បង់ក្លាដែស ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យជលផល និងបសុសត្វ ជាមួយអ៊ីតាលី

image_2026-09-28_14-25-43

ដាកា៖ ប្រទេសបង់ក្លាដែស កំពុងប្រឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសអ៊ីតាលី ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពលើវិស័យជលផល និងការចិញ្ចឹមសត្វ ដោយផ្តោតលើវារីវប្បកម្ម ការផលិតបសុសត្វ ជលផលសមុទ្រ និងសេដ្ឋកិច្ចបៃតង។

លោក ស៊ុងតង់ សាឡូឌីន ទូគូ (Sultan Salauddin Tuku) រដ្ឋមន្ត្រីទទួលបន្ទុកវិស័យជលផល និងបសុសត្វ បានបង្ហាញចំណាប់អារម្មណ៍បែបនេះក្នុងជំនួបទ្វេភាគីជាមួយលោក ល្វីហ្គី ដេរ៉ាម៉ូ​​ (Luigi D’Eramo) អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម អធិបតេយ្យភាពស្បៀងអាហារ និងរុក្ខាប្រមាញ់របស់អ៊ីតាលី កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការរបស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ក្នុងទីក្រុងរ៉ូម។

ដោយលើកឡើងពីតួនាទីដ៏សំខាន់របស់វិស័យជលផល និងបសុសត្វ ក្នុងការធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ ការងារ និងជីវភាពរស់នៅរបស់ប្រជាជនបង់ក្លាដែស លោក ស៊ុងតង់ សាឡូឌីន ទូគូ បានប្រាប់គូសន្ទនាថា អ្នកចិញ្ចឹមត្រី និងអ្នកចិញ្ចឹមសត្វ នឹងត្រូវដាក់បញ្ចូលក្នុងកម្មវិធី «ប័ណ្ណកសិករ» (Farmer Card) នាពេលឆាប់ៗខាងមុខ ដើម្បីឱ្យពួកគាត់ទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីរដ្ឋបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបង់ក្លាដែស ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីវារីវប្បកម្មប្រកបដោយចីរភាព ធន់នឹងការប្រែប្រួលអាកាសធាតុ និងផ្អែកលើបច្ចេកវិទ្យាថ្មីៗ។

លោកបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការជាមួយអ៊ីតាលី កាន់តែពង្រីកពង្រឹងបន្ថែមទៀត តាមរយៈការផ្ទេរបច្ចេកវិទ្យាទំនើប ការស្រាវជ្រាវ ការបណ្តុះបណ្តាលជំនាញឯកទេស និងការផ្លាស់ប្តូរចំណេះដឹង៕ (ផាន់ អាណា)


article 2 pic 1
ដើម្បីបានពន្ធសូន្សលើផ្លែចេក ហ្វីលីពីនសុខចិត្តបន្ថយពន្ធនាំចូលឡានជប៉ុន

ម៉ានីល៖ ហ្វីលីពីនកំពុងស្នើឱ្យជប៉ុនលុបចោលពន្ធនាំចូលផ្លែចេករបស់ខ្លួន ហើយហ្វីលីពីននឹងបន្ថយអត្រាពន្ធនាំចូលរថយន្តពីជប៉ុនជំនួសវិញ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចហ្វីលីពីន-ជប៉ុន ដើម្បីឱ្យពន្ធនាំចូល​ផ្លែចេកធ្លាក់ទានដូចប្រទេស​កម្ពុជា ឡាវ និង​វៀតណាមដែរ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហ្វីលីពីន លោកស្រី គ្រីស្ទីណា រូគេ (Cristina Roque) បាននិយាយថា រដ្ឋាភិបាលហ្វីលីពីនកំពុងស្នើឱ្យជប៉ុនទម្លាក់មកនៅពន្ធសូន្យ លើការនាំចេញផ្លែចេកទៅកាន់ប្រទេសជប៉ុន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីជាថ្នូររដ្ឋាភិបាលហ្វីលីពីន កាត់បន្ថយពន្ធលើរថយន្តជប៉ុននាំចូលមកហ្វីលីពីន។ បច្ចុប្បន្ន រថយន្តជប៉ុន ត្រូវជាប់ពន្ធនាំចូលក្នុងអត្រា២០ភាគរយ។ ទោះជាយ៉ាងណា រថយន្តម៉ាកជប៉ុនជាច្រើន ដែលលក់នៅហ្វីលីពីន បានទទួលការលើកលែងពន្ធរួចហើយ ដោយសាររថយន្តទាំងនោះត្រូវបានផលិតក្នុងស្រុក ឬនាំមកពីប្រទេសអាស៊ាន ដូចជា វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី។ ភាគីទាំងពីរកំពុងតែចរចាគ្នា ដើម្បីធ្វើបច្ចុប្បន្នភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចហ្វីលីពីន-ជប៉ុន ហើយការធ្វើវិសោធនកម្មអាចរួមបញ្ចូលការកែសម្រួលអត្រាពន្ធគយរវាងប្រទេសទាំងពីរ។ យោងតាមរបាយការណ៍ ហ្វីលីពីន គឺជាប្រទេសនាំចេញផ្លៃចេកធំជាងគេលំដាប់ទី២ នៅលើពិភពលោក។ ចំណែកប្រទេសជប៉ុន គឺជាទីផ្សារគោលដៅធំបំផុតសម្រាប់ផ្លែចេកហ្វីលីពីន។ ក្នុងឆ្នាំ២០២៦ ជប៉ុនយកពន្ធនាំចូលផ្លែចេកហ្វីលីពីន ក្នុងអត្រា១៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែមីនា និងអត្រាពន្ធ៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែកញ្ញា។ ប្រទេសជប៉ុន […]

tg_image_491454978
ជប៉ុនងាកទៅរកពូជស្រូវថ្មីធន់អាកាសធាតុ ​ ផ្តល់ទិន្នផល៦តោន ក្នុងមួយហិកតា​

តូក្យូ៖ ស្របពេលអាកាសធាតុក្នុងប្រទេសជប៉ុនកើនឡើងកម្ដៅជាងមុន នៅពេលនេះកសិករ​កំពុងងាក​ទៅរកពូជស្រូវ​ប្រភេទថ្មី ធន់នឹងអាកាសធាតុ​ ដែលអាច​បង្កើនទិន្នផលដំណាំដ៏សំខាន់មួយនេះ នៅចំពោះមុខ​ស្ថានភាពអាក្រក់នៃអាកាសធាតុ។ ពូជថ្មីនោះ មានឈ្មោះថា ហ៊ីណាតាម៉ារុ (Hinatamaru) ជាពូជស្រូវមួយប្រភេទ ដែលគ្រាប់របស់វា​នៅតែ​អាចរីកធំធាត់​ បើទោះបីជា​អាកាសធាតុក្ដៅ ហើយស្ងួតក្ដី។ អាកាសធាតុក្ដៅ និងស្ងួតនេះហើយ ជា​លក្ខខណ្ឌគំរាមកំហែងខ្លាំងដល់ការ​លូតលាស់របស់ស្រូវ ក៏ដូចជាទិន្នផលស្រូវ។ ក្នុងដំណាក់កាល​ដាំសាកល្បង ពូជស្រូវនេះបានផ្ដល់ផល​ប្រមាណប្រាំមួយតោន​ក្នុងមួយហិកតា ដែល​ជា​ទិន្នផល​ខ្ពស់ជាង​ពូជទូទៅប្រមាណ១,៥ដង ហើយនៅពេលនេះ ការដាំដុះបានពង្រីកផ្ទៃដីរហូតដល់ទៅ១ ៤០០ហិកតា។ ពូជស្រូវនេះ កំពុងផ្ដល់ក្ដីសង្ឃឹមថ្មីដល់កសិករ​នៅទូទាំងប្រទេសជប៉ុន ក្នុងការ​ជម្នះជាមួយនឹង​លក្ខខណ្ឌអាកាសធាតុ ដែលមិនអំណោយផលសម្រាប់ពូជស្រូវផ្សេងៗ។ អ្នកបច្ចេកទេស និងកសិករ​នៅប្រទេសជប៉ុន បាន​អភិវឌ្ឍពូជស្រូវធន់នឹងកម្ដៅនេះ ដោយឆ្លងកាត់ការ​បង្កាត់ពូជជាមួយនឹងពូជស្រូវមានស្រាប់​ ចំណែកការ​ដាំដុះនៅក្នុងបរិយាកាស​ ដែលមានការគ្រប់គ្រងត្រឹមត្រូវ ហើយ​បន្ទាប់មក យកមកដាំនៅក្នុងវាលស្រែពិតប្រាកដ។ កាលពីពេលថ្មីៗនេះ អ្នកជំនាញបានព្រមានថា ដំណាំសំខាន់ចំនួនបួននៅក្នុងប្រទេសជប៉ុន រាប់ទាំងស្រូវ និងដំឡូងផ្អែមផង កំពុងប្រឈមនឹង​ហានិភ័យ ដោយសារ​អាកាសធាតុក្ដៅអូសបន្លាយពេលយូរពេក៕ (ជា មករា)

image_2026-09-25_11-51-41
ហ្វីលីពីនប្តឹងក្រុមហ៊ុនឯកជន និងមន្ត្រីគយ ពីបទលួចនាំចូលបន្លែដោយខុសច្បាប់

ម៉ានីល៖ ការិយាល័យគយហ្វីលីពីន បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ ប្តឹងមនុស្ស១៤នាក់ រួមមានបុគ្គលិកគយ និងក្រុមហ៊ុនពាណិជ្ជកម្មមួយ ពាក់ព័ន្ធនឹងការលួចនាំចូលបន្លែដោយខុសច្បាប់ មានតម្លៃជាទឹកប្រាក់ប្រមាណ ២៨ ម៉ឺនដុល្លារ ដោយប្រកាសបន្លំថា ជាភ្លៅមាន់ចៀន។ ទំនិញខុសច្បាប់នេះ រួមមាន ខ្ទឹមបារាំងស្រស់ជាង១៥ ០០០បាវ និងការ៉ុតស្រស់ជាង២ ០០០ប្រអប់ ដែលនាំចូលកាលពីខែមិថុនា ឆ្នាំ២០២៥ ដោយរំលោភច្បាប់ និងគ្មានលិខិតបញ្ជាក់ពីភូតគាមអនាម័យ។ ប្រធានការិយាល័យគយ ហ្វីលីពីន​ បានដឹកនាំដាក់ពាក្យបណ្តឹងប្តឹងមន្ត្រីគយ និងបុគ្គលិក្រុមហ៊ុននាំចូល នៅក្នុងប្រាំមួយសំណុំរឿង បញ្ជូនទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីទាមទារឱ្យផ្តន្ទាទោសក្រុមហ៊ុននាំចូល ឈ្មួញកណ្តាល ព្រមទាំងមន្ត្រីគយត ពាក់ព័ន្ធនឹងការបន្លំនាំចូលទំនិញកសិកម្មដោយខុសច្បាប់។ មន្ត្រីគយ ដែលសង្ស័យមានជាប់ពាក់ព័ន្ធនឹងការលួចនាំចូលនេះ កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទ ធ្វេសប្រហែសដោយចេតនាចំពោះភារកិច្ច និងបទអនុញ្ញាតឱ្យបុគ្គលផ្សេងទៀតរំលោភច្បាប់ ដោយការធ្វេសប្រហែស ឬដោយចេតនា។ ភ្នាក់ងារសម្ងាត់ និងភ្នាក់ងារស៊ើបអង្កេតគយ ក៏បានផ្តល់អនុសាសន៍ឱ្យចាត់វិធានការរដ្ឋបាលប្រឆាំងមន្ត្រី និងបុគ្គលិកគយ​ ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ រួមមានអ្នកត្រួតពិនិត្យទំនិញ អ្នកវាយតម្លៃទំនិញ និងបុគ្គលិកនៅផ្នែកស៊ើបការណ៍ និងផ្នែកថតកាំរស្មីអិក្ស។ តាមច្បាប់ហ្វីលីពីន ការលួចនាំចូលផលិតផលកសិកម្ម អាចត្រូវបានចាត់ទុកថា ជាការបំផ្លាញសេដ្ឋកិច្ច ប្រសិនបើតម្លៃទំនិញកសិកម្មលួចនាំចូលនោះ មានតម្លៃលើស១០លានប៉េសូ ឬស្មើនឹង១៦ម៉ឺនដុល្លារ […]

image_2026-09-25_10-02-39
បង់ក្លាដែស ចាប់ចោរលួចជី៣០តោន ប្រុងនាំចេញឆ្លងដែនទៅភូមា

ដាកា៖ បុរសពីរនាក់ត្រូវសមត្ថកិច្ចបង់ក្លាដែសចាប់ខ្លួន ព្រមទាំងរឹបអូសបានជីអ៊ុយរ៉ាចំនួន៦០០បាវ  ដែលសង្ស័យថា កំពុងលួចដឹកស្លងដែនទៅប្រទេសភូមា នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ មេបញ្ជាកាឆ្មាំសមុទ្របង់ក្លាដែស បានបញ្ជាក់ពីការចាប់ខ្លួននេះ ព្រមទាំងសន្និដ្ឋាថា ជីទាង៦០០បាវ មានទម្ងន់សរុបរហូតដល់៣០តោន និងគិតជាទឹកប្រាក់ជិតមួយសែនដុល្លារ។ មេបញ្ជាការរូបនេះ បានឱ្យដឹងទៀតថា ក្រុមឆ្មាំសមុទ្របានធ្វើប្រតិបត្តិការស្ទាក់ចាប់បានភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ នៅវេលាប្រមាណម៉ោង១២ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកញ្ញានេះ។ ក្រុមទាហានការពារព្រុំដែន បានស្ទាក់ចាប់រថយន្តដឹកជីចំនួនពីរគ្រឿង និងចោរពីរនាក់ នៅពេលកំពុងផ្ទេរជីដាក់លើទូកមួយគ្រឿង ដើម្បីលួចនាំចេញទៅលក់ក្នុងប្រទេសភូមា។ កងឆ្មាំសមុទ្របានរឹបអូសជីអ៊ុយរ៉ាចំនួន៦០០បាវ មានទម្ងន់សរុប៣០តោន មានតម្លៃប្រមាណ១៧ ០០០ដុល្លារ ព្រមទាំងចាប់យករថយន្តដឹកទំនិញពីរគ្រឿង ដែលប្រើប្រាស់ក្នុងសកម្មលួចនាំចេញជី នៅពេលប្រទេសកំពុងជួបកង្វះខាត។ មេបញ្ជាការរូបនេះ បាននិយាយថា អង្គភាពរបស់ខ្លួនកំពុងបន្តស៊ើបអង្កេតរកបណ្ដាញពាក់ព័ន្ធ និងកសាងសំណុំរឿងបញ្ជូនខ្លួនចោរលួចជីទាំងពីរនាក់នេះ ទៅតុលាការ។ ចាប់តាំងពីផ្ទុះសង្គ្រាមអ៊ីរ៉ង់ និងការបិទច្រកសមុទ្រហ័រមុស (Hormuz) មិនឱ្យវានាឆ្លងកាត់ បានធ្វើឱ្យការផ្គត់ផ្គង់ជីលើពិភពលោកធ្លាក់ចុះ ហើយជំរុញឱ្យតម្លៃអ៊ុយរ៉េកើនឡើងថ្លៃយ៉ាងខ្លាំង ស្របពេលតម្លៃធាតុចូលកសិកម្មនៅលើពិភពលោកត្រូវចំណាយថ្លៃដើមផលិតកាន់តែឡើងខ្ពស់ ចំណែកកសិករខ្លះទៀត បានកាត់បន្ថយការប្រើប្រាស់ជីសម្រាប់ដំំណាំរបស់ខ្លួន​ ដែលធ្វើឱ្យទិន្នផលដំណាំធ្លាក់ចុះបង្កផលប៉ះពាល់ដល់សន្តិសុខស្បៀងសកល៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ