ហាណូយ៖ អ្នកនាំចេញផលិតផលចំណីអាហាររបស់វៀតណាមកំពុងប្រឈមនឹងលក្ខខណ្ឌកាន់តែស្មុគស្មាញ ទាក់ទងនឹងសុវត្ថិភាពចំណីអាហារ ការតាមដានប្រភពទំនិញ វិញ្ញាបនបត្របញ្ជាក់ និងស្តង់ដារបរិស្ថាន ពីព្រោះទីផ្សារក្រៅប្រទេសកំពុងរឹតបន្តឹងការនាំចូល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម។
កត្តានេះអាចបង្កើនការចំណាយខ្ពស់ និងការពន្យារពេលនាំចេញ ប្រសិនបើទំនិញរបស់វៀតណាមខ្វះព័ត៌មានច្បាស់លាស់បញ្ជាក់ពីគុណភាព និងសុវត្ថិភាព។
ជាក់ស្ដែង ការរឹតបន្តឹងរបស់ប្រទេសឥណ្ឌូណេស៊ី សម្រាប់អាហារបញ្ជាក់ថា ហាឡាល់ (Halal) មានន័យថា ជាបន្ទុកនៃការអនុលោមតាមច្បាប់កាន់តែតឹងតែងចំពោះផលិតផលចំណីអាហារផលិតនៅប្រទេសវៀតណាម។
ប្រទេសឥណ្ឌូណេស៊ី បានសម្រេចក្នុងខែសីហា ឆ្នាំ២០២៦ ឱ្យរឹតបន្តឹងលក្ខខណ្ឌត្រួតពិនិត្យ និងផ្ទៀងផ្ទាត់សម្រាប់ផលិតផលហាឡាល់ ដែលគ្របដណ្តប់លើផលិតផលចំណីអាហារជាច្រើនមានប្រភពពីប្រទេសវៀតណាម។
ផលិតផលរបស់វៀតណាមដែលអាចរងផលប៉ះពាល់ រួមមានផលិតផលផ្អែម និងផលិតផលធ្វើពីគ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែកែច្នៃ និងផលិតផលអាហារសមុទ្រកែច្នៃ។
ពាក់ព័ន្ធនឹងស្តង់ដារសុវត្ថិភាពនេះ សហភាពអឺរ៉ុបបានរឹតបន្តឹងការត្រួតពិនិត្យសុវត្ថិភាពលើផលិតផលចំណីអាហារនាំចេញរបស់វៀតណាម ដោយនៅក្នុងឆ្នាំ២០២៤ បានចេញការព្រមានចំនួន១៣០ដង អំពីសំណល់ថ្នាំសម្លាប់សត្វល្អិតច្រើនពេក និងមានផ្ទុកមេរោគថែមទៀត ព្រមទាំងជាប់សង្ស័យថា មានការក្លែងបន្លំវិញ្ញាបនបត្រទទួលស្គាល់គុណភាពផលិតផល។
ចំណែកនៅឆ្នាំ២០២៣ វៀតណាមរងការព្រមានចំពោះសំណល់គីមីនៅលើផលិតផលកសិកម្ម និងចំណីអាហារមានចំនួន៣៨ដង ដោយសារមិនព្រមរៀង ទើបនៅឆ្នាំ២០២៤ បានទទួលរងការព្រមានកាតក្រហមកាន់តែច្រើនឡើងដល់១៣០ដង៕ (ផាន់ អាណា)







