ហ្សាការតា៖ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក ប៊ូឌី សាន់តូសូ (Budi Santoso) បានជំរុញឱ្យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ឱ្យប្រើបាកូដលើផលិតផល ដើម្បីធ្វើឱ្យប្រតិបត្តិការកាន់តែងាយស្រួល និងអាចទទួលបានកន្លែងដាក់លក់ផលិតផលនៅតាមបណ្ដាបណ្តាញហាងទំនើបៗលក់រាយ។
ក្នុងពិធីចាប់ផ្តើមកម្មវិធីជួយសម្រួលការទទួលស្គាល់បាកូដ សម្រាប់ផលិតផលម្ហូបអាហារវេចខ្ចប់ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រី បាននិយាយថា បាកូដ គឺជាជំហានសំខាន់មួយក្នុងដំណើរការឌីជីថលូបនីយកម្ម ដោយជួយឱ្យផលិតផលក្នុងស្រុកអាចចូលទីផ្សារតាមរយៈហាងលក់រាយទំនើបៗ។
ក្រសួងពាណិជ្ជកម្ម បានសហការជាមួយ ជីអេសអាយវ័ន ឥណ្ឌូណេស៊ី (GS1 Indonesia) ដែលជាស្ថាប័នមានសិទ្ធិចេញលេខសម្គាល់ផលិតផលតាមស្តង់ដារអន្តរជាតិ ដើម្បីផ្តល់វិញ្ញាបនបត្របាកូដ សម្រាប់ផលិតផលម្ហូបអាហារវេចខ្ចប់ និងផលិតផលថែរក្សាសម្រស់ក្នុងស្រុក ដែលដំណាក់កាលដំបូងមានគោលដៅជួយ៥០ក្រុមហ៊ុន។
ទោះបីជាបាកូដ មានសារៈសំខាន់សម្រាប់ធ្វើឱ្យការគ្រប់គ្រងស្តុក និងការចែកចាយផលិតផលកាន់តែងាយស្រួលក៏ដោយ លោក Santoso បានសង្កត់ធ្ងន់ថា ការបំពេញតាមលក្ខខណ្ឌរដ្ឋបាលត្រូវតែភ្ជាប់ជាមួយគុណភាពផលិតផលខ្ពស់ផងដែរ។
លោក ប៊ូឌី សាន់តូសូ បាននិយាយថា «ប្រសិនបើផលិតផលមួយមិនអាចប្រកួតប្រជែងបាន ឬខ្វះគុណភាព វាមិនអាចចូលទីផ្សារបានទេ។ អ្នកប្រើប្រាស់មានស្តង់ដាររបស់ពួកគេ ហើយហាងលក់រាយក៏មានស្តង់ដាររបស់ពួកគេដែរ»។
ការប្រើប្រាស់បាកូដ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលក្នុងស្រុក និងពង្រីកការចូលដល់ទីផ្សារក្នុងប្រទេសសម្រាប់អាជីវកម្មខ្នាតតូច។
លោកបានកត់សម្គាល់ថា បច្ចុប្បន្នឥណ្ឌូណេស៊ីមានហាងទំនើបតូចៗជាង៥០ ០០០ កន្លែង។
លោកបាននិយាយថា «ប្រសិនបើហាងទាំងអស់នេះអាចដាក់លក់ផលិតផលក្នុងស្រុកបាន នោះវានឹងក្លាយជារឿងដ៏អស្ចារ្យមួយ»។
លោកបានបន្ថែមទៀតថា «ប្រសិនបើផលិតផលក្នុងស្រុកទាំងអស់អាចចូលទៅដល់ទីផ្សារក្នុងប្រទេសបាន នោះមានន័យថា ការពឹងផ្អែកលើការនាំចូលរបស់យើងក៏នឹងថយចុះដែរ ពីព្រោះផលិតផលក្នុងស្រុកអាចបំពេញតម្រូវការបាន»។
ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី មានផែនការពង្រីកកម្មវិធីទទួលស្គាល់បាកូដនេះ ជាបន្តបន្ទាប់ ដើម្បីជួយឱ្យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមកាន់តែច្រើន អាចបំពេញតាមស្តង់ដារឧស្សាហកម្មនិងចូលរួមក្នុងបណ្តាញហាងលក់រាយបែបទំនើបៗ៕ (ផាន់ អាណា)







