គូឡាឡាំពួរ៖ អាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី បានចាត់វិធានការទុកជាមុន ដើម្បីការពារសន្តិសុខស្បៀងរបស់ប្រទេស ដោយរៀបចំផែនការប្រមូលទិញ និងស្តុកទុកផលិតផលកសិកម្ម នៅក្នុងឃ្លាំងរបស់អាជ្ញាធរនៅទូទាំងប្រទេស។
ប្រធានអាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី បានមានប្រសាសន៍កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ថា អាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី បានបង្កើតគណៈកម្មាធិការមួយកាលពីពីរខែមុន។ ទោះបីជាបាតុភូតធម្មជាតិ ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំក៏ដោយ ក៏ឆ្នាំនេះ ម៉ាឡេស៊ីបានចាត់វិធានការទុកជាមុន ជាជាងរង់ចាំរហូតដល់គ្រោះមហន្តរាយកើតឡើង។ តាមរយៈការចាត់វិធានការត្រៀមទុកជាមុន និងសម្របសម្រួលជាមួយនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី អំពីពេលវេលាបាតុភូត អែលនីញ៉ូ ចាប់ផ្តើម ម៉ាឡេស៊ីអាចរៀបចំការត្រៀមខ្លួនបានមុននៅឆ្នាំ២០២៦នេះ។
កន្លងមក អគ្គនាយកនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី បានរាយការណ៍ថា លទ្ធភាពបានកើនលើសពី៩០ភាគរយ ដែលអែលនីញ៉ូនឹងឈានចូលដល់កម្រិត «ខ្លាំងបំផុត» ឬ «មហាអែលនីញ៉ូ» ក្នុងអំឡុងខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៦។
ប្រធានអាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី បាននិយាយថា ម៉ាឡេស៊ីក៏មានផែនការទិញផលិតផលកសិអាហារមួយចំនួន និងរក្សាទុកនៅក្នុងឃ្លាំងរបស់ខ្លួន ដើម្បីធ្វើជាស្តុកបម្រុង ទប់ទល់នឹងការរំខានចំពោះការផ្គត់ផ្គង់ រួមទាំងបញ្ហាបណ្តាលមកពីការនាំចូល និងនាំចេញ។
លោកបាននិយាយថា អាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី មានឃ្លាំងនៅគ្រប់រដ្ឋទាំងអស់ក្នុងប្រទេសម៉ាឡេស៊ី រួមទាំងឃ្លាំងស្តុកទុកត្រជាក់ ដែលនឹងត្រូវប្រើប្រាស់ឱ្យបានពេញលេញ ដើម្បីធានាថា មានស្បៀងអាហារគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការចាំបាច់។
លោកបានបន្ថែមថា «ស្តុកទាំងនេះ រួមមានផលិតផលកសិអាហារប្រហែល៣៤ប្រភេទ ដូចជា ម្ទេសទុំ ម្ទេសខ្ចី ស្ពៃក្តោប និងខ្ទឹមបារាំង ព្រមទាំងផលិតផលស្បៀងអាហារផ្សេងទៀត ដូចជាសាច់មាន់ និងសាច់គោ។ ប្រសិនបើមានបញ្ហាណាមួយ ដូចជាការលំបាកនាំចូល ឬការនាំចេញ យើងមានផែនការបម្រុងទុលមុន ដើម្បីធានាថា យើងមានផលិតផលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងរយៈពេលជាច្រើនខែ»។
ប្រធានអាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី បាននិយាយថា វិធីសាស្ត្រនេះផ្អែកលើបទពិសោធន៍របស់ប្រទេសម៉ាឡេស៊ីក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ដែលការរៀបចំផែនការជាមុន និងការរក្សាស្តុកស្បៀងឱ្យបានគ្រប់គ្រាន់ បានជួយរក្សាឱ្យការផ្គត់ផ្គង់ស្បៀងដោយមិនមានការរំខានធ្ងន់ធ្ងរ៕ (ផាន់ អាណា)







