វៀតណាម៖ តម្លៃផ្លែស្រកានាគវៀតណាម នៅកម្រិតកសិដ្ឋាន ក្នុងខេត្តតំបន់ខ្ពង់រាបកណ្តាលប្រទេសវៀតណាម បានធ្លាក់ចុះដល់៩០ភាគរយ និងតម្លៃចុះថោកមកនៅត្រឹម២,៧សេនដុល្លារ ឬស្មើនឹង៩៦០រៀល ក្នុងមួយគីឡូក្រាម ដោយសារជោរជាន់ទីផ្សារខ្លាំងពេក។
កសិករវៀតណាមម្នាក់ បានប្រមូលផលផ្លែស្រកានាគចំនួន៣តោន ហើយឈ្មួញបានទិញតែផ្លែល្អៗចំនួន១,៥ តោន សម្រាប់នាំចេញទៅប្រទេសចិន ដោយឱ្យតម្លៃដល់កសិករត្រឹម១៩សេនដុល្លារ ឬស្មើនឹង៧៦០រៀល ក្នុងមួយគីឡូក្រាម ចំណែកផ្លែនៅសល់ លក់បានតម្លៃត្រឹម២សេនដុល្លារ ឬស្មើនឹង៨០រៀល ក្នុងមួយគីឡូក្រាម ប៉ុណ្ណោះ។
ចំណែកកសិករម្នាក់ទៀត បាននិយាយថា បើឈ្មួញឱ្យតម្លៃត្រឹម២៧សេនដុល្លារ ក្នុងមួយគីឡូក្រាម គឺមិនគ្រប់គ្រាន់សម្រាប់ថ្លៃដើមផលិតឡើយ រួមមានថ្លៃជី កម្លាំងពលកម្ម ថ្លៃទឹក និងថ្លៃថាមពលអគ្គិសនី។
កសិករវៀតណាមនិយាយថា ជាធម្មតាផ្លែស្រកានាគ អាចលក់បានតម្លៃប្រហែល៦៥សេនដុល្លារ ឬស្មើនឹង២ ៦០០រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែនៅក្នុងខែកញ្ញា ឆ្នាំ២០២៦តម្លៃបានធ្លាក់ចុះហៅលែងឮតែម្តង ធ្វើកសិករដេកជូតទឹកភ្នែក។
ប្រធានសមាគមផ្លែស្រកានាគវៀតណាម បានចាត់ទុកការធ្លាក់ចុះនៃតម្លៃនេះថា បណ្តាលមកពីការកើនឡើងនៃការប្រមូលផលព្រមគ្នា ធ្វើឱ្យផ្លែស្រការនាគជោរជន់លើទីផ្សារ។ ចំណែក ប្រទេសចិន ដែលធ្លាប់តែជាទីផ្សារនាំចេញដ៏សំខាន់របស់ផ្លែស្រកានាគវៀតណាម កំពុងពង្រីកការដាំដុះផ្លែរបស់ខ្លួនផងដែរ។
គ្រាន់តែក្នុងខេត្ត ឡំដុង (Lâm Đồng) មួយរបស់ប្រទេសវៀតណាម មានផ្ទៃដីដាំផ្លែស្រកានាគជាង២៦ ០០០ហិកតា និងទទួលបានទិន្នផលប្រចាំឆ្នាំ ប្រហែល៥សែនតោន។
ផ្លែស្រកានាគរបស់វៀតណាម ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិជាង២០ប្រទេស រួមមានប្រទេសឥណ្ឌា និងអេមីរ៉ាតអារ៉ាប់រួម ដែលជាទីផ្សារធំជាងគេ៕ (ផាន់ អាណា)







