កូឡុំបូ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ADFIAP លើកទី១០០ នៅក្រុងកូឡុំបូ ប្រទេសស្រីលង្កា ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមរបស់សមាគម។
កិច្ចប្រជុំនេញផ្តោតលើរបៀបវារៈសំខាន់ៗ រួមមាន ទី១) ការរាយការណ៍ពីសមិទ្ធផលការងារ ក្នុងឆ្នាំ២០២៥ ដូចជា ការកសាងសមត្ថភាពសមាជិក, ការជំរុញបរិវត្តកម្មបច្ចេកវិទ្យា ដើម្បីគាំទ្រដល់សមាជិក និងការសហការនានាក្នុងការជំរុញការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព។ ទី២) គំនិតផ្តួចផ្តើមនៃការជំរុញភាពជាដៃគូយុទ្ធសាស្រ្ត។ ទី៣) ការរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តគំនិតផ្តួចផ្តើមនៃក្រុមការងារពិសេស (Special Interest Group), និងទី៤) ការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធាន ADFIAPសម្រាប់អាណត្តិ២០២៦-២០២៩។
ជាលទ្ធផល, ក្នុងឆ្នាំ២០២៥ ADFIAP សម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសលើការជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្រ្ត, ការពង្រឹងសមត្ថភាពសមាជិក។ ក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិត កៅ ថាច តំណាងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបោះឆ្នោតជាប្រធានសមាគមគ្រឹស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកជាថ្មី សម្រាប់អាណិត្តឆ្នាំ២០២៦-២០២៩ ដោយសំឡេងភាគច្រើនលេីសលប់ ដែលលទ្ធផលនៃការបោះឆ្នោតនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់សមាជិកសមាគម ADFIAP ចំពោះភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តរបស់ឯកឧត្តមបណ្ឌិត ក្នុងការជំរុញបេសកកម្មរបស់សមាគមប្រកបដោយចក្ខុវិស័យ។
គួរបញ្ជាក់ផងដែរថា សមាគម ADFIAP គឺជាថ្នាលនៃបណ្តាញស្ថានប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលរួមចំណែក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ សមាគមនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៦ ដែលបច្ចុប្បន្នមានសមាជិកមកពីជាង៤៥ប្រទេស៕










