បាលី៖ រដ្ឋមន្ត្រីកិច្ចការសមុទ្រ និងនេសាទឥណ្ឌូណេស៊ី លោក សាកទី វ៉ះយូ ត្រឹងហ្គូណូ (Sakti Wahyu Trenggono) បានមានប្រសាសន៍ថា ទីតាំងនេះត្រូវបានរៀបចំឡើង មិនត្រឹមតែជាមជ្ឈមណ្ឌលសម្រាប់វិស័យនេសាទបែបពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់វិស័យឧស្សាហកម្ម និងទេសចរណ៍របស់កោះបាលីផងដែរ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ក្នុងពិធីបញ្ចុះបឋមសិលាំ បើកការដ្ឋានសាងសង់គម្រោងនៅកោះបាលី កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦ថា ថវិកាបញ្ចេញនៅពេលនេះ មិនតិចជាង១,២ទ្រីលានរូពីឥណ្ឌូណេស៊ីស ឬស្មើនឹងជាង៦៦លានដុល្លារទេ ដើម្បីធ្វើឱ្យកំពង់ផែកាន់តែទំនើប និងមានការរៀបចំយ៉ាងល្អប្រសើរជាងមុន។
លោកបានសង្កត់ធ្ងន់ថា គម្រោងដ៏ទំហំធំបែបនេះ ត្រូវការថវិកាឱ្យច្រើនគ្រប់គ្រាន់ និងមានលក្ខណៈទូលំទូលាយ មិនមែនអភិវឌ្ឍជាដំណាក់កាលតូចៗដាច់ដោយឡែកពីគ្នានោះទេ ដើម្បីធានាថា ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ទាំងអស់អាចដំណើរការរួមគ្នាបានយ៉ាងរលូន។
លោកបាននិយាយថា «ខ្ញុំមិនចង់ឱ្យថវិកាអភិវឌ្ឍកំពង់ផែមានត្រឹម៥០០ពាន់លានរូពី ឬជិត២៨លានដុល្លារ ហើយបន្ថែម៦០០ពាន់លានរូពី ឬជាង៣៣លានដុល្លារនោះទេ។ ខ្ញុំចង់សាងសង់វាឱ្យបានរួចរាល់តែម្តង ហើយយើងចង់ឱ្យមានប្រព័ន្ធច្របាច់បញ្ចូលគ្នាច្បាស់លាស់»។
លោកបានពន្យល់ថា តំបន់នេះត្រូវបានជ្រើសរើសសម្រាប់ការពង្រីកកំពង់ផែជាទ្រង់ទ្រាយធំ ដោយសារកំពង់ផែ ដែលជាច្រកផ្លូវសមុទ្រដ៏សំខាន់របស់កោះបាលីភាគខាងត្បូង។ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានជ្រើសរើទីតាំងកំពង់ផែនេសាទបែបពាណិជ្ជកម្ម ដោយយកគំរូប្លង់កំពង់ផែទំនើបៗ ដូចជាកំពង់ផែនេសាទអន្តរជាតិ នៅអូស្ត្រាលី ជប៉ុន តួកគី អេស្ប៉ាញ និងតំបន់ផ្សេងៗក្នុងទ្វីបអឺរ៉ុប។
ក្រៅពីការជំរុញវិស័យជលផលរបស់ឥណ្ឌូណេស៊ី ការអភិវឌ្ឍកំពង់ផែនេសាទ នេះត្រូវបានរំពឹងថា នឹងបង្កើតការងារប្រមាណ២៥ ០០០កន្លែង។ ការធ្វើទំនើបកម្មកំពង់ផែនេសាទនេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព សម្រាប់សហគមន៍នេសាទនៅតាមតំបន់ឆ្នេរផ្សេងៗ ព្រមទាំងជួយដល់ឧស្សាហកម្មទេសចរណ៍កោះបាលី ដ៏ល្បីល្បាញទូទាំងពិភពលោក៕ (ផាន់ អាណា)







