ឡុងដ៍៖ ត្រីប្រហែល៧៧លានក្បាល ត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសអង់គ្លេស ដោយមិនមានការត្រួតពិនិត្យច្បាស់លាស់តាមកំណត់ឡើយ។
អស់រយៈរាប់សិបឆ្នាកន្លងមកហើយ រដ្ឋាភិបាលអង់គ្លេសបានសម្តែងក្តីព្រួយបារម្ភ អំពីវិធីសាស្ត្រសម្លាប់ត្រី នៅតាមរោងសត្តឃាតត្រីវ។ ទោះជាយ៉ាងណា ស្ថាប័នផ្លូវការទាំងអស់ ដែលទទួលខុសត្រូវលើសុខុមាលភាពសត្វ និងស្តង់ដារសុវត្ថិភាពម្ហូបអាហារនៅអង់គ្លេស បានបញ្ជាក់ថា ពួកគេមិនអបានត្រួតពិនិត្យជាប្រចាំលើរោងសត្តឃាតត្រីឡើយ។
ទីភ្នាក់ងារស្តង់ដារម្ហូបអាហារ និងត្រួតពិនិត្យសុខភាពត្រី បាននិយាយថា ពួកគេក៏មិនបានត្រួតពិនិត្យជាប្រចាំលើរោងសត្តឃាតត្រីដែរ។
លោកស្រី អាប៊ីហ្គេល ផែន្នី (Abigail Penny) នាយកប្រតិបត្តិអង្គការសមភាពសត្វរបស់អង់គ្លេស (Animal Equality UK) បាននិយាយថា «ត្រីគឺជាសត្វ ដែលអាចចេះគិត មានអារម្មណ៍ និងចេះឈឺចាប់។ វាជារឿងគួរឱ្យអាម៉ាស់ណាស់ ដែលគ្មានស្ថាប័នណាមួយទទួលខុសត្រូវក្នុងការត្រួតពិនិត្យសុខុមាលភាពរបស់ពួកវានៅពេលគេសម្លាប់។ នេះគឺជាចន្លោះខ្វះខាតដ៏ធំមួយ ហើយធ្វើឱ្យសត្វទាំងនេះងាយរងគ្រោះកាន់តែខ្លាំងនៅពីក្រោយទ្វារបិទ»។
កាលពីឆ្នាំ១៩៩៦ ឆ្នាំ២០១៤ និងនៅឆ្នាំ២០២៤ ស្ថាប័នប្រឹក្សាអ្នកជំនាញរបស់រដ្ឋាភិបាលអង់គ្លេស បានសំណូមពរឱ្យមានច្បាប់គ្រប់គ្រងការសម្លាប់ត្រីចិញ្ចឹម។ ក្នុងលើកចុងក្រោយ គណៈកម្មាធិការបានជំរុញឱ្យរដ្ឋាភិបាលអង់គ្លេសចេញច្បាប់តម្រូវឱ្យអ្នកសម្លាប់ត្រីត្រូវធ្វើឱ្យត្រីសន្លប់សិន ទើបសម្លាប់ ដើម្បីកុំឱ្យត្រីមានការឈឺចាប់។
នៅក្នុងយុទ្ធសាស្ត្រការពារសុខុមាលភាពសត្វ សម្រាប់ប្រទេសអង់គ្លេសដែលបានចេញផ្សាយ កាលពីខែធ្នូ ឆ្នាំ២០២៥ រដ្ឋាភិបាលបានប្តេជ្ញាដាក់ចេញនូវលក្ខខណ្ឌ ស្តីពីការសម្លាប់ត្រីចិញ្ចឹមប្រកបដោយមនុស្សធម៌ មិនប្រើអំពើឃោរឃៅ។ ទោះជាយ៉ាងណា រហូតមកដល់ឆ្នាំ២០២៦នេះ សេចក្តីព្រាងច្បាប់នៅមិនទាន់អនុម័តនៅឡើយ៕ (ផាន់ អាណា)










