ហាណូយ៖ វៀតណាមកំពុងជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅច្រកទ្វារព្រំដែនមុកបៃ (Mộc Bài) ក្នុងខេត្តតៃនិញ (Tây Ninh) និងច្រកបាវិត ក្នុងខេត្តស្វាយរៀងរបស់កម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្មឆ្លងដែន និងបង្កើតលំហថ្មីសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាម។
ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានជំរុញឱ្យពន្លឿនការរៀបចំយន្តការ និងគោលនយោបាយ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសច្រកទ្វារព្រំដែនមុកបៃ ព្រោះច្រកទ្វារអន្តរជាតិមួយនេះមានសក្តានុពលខ្ពស់សម្រាប់ពង្រីកពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានគោលនយោបាយសមស្រប រួមទាំងវិធានការពិសេសលើពន្ធគយ និងការដឹកជញ្ជូន ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងប្រតិបត្តិការអាជីវកម្ម។ លោកក៏បានសង្កត់ធ្ងន់លើតម្រូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន លំនៅឋាន និងសេវាកម្ម ដើម្បីទាក់ទាញការវិនិយោគ និងគាំទ្រការអភិវឌ្ឍនៅតំបន់ជុំវិញច្រកទ្វារព្រំដែន។
ចំណែករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានមានប្រសាសន៍ថា ក្រសួងកំពុងកិច្ចខិតខំប្រឹងប្រែងរកដោះស្រាយឧបសគ្គតាមយន្តការមានស្រាប់ ប្រសើរជាងបង្កើតយន្តការគោលនយោបាយថ្មីៗច្រើនជាន់លើគ្នា។ វិធានការពិសេសគួរត្រូវបានពិចារណាតែចំពោះករណីច្បាប់ ដែលមានស្រាប់មិនអាចផ្តល់ប្រសិទ្ធភាពគ្រប់គ្រាន់ ហើយសំណើលើកជាគោលនយោបាយត្រូវបញ្ជាក់ឱ្យច្បាស់អំពីបញ្ហា វិសាលភាព ធនធាន និងផលប៉ះពាល់។
សម្រាប់តំបន់មុកបៃ ក្រសួងហិរញ្ញវត្ថុវៀតណាម បានរកឃើញឧបសគ្គសំខាន់ចំនួន៣ រួមមាន បញ្ហាខ្វះហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅមិនទាន់ពេញលេញ ព្រមទាំងខ្វះគម្រោងវិនិយោគធំៗ ដើម្បីជួយជំរុញខ្សែសង្វាក់តម្លៃផលិតកម្មក្នងតំបន់។ ចំណែកផ្នែកគយ ភស្តុភារ និងការតភ្ជាប់ជាមួយច្រកទ្វារព្រំដែនបាវិតរបស់កម្ពុជា ក៏មិនទាន់ល្អពេញលេញនៅឡើយដែរ។
អាជ្ញាធរខេត្តតៃនិញរបស់វៀតណាមកំពុងប្រឹងប្រែងតភ្ជាប់ផ្លូវល្បឿនលឿនហូជីមិញ-មុកបៃ មកកាន់តំបន់ច្រកទ្វារព្រំដែនបាវិត ព្រមទាំងអភិវឌ្ឍប្រព័ន្ធភស្តុភារ ប្រព័ន្ធច្រកទ្វារព្រំដែនឌីជីថល និងច្រកទ្វារព្រំដែនឆ្លាតវៃ ដើម្បីកាត់បន្ថយពេលវេលាបំពេញបែបបទគយ និងសម្រួលដល់ការដឹកជញ្ជូនទំនិញ។
តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនមុកបៃ-បាវិត ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ តាមបណ្តោយព្រំដែនវៀតណាម-កម្ពុជា។ តំបន់នេះមានគោលដៅក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយ ដែលតភ្ជាប់តំបន់ភាគអាគ្នេយ៍របស់វៀតណាមជាមួយកម្ពុជា និងតំបន់អាស៊ានទាំងមូល។
បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនេះមានគម្រោងវិនិយោគចំនួន៥៩ រួមមានគម្រោងវិនិយោគរបស់ជនបរទេសចំនួន២៥ ដែលមានទុនវិនិយោគចុះបញ្ជីសរុបជាង៤៨៨លានដុល្លារ និងគម្រោងវិនិយោគក្នុងស្រុកចំនួន៣៤ ដែលមានទុនវិនិយោគចុះបញ្ជីលើសពី៣២២លានដុល្លារ៕ (ផាន់ អាណា)
















