត គ្លូបល (Vietnamnet Global) បានចេញផ្សាយ ដោយដកស្រង់លទ្ធផលស៊ើបអង្កេតថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥ ឈ្មោះ ង្វៀន ធីចិញនូ បានចែកចាយម្សៅមួយប្រភេទដល់អ្នកចិញ្ចឹមជ្រូក ដោយផ្សព្វផ្សាយថា ជា “ចំណីថៃ និងកម្ពុជា” ដែលអាចធ្វើឱ្យជ្រូកមានសាច់ណែនល្អ មានទម្ងន់ច្រើន និងមិនសូវមានខ្លាញ់។ ម្យៅគីមីនេះ គេលក់ក្នុងតម្លៃ៣៧៥ ០០០ដុង ឬប្រហែល១៤ដុល្លារ ក្នុងមួយគីឡូក្រាម។
តាមការស៊ើបអង្កេតរបស់វៀតណាម បានបង្ហាញថា សារធាតុនេះ គឺពិតជាសារធាតុគីមី ឈ្មោះ សាលប៊ូតាម៉ុល ដែលត្រូវបានហាមឃាត់មិនឱ្យប្រើក្នុងការចិញ្ចឹមសត្វ។
ជនជាតិវៀតណាម បានប្រាប់អ្នកស៊ើបអង្កេតថា គេលាយសារធាតុគីមី សាលប៊ូតាម៉ុល ចំនួន ១០០ក្រាម ទៅក្នុងចំណីជ្រូកទម្ងន់៣០០គីឡូក្រាម សម្រាប់ជ្រូក១០០ក្បាល ស៊ីឆាប់ធំ មានសាច់ច្រើន។ ជ្រូកអាចឡើងទម្ងន់ពី១០០ ទៅ១៤០គីឡូក្រាម ក្នុងមួយខែ។ ដូច្នេះកសិដ្ឋានចិញ្ចឹមជ្រូកនីមួយៗ បានប្រើសារធាតុហាមឃាត់នេះ ជាមធ្យប្រហែល៣គីឡូក្រាម។
ដើម្បីកុំឱ្យគេធ្វើតេសរកឃើញសារធាតុគីមីនៅក្នុងសាច់ជ្រូក អ្នកចិញ្ចឹមឈប់ដាក់សារធាតុគីមីនេះប្រហែល១០ថ្ងៃ មុនពេលលក់ ដោយប្រើថ្នាំបន្សាបជាតិពុលក្នុងថ្លើមជ្រូក ឈ្មោះ អេឡិចត្រូលីត (Bio electrolytes) ជំនួសវិញ ដើម្បីកាត់បន្ថយសំណល់សារធាតុគីមីនៅក្នុងខ្លួនជ្រូក។
នគរបាលទីក្រុងហូជីមិញ កំពុងបន្តពង្រីកការស៊ើបអង្កេតស្វែងរកបុគ្គលពាក់ព័ន្ធផ្សេងទៀត ក្នុងបណ្តាញចិញ្ចឹមជ្រូកឱ្យស៊ីសារធាតុគីមី៕ (ផាន់ អាណា)













