បាងកក៖ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងសប្តាហ៍មុន បានធ្វើឱ្យថៃខាតបង់ផ្នែកសេដ្ឋកិច្ចរាប់ពាន់លានដុល្លារ ព្រោះសហគ្រាស រោងចក្រ កសិដ្ឋានចិញ្ចឹមសត្វ និងចម្ការដំណាំ ត្រូវទឹកជន់លិចយ៉ាងជ្រៅ។
គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះសារព័ត៌មានរបស់ថៃ បានចេញផ្សាយទិន្នន័យបឋមនៃទំហំផ្ទៃដីដាំដំណាំ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅក្នុងប្រទេសថៃ យ៉ាងហោចណាស់មានទំហំជិត២៨ម៉ឺនហិកតា នៅក្នុង៤៩ខេត្ត ធ្វើឱ្យខាតបង់ក្នុងខ្សែសង្វាក់កសិកម្មថៃ ប្រមាណ២ពាន់លានដុល្លារ។
នៅខេត្តចន្ទបុរី ដែលជាតំបន់ផលិតទុរេនសំខាន់មួយរបស់ថៃ មានផ្ទៃដីសរុបជាង៣ ២០០ហិកតា ត្រូវទឹកជំនន់ជន់លិចងាប់ដើមទុរេនអស់រាប់ពាន់ដើម។
តាមសេចក្តីរាយការណ៍នានា បានឱ្យដឹងថា ដើមទុរេនភាគច្រើនមានអាយុយ៉ាងហោចណាស់៥ឆ្នាំ និងកំពុងតែឱ្យផល។
កសិករដាំទុរេនម្នាក់ នៅខេត្តសាមុតសុងក្រាម កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ថា ដើមទុរេនរបស់គាត់ជិត៥០០ដើម ត្រូវលង់ទឹកងាប់ស្តើរអស់ ដោយនៅសល់ត្រឹមតែជាង២០ដើមប៉ុណ្ណោះ បន្ទាប់ពីទឹកជំនន់បានលិចចម្ការរបស់គាត់អស់រយៈពេលជិត១០ថ្ងៃកន្លងមកហើយ។
កសិកររូបនេះបានឱ្យដឹងថា ទឹកជំនន់បានចាប់ផ្ដើមហូរចូលចម្ការរបស់លោកនៅថ្ងៃទី២៧ ខែកញ្ញា ហើយបន្តកើនឡើងជាលំដាប់រហូតដល់ចុងដើមទុរេនតែម្តង។ ចំណែកដំណាំល្ហុងឆាប់ងាប់ជាងគេ បន្ទាប់មកដើមទុរេន និងដើមក្រូចថ្លុង ក៏ចាប់ផ្ដើមមានស្លឹកពណ៌លឿង និងជ្រុះស្លឹក មុននឹងស្វិតងាប់បន្តិចម្ដងៗ។
លោកបាននិយាយថា បញ្ហាធំបំផុត គឺកម្ពស់ទឹកនៅក្នុងចម្ការនៅតែខ្ពស់ដដែល ទោះបីទឹកជំនន់នៅតំបន់ក្បែរនោះ បានចាប់ផ្ដើមស្រកចុះក៏ដោយ។
ក្នុងចំណោមខេត្តរងគ្រោះដោយទឹកជំនន់ទាំង៤៩ខេត្ត មានខេត្តសមុទ្រសុងក្រាម សមុទ្រសាខន សមុទ្រប្រកាន ចន្ទបុរី និងខេត្តចាជើងសាវ បានរងគ្រោះធ្ងន់ធ្ងរផ្នែកវិស័យកសិកម្ម។ កាលពីថ្ងៃទី៧ ខែតុលា ទឹកជំនន់បានជន់លិចលំនៅឋាន សាលារៀន រោងចក្រ រោងចិញ្ចឹមសត្វ ដែលនៅតាមតំបន់ខ្លះទឹកបានលិចដល់ដំបូលព្រះវិហារព្រះពុទ្ធសាសនាផងដែរ៕ (ផាន់ អាណា)







