ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកជំទាវ សួរ សុខគីម ព្រមទាំងសហការី ព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមគ្រួសារ ព្រមទាំងសហការីនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃនៅវត្តបទុមវតី ដើម្បីព្រះអង្គចាត់ចែងសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបានអញ្ជើញអុជទៀនធូបបូជាថ្វាយព្រះពុទ្ធបដិមា ក្រាបថ្វាយបង្គំប្រគេនទេយ្យវត្ថុ និងបច្ច័យផ្សេងៗ ប្រគេនចំពោះសម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ និង សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ប្រធានលេខាធិការដ្ឋានគណៈនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះបុព្វការីជន ញាតិកាទាំងគ្រប់សណ្តាន។
បន្ទាប់មកជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ក៏បានសម្តែងទឹកចិត្តសទ្ទាជ្រះថ្លាចូលរួមផងដែរ នាពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលដូនតាបានបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់ ដែលបានឆ្លុះបញ្ចាំងអំពីគុណតម្លៃនៃការដឹងគុណ ការគោរពបុព្វបុរសជាតិ និងស្មារតីសាមគ្គីភាពជាតិនៅក្នុងសង្គមកម្ពុជា៕










